ជម្លោះអាត់ ធន់-អ៊ុំ វិសាល៖ អ្នកនៅពីក្រោយ ធ្វើឱ្យស៊ីខៅឌូចុះខ្សោយ?
ជម្លោះផ្ទៃក្នុង របស់សម្ព័នសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ រវាង លោក អាត់ ធន់ និងលោក អ៊ុំ វិសាល បានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍មួយ។ តែជម្ឈដានទូទៅដែលបានតាមដានបញ្ហានេះ បានយល់ថា បញ្ហានេះជាការបំបែកបំបាក់ផ្ទៃក្នុង របស់អ្នកនយោបាយ ដើម្បីធើ្វអោយសហជីពមួយនេះធ្លាក់ចុះខ្សោយ។
លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)
ជម្លោះផ្ទៃក្នុង - មន្ត្រីជាន់ខ្ពស់មួយរូប ពីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដែលបានតាមដានវិវាទនៅក្នុងសហជីព ស៊ីខៅឌូ រហូតមក បានថ្លែងពីការកត់សម្គាល់របស់លោកថា រាល់ការធ្វើសន្និសិទកាសែត ឬសេចក្តីថ្លែងការណ៍ណាមួយរបស់លោក អ៊ុំ វិសាល តែងមានការផ្សព្វផ្សាយ នៅតាមទូរទស្សន៏ និងបណ្តាញសារព័ត៌មានយ៉ាងទូលំទូលាយ។ បញ្ហានេះ គ្រប់គ្រាន់នឹងអាចបញ្ជាក់ឲ្យឃើញ ថាមានអ្វីដែលនៅពីក្រោយខ្នង ក្នុងការធ្វើអោយ ស៊ីខៅឌូ មានបញ្ហា។
សហជីព ស៊ីខៅឌូ បានដើរតួរយ៉ាងសំខាន់ និងបានចូលរួមយ៉ាងខ្លាំងក្លា នៅក្នុងរលកកូដកម្ម ក៏ដូចជាការចរចាទាមទារ របស់កម្មករនានា ក្នុងពេលកន្លងមក។ សហជីព ស៊ីខៅឌូ ដែលដឹកនាំដោយ លោក អាត់ ធន់ នេះដដែល ក៏បានចេញមុខបដិសេធមិនទទួលយក ការផ្ដល់ប្រាក់ខែគោល តែ៩៥ ដុល្លា នៅក្នុងកិច្ចប្រជុំជាមួយក្រសួងការងារកាលពីចុងខែធ្នូរឆ្នាំទៅម៉ិញ ហើយបន្ទាប់មក បានប្ដេជ្ញាបន្តការតវ៉ាទាមទារ ឲ្យតម្លើងប្រាក់ខែគោលរបស់កម្មករនយោជិក រហូតដល់ ១៦០ ដុល្លារ មកដល់សព្វថ្ងៃ។
កន្លងទៅថ្មីៗនេះ សហជីព ស៊ីខៅឌូ ក៏បានចូលរួមអំពាវនាវ ឲ្យមានការធ្វើកូដកម្មជាទូទៅមួយនៅបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ពីសំណាក់កម្មករនយោជិក ដើម្បីបន្តបុព្វហេតុទាមទារប្រាក់ខែគោល ១៦០ ដុល្លារ និងទាមទារឲ្យដោះលែងជនជាប់ឃុំ«ដោយមិនទាន់មានទោស»ទាំង២១នាក់នោះផង។ ជនទាំង២១ ដែលត្រូវបានអ្នកផងចាត់ទុកថា ជាកូន«ជឹងនយោបាយ»របស់រដ្ឋាភិបាល និងនយោជក ដើម្បីគម្រាមទៅដល់ចលនាទាមទារផ្សេងៗ នៅកម្ពុជា។
លោក ណៃ វង់ដា បានបន្តថា៖ «ដូចជាមានការជួនគ្នា ហាក់ដូចជាមានរឿងនយោបាយអីមួយ នៅខាងក្រោយ។ (...) អ្នកដែលនៅពីក្រោយខ្នង ដែលធ្វើឱ្យស៊ីខាវឌូមានបញ្ហានេះ គឺអ្នកនយោបាយ ព្រោះបណ្តឹងរបស់ស៊ីខាវឌូ ដែលគាំទ្រខាងរដ្ឋាភិបាល និងគាំទ្រខាងក្រុមរោងចក្រហ្នឹង មានការចាត់វិធានការភ្លាមៗ ដោយតុលាការរាជធានី។»
លោក អាត់ ធន់ បានទម្លាក់ ការទទួលខុសត្រូវ នៃការដាក់ពាក្យបណ្ដឹង របស់អតីតមន្ត្រីស្ថាបនិក របស់សហជីពលោក ថាមានបំណងចង់ឲ្យស៊ីខៅឌូ ធ្លាក់ចុះខ្សោយ។ លោកបាននិយាយថា «រឿងកម្មករអ៊ីហ្គាមិន វាជារឿងឯកជនរបស់គាត់។ តែរឿងសំខាន់គឺរឿងយកលសរបស់ពួកហ្នឹង ដើម្បីធ្វើអោយវាធំ ដើម្បីបង្ករឿង ឱ្យស៊ីខៅឌូធ្លាក់ចុះ ព្រោះអីពួកយើងកំពុងទាមទារប្រាក់ឈ្នួល ជំរុញអោយដោះស្រាយរឿងអ្នកទាំង២១នាក់ និងមានទាមទារអីៗខាងមុខទៀត។»
លោក អាត់ ធន់ បាននិយាយទៀតថា សកម្មភាពរបស់អតីតមន្ត្រីសហជីពទាំងពីរ ដែលត្រូវបានសហជីពបណ្ដេញចេញនោះ មានអ្នក«នៅពីក្រោយខ្នង»។ លោកបានថ្លែងទៀតថា៖ «ដូចជារឿងរោងចក្រអ៊ែសអ៊ិល ដែលចប់អស់ហើយ ប្តឹងយើងឡើងវិញទៀត។ អញ្ចឹងបានន័យថា យើងអាចបញ្ជាក់ដឹងហើយថា អ្នកណានៅពីក្រោយខ្នង។»
សម្រាប់លោក អ៊ុំ វិសាល វិញ បានថ្លែងឆ្លើយតបនឹងការចោទប្រកាន់ខាងលើថា លោកមានបង្អែករបស់លោក នោះ គឺច្បាប់របស់ស៊ីខៅឌូ និងភស្តុតាងដែលលោកមាន។ លោកបានចង្អុលត្រឡប់ទៅវិញថា គឺលោក អាត់ ធន់ នេះហើយ ជាអ្នកបំបែកបំបាក់។ លោក និយាយថា «ខ្ញុំមិនអាចនៅស្ងៀមទេ បើសិនលោកឯងចាត់វិធានការណ៍ខ្ញុំ»៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៤