មួយឆ្នាំក្រោយនៃព្រឹត្តិការណ៍ វ៉េងស្រេង៖ ឯណាទៅ«យុត្តិធម៌»?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 03, 2015
- ប្រធានបទ: ខួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកទល់នឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមិនទាន់បានប្រកាស ពីលទ្ធផលនៃការស៊ើបអង្កេត ពីការបាញ់ប្រហារ មកលើហ្វូងកម្មករ ដែលបានកើតឡើងកាលពីមួយឆ្នាំមុន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនៅឡើយ។ ព្រឹត្តិការណ៍បាញ់ប្រហារ ដោយកម្លាំងចម្រុះរបស់អាជ្ញាធរ នៅតាមដងវិថី វ៉េងស្រេង នោះ បានប្រើប្រាស់នូវអាវុធគ្រាប់«ពិត» បាញ់បង្ក្រាបលើហ្វូងកម្មករ ដែលបានធ្វើកូដកម្ម ទាមទារដំឡើង«ប្រាក់»ឈ្នួលអប្បបរមា រហូតបណ្តាលឲ្យមានស្លាប់ប្រមាណជា៥នាក់ និងមានរបួស ព្រមទាំងបាត់ខ្លួនជាច្រើននាក់។
ហេតុការណ៍ដ៏អាក្រក់បានកើតឡើង នៅថ្ងៃ៣ ខែមករា ឆ្នាំ២០១៤ កន្លងផុតមួយឆ្នាំទៅហើយ តែវាហាក់ដូចជានៅថ្មីៗ និងនៅនឹងភ្នែកស្រស់ៗនៅឡើយ សម្រាប់ក្រុមកម្មករ ក្រុមសហជីព និងអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលធ្វើការស្និតជាមួយកម្មករ និងដើម្បីសិទ្ធិរបស់ពួកគេ។ ក្នុងខួបមួយឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល រួមទាំងសមាគម និងសហគមន៍ជាតិ ប្រមាណជា ៣៦ ស្ថាប័ន បានរួមគ្នាប្រារព្ធពិធី«ខួបមួយឆ្នាំ»នៃការបាញ់ប្រហារលើហ្វូងបាតុករ នៅផ្លូវវ៉េងស្រេង នៅថ្ងៃសៅរ៍ទី៣ ខែមករា ដើម្បីរំលឹកដល់អ្នកបាត់បង់ជីវិត អ្នករបួស អ្នកបាត់ខ្លួន និងអ្នកត្រូវបានចាប់ខ្លួន ដោយគ្មានមូលហេតុ។
សេចក្ដីថ្លែងការណ៍រួមនៃអង្គការ សង្គមស៊ីវិល បានធ្វើការរំលឹក និងថ្គោលទោសដល់អាជ្ញាធររដ្ឋាភិបាល ដែលមិនចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសមកដាក់ទោស និងជំរុញឲ្យស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ សេចក្ដីថ្លែងការណ៍រួមដែលបានចេញផ្សាយក្នុងថ្ងៃទី១ ខែ មករា ឆ្នាំ២០១៥ នេះក៏បានស្នើដល់អាជ្ញាធររដ្ឋាភិបាល ឲ្យបន្តស្វែងរកជនដៃដល់«ពិតប្រាកដ»មកផ្តន្ទាសទោសតាមច្បាប់ ដើម្បីយុត្តិធម៌សង្គម និងបំបាត់«នីទណ្ឌភាព»នៅកម្ពុជា។
សម្រាប់មន្ត្រីឯកទេសខាងស៊ើបអង្គេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានថ្លែងក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា រូបភាពបង្ក្រាបយ៉ាងសាហាវ និងឃោឃៅរបស់កងកម្លាំងប្រដាប់អាវុធរបស់ជាតិ ទៅលើកម្មករនៅបណ្តោយផ្លូវវ៉េងស្រេង បានធ្វើឲ្យលោករកនឹកពុំយល់ រហូតមកដល់ថ្ងៃនេះ។ មន្រ្តីសិទ្ធិមនុស្សរូបនេះបានបន្តថា ទង្វើនៅថ្ងៃទី០៣ ខែមករា ឆ្នាំមុនេះ មានលក្ខណៈហាក់បីដូចជាបានរៀបចំរចនាសម្ព័ន្ធជាមុន ក្នុងការបង្ក្រាបទៅលើហ្វូងអ្នកតវ៉ាជាកម្មករទាំងនោះ។
លោក នី ចរិយា បានថ្លែងអះអាងថា បើរដ្ឋាភិបាលនៅព្រងើយកន្តើយ ចំពោះភាពយុត្តិធម៌សម្រាប់អ្នកដែលស្លាប់ បាត់ខ្លួន និងអ្នកដែលចាប់ខ្លួនទាំងនោះទៀត រដ្ឋាភិបាលមួយនេះ នឹងរងនូវបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ សូមអានកិច្ចសម្ភាសនេះទាំងស្រុង នៅក្នុងអត្ថបទលើកក្រោយ របស់ទស្សនាវដ្ដី។
ដោយឡែក នៅទីលានប្រជាធិបតេយ្យក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥នេះ គណបក្សសង្គ្រោះជាតិ ក៏បានរៀបចំពីធីបង្សុកូល គោរពដល់វិញ្ញាណខណ្ឌអ្នកស្លាប់ ដោយការបាញ់ប្រហារនោះ នៅផ្លូវវ៉េងស្រេងនេះដែរ។ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានថ្លែងក្នុងសន្និសិទសាព័តមានកន្លងមកថា គណបក្សលោកបានស្នើបណ្តឹង ពីករណីនេះទៅកាន់តុលាការអន្តរជាតិ ចោទប្រកាន់រដ្ឋាភិបាល ពីបទ«ឧក្រិដ្ឋកម្មកម្មប្រឆាំងនឹងមនុស្សជាតិ» ដោយយោងតាមសកម្មភាពដឹកនាំផ្ទាល់ នៃការបង្ក្រាបរបស់អាជ្ញាធររដ្ឋាភិបាល នាពេលនោះ។ ប៉ុន្តែ រហូតមកដល់ម៉ោងនេះ សម្ដីនោះមិនមានឃើញលេចចេញជាលទ្ធផលអ្វីឡើយ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤មកនោះ៕
សូមអានអត្ថបទទាក់ទង៖
» អ្នកនយោបាយខ្មែរ គ្មាន«ទំនួលខុសត្រូវ»ចំពោះពលរដ្ឋខ្លួនឯង?
» បក្សសង្រ្គោះជាតិ ប្ដេជ្ញាវែកមុខអ្នកបាញ់កម្មករ
» ការបង្ក្រាបនៅវេងស្រេង៖ ស្ថាប័នអាជ្ញាធរ ៣ ធ្វើការ«បញ្ច្រាស»គ្នា?
» អ្នកវិភាគ៖ ហេតុផល៥យ៉ាងដែលជំរុញឲ្យ ហ៊ុន សែន ប្រើកាំភ្លើងគ្រាប់ពិតបាញ់កម្មករ
» សង្គមស៊ីវិលជាង៦៥ ថ្កោលទោសរដ្ឋាភិបាល ពីការប្រើកម្លាំងប្រដាប់អាវុធប្រឆាំងពលរដ្ឋ
» ៥នាក់ស្លាប់ ជាង២០នាក់របួស ក្នុងការបង្ក្រាបពួក«អនាធិបតេយ្យ»?
» កងកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមកម្មករនៅផ្លូវវេងស្រេង មានស្លាប់របួស
» អង្គការជាតិ-អន្តរជាតិ សុំព្រះមហាក្សត្រអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យឈប់ប្រើហិង្សា
» បទអង្កេត៖ «បាតដៃទីបី»របស់ ហ៊ុន សែន បង្ហាញរូបរាងហើយ?
» បក្សសង្គ្រោះជាតិ និងបក្សប្រជាជន យកត្រូវរៀងខ្លួនចំពោះអំពើហិង្សា