ភរិយា វ៉ន ពៅ បារម្ភពីសុខភាពស្វាមី នៅក្នុងពន្ធនាគារ
«មហារីកដុំសាច់នៅក្រលៀន ទើបតែវះបាន៤ខែ និងពងបែកក្នុងពោះវៀនជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងទ្រុឌទ្រោមរបស់លោក វ៉ន ពៅ ដែលអាចញុំាបានត្រឹមតែបាយទន់ ត្រីស្ងោរ និងចំហុយតែប៉ុណ្ណោះ» នេះជាសំដីរបស់អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)
ជីវិតមេសហជីព - ការលើកឡើង ពីសុខភាពរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានថ្លែងឲ្យដឹងដោយអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាអាយុ៣០ឆ្នាំរបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការសមាគម កាលពីព្រឹកថ្ងៃទី១០ ខែមករានេះ។ លោក វន ពៅ ដែលកំពុងជាប់ឃុំនៅគុកត្រពាំងថ្លុក ក្នុងខេត្តកំពង់ចាម ជិតព្រំដែនប្រទេសវៀតណាម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ត្រូវបានកងកំលាំងប្រដាប់អាវុធ និងកងឆ័ត្រយោងលេខ ៩១១ ចាប់ខ្លួនតាំងពីថៃ្ងទី២ ខែមករាកន្លងទៅនេះ នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ខណៈពេលមានបាតុកម្ម ទាមទារប្រាក់ខែ១៦០ដុល្លា យ៉ាងខ្លាំងក្លាពីសំណាក់ក្រុមកម្មករ។ លោក វន ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទញុះញង់ប្រើអំពើហឹង្សា និងចោទប្រកាន់ពីបទល្មើសមាត្រា ២១៨ និង៤១៤ នៃក្រមព្រហ្មទណ្ឌ (ហិង្សាដោយចេតនា និងការបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនាដោយមានស្ថានទង្ងន់ទោស)។
អ្នកស្រី ប្រាក់ សុវណ្ណារី បានថ្លែងឲ្យដឹងទៀតថា លោក វ៉ន ពៅ មិនត្រូវបានអនុញ្ញាតអោយនិយាយស្តី ឬឆ្លងឆ្លើយជាមួយអ្នកដែលជាប់ក្នុងឃុំដទៃទៀតទេ ដោយឆ្មាំគុកទាំងនោះអះអាងថានេះជា«បទបញ្ជាថ្នាក់លើ»។ បើទោះជាការជួបគ្នាមានត្រឹមតែ២ដង និងម្ដងមានរយៈពេល១៥នាទីនេះក៏ដោយ ក៏ភរិយាលោក វន ពៅ រូបនេះ នៅតែឆ្លៀតឱកាស ផ្តល់ជាកម្លាំងចិត្តអោយស្វាមីអ្នកស្រី ហើយប្ដេជ្ញាតស៊ួជាបន្ត ដើម្បីទាមទាររកយុត្តិធម៌ជូនលោកអោយទាល់តែបាន។
អ្នកស្រីបានអំពាវនាវ ទៅកាន់អង្គការក្រៅរដ្ឋាភិបាលនានា ក៏ដូចជាសហភាពអឺរ៉ុប ឲ្យដាក់សំពាធលើរដ្ឋាភិបាល ដើម្បីដោះលែងស្វាមីរបស់អ្នកស្រី និងមនុស្ស២២នាក់ទៀតដោយគ្មានលក្ខខណ្ឌ ព្រោះតែអ្នកស្រី បានអះអាងថា ពួកគេទាំងនោះមិនមានកំហុសអ្វីឡើយ។
សូមបញ្ជាក់ដែរថា សន្និសីទសារព័ត៌មានខាងលើ ត្រូវបានរៀបចំចាត់ចែងឡើង ដោយសមាគមចំនួនប្រាំពីរផ្សេងគ្នា ដែលសុទ្ធតែធ្វើការស្និតនឹង កម្មករ កសិករ មន្ត្រីរាជការ និងសិទ្ធិមនុស្ស។ សន្និសីទសារព័ត៌មាននេះ ផ្ដោតសំខាន់លើគោលជំហរ និងការជជែកពិភាក្សាលើប្រធានបទ ទាមទារអោយមានការដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ បពា្ឈប់អំពើហឹង្សា និងទាមទារប្រាក់ឈ្មួល១៦០ដុល្លារ សម្រាប់កម្មករគ្រប់វិស័យ។
ជុំវិញការចាប់ខ្លួនប្រធានសមាគម និងបណ្ដាជនផ្សេងទៀត ក្នុងអំឡុងនៃការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែមករានេះ អង្គការជាតិ និងអន្តរជាតិជាច្រើន សម្ដែងប្រតិកម្មដោយបានចាត់ទុក ថានោះជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ធ្ងន់ធ្ងរ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានវាយតម្លៃដែរថា សកម្មភាពបង្ក្រាបរបស់កងកម្លាំងបញ្ជាដោយរដ្ឋាភិបាលនេះ បានធ្វើឲ្យដើរថយក្រោយ នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងមានភាពផុយស្រួយស្រាប់៕
---------------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤