វន់ ពៅ ត្រូវយកទៅព្យាបាលនៅប្រទេសថៃ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីអង្គការលីកាដូពិនិត្យឃើញថា ស្ថានភាពសុខភាពរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពធ្ងន់ធ្ងរមក អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជាមួយនេះ បានសម្រេចថា នឹងជ្រោមជ្រែងបញ្ជូនលោក វន់ ពៅ ទៅព្យាបាលជម្ងឺនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ។
លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - លោកវន់ ពៅ ដែលត្រូវបានតុលាការទើបសម្រេចឲ្យនៅក្រៅឃុំ បានឲ្យដឹងថា លោកចាំបាច់ត្រូវថតមើលក្បាល ព្រោះរបួសផុងលលាដ៏ក្បាល ដែលត្រូវកងទាហានឆ័ត្រយោង៩១១វាយឲ្យរបួស កំពុងងើបរើឡើងវិញ ដែលធ្វើឲ្យលោក តែងមានអាការៈឈឺក្បាល និងស្រវាំងផ្នែក។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដដែលបន្តថា ជម្ងឺក្រលៀន ជម្ងឺក្រពះ ជម្ងឺក្រំក្នុង និងស្មារតីមិនទាន់ប្រក្រតី ដែលខកខានមិនបានព្យាបាលអំឡុងពេលឃុំខ្លួននោះ គឺត្រូវជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យឡើងវិញ។ លោកវន់ ពៅ បញ្ជាក់ថា៖ «ខ្ញុំមានជម្ងឺគ្រាំក្នុង ដោយសារទាហានវាយដំច្រំធាក់ខ្លាំងពេក ចេះតែឈឺក្នុងខ្លួន និងថប់ដង្ហើមម្តងៗ។»
ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤នេះលោក វន់ ពៅ ឲ្យដឹថា ក្រោមការជ្រោមជ្រែង ពីសំណាក់អង្គការលីកាដូ និងសប្បុរសជន មានមនុស្សបីនាក់ទៀត គឺលោក ចាន់ ពុទ្ធិស័ក្ត - ខេង សាវឿន និង យ៉ង សំអ៊ន ក៏នឹងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ជាមួយលោកផងដែរ ខណៈកម្មករផ្សេងទៀត មិនមានស្ថានភាពសុខភាពធ្ងន់ធ្ងរនោះទេ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ២២នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពកាលពីចុងខែឧសភា ឆ្នាំ២០១៤។ ការដោះលែងដែលធ្វើឡើង បន្ទាប់ពីតុលាការជំនុំជម្រះ ក្រោយពីសមត្ថកិច្ចចម្រុះរដ្ឋាភិបាលឃាត់ខ្លួនពួកគេ អំឡុងពេលតវ៉ាទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក នៅមុខរោងចក្រ យ៉ាកជីង និងផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤។
បើទោះជាសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំក៏ដោយ ក៏លោក វន់ ពៅ ជាសកម្មជនហ៊ានចេញមុខទាមទារប្រាក់ឈ្នួលឲ្យកម្មករ បានត្អូញត្អែរថា៖ «មកដល់ពេលនេះ ខ្ញុំមិនទាន់ជ្រះស្រឡះ រឿងអយុត្តិធម៌នៅឡើយទេ គេនៅព្យួរទោសយើង មិនទាន់មានសិទ្ធិសេរីភាពពេញលេញនៅឡើយទេ។ យើងដឹងហើយប្រទេសកម្ពុជា កាលណាគេចង់ធ្វើអ្វី គេអាចធ្វើបានភ្លាម។ ដូច្នេះយើងគិតថា យើងធ្វើការដោយប្រុងប្រយ័ត្នជាទីបំផុត សព្វថ្ងៃនេះ៕»