ត្រាំ ដកអាមេរិកចេញពីសន្ធិសញ្ញា ផ្លាស់ប្ដូរពាណិជ្ជកម្មសេរី នៅតំបន់ប៉ាស៊ីភិក
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២៣ មករា ២០១៧
- កែប្រែចុងក្រោយ: January 23, 2017
- ប្រធានបទ: សេដ្ឋកិច្ចអាស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សន្ធិសញ្ញា «ផ្លាស់ប្ដូរពាណិជ្ជកម្មដោយសេរី នៅក្នុងតំបន់មហាសាគរប៉ាស៊ីភិក» ហៅកាត់តាមភាសាអង់គ្លេស «TPP» ត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ២០១៥ ដោយប្រទេស ចំនួន១២ នៅក្នុងតំបន់នេះ ដែលមានសក្ដានុពលសេដ្ឋកិច្ច ស្មើនឹង៤០ភាគរយ នៃសេដ្ឋកិច្ចពិភពលោក។ បើទោះជាសន្ធិសញ្ញានេះ នៅមិនទាន់ចូលជាធរមាន ទៅឲ្យបណ្ដាប្រទេសហត្ថលេខី អនុវត្តន៍នោះក៏ដោយ តែសន្ធិសញ្ញានេះ ត្រូវបានគេមើលឃើញថា បែរជាផ្ដល់ទម្ងន់ សម្រាប់មហាយក្សតំបន់ គឺប្រទេសចិន ដែលនៅក្រៅសន្ធិសញ្ញានោះទៅវិញ។
នៅចំពោះអ្នកយកព័ត៌មានច្រើននាក់ នៅក្នុងពេលចុះហត្ថលេខា លើលិខិតដកខ្លួន ចេញពីសន្ធិសញ្ញានោះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកទី៤៥ ដែលទើបនឹងស្បថចូលកាន់តំណែង បាន២ថ្ងៃ បានថ្លែងការពារការសម្រេចចិត្ត របស់លោកខាងលើនេះ ថាជា«រឿងល្អមួយ សម្រាប់ពលករអាមេរិកាំង។ លោកថា៖ «យើងបានជជែកពីរឿងនេះ តាំងពីយូរហើយ»។
លោកប្រធានាធិបតី ត្រាំ ធ្លាប់បានបរិហារ សន្ធិសញ្ញា «TPP» នៅក្នុងពេលឃោសនាបោះឆ្នោត នាពេលកន្លងមកថា ជាសន្ធិសញ្ញាដែលមិនសមប្រកប និងបានសន្យាថា នឹងលប់ចោលវិញ ក្នុងពេលដ៏ឆាប់បំផុត ប្រសិនជាលោកជាប់ឆ្នោត។
ប៉ុន្តែសម្រាប់រដ្ឋបាល របស់ប្រធានាធិបតី ដែលទើបនឹងបញ្ចប់តំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) វិញ ធ្លាប់បានបង្ហាញ ផ្ទុយពីការលើកឡើង របស់លោក ត្រាំ ទៅវិញ។ សន្ធិសញ្ញាមួយនេះ មិនត្រឹមតែបានលើកលែង ការត្រួតពិនិត្យ ផ្នែកពន្ធដារប៉ុណ្ណោះទេ ប៉ុន្តែជាសន្ធិសញ្ញា ដែលបានផ្ដល់គុណសម្បត្តិជាច្រើន ដូចជាបើកឲ្យមានការដេញថ្លៃ ពីសំណាក់សហគ្រាសបរទេស ដើម្បីជាប្រយោជន៍ ដល់សហគ្រាសសាធារណៈ របស់ប្រទេសជាសមាជិក និងការគោរពលក្ខខណ្ឌការងារ តាមការកំណត់ របស់អង្គការពលកម្មអន្តរជាតិ (ILO) ជាដើម។
កាលពីចុងឆ្នាំទៅម៉ិញ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលជាអ្នកការពារយ៉ាងម៉ឺងម៉ាត់ នូវសន្ធិសញ្ញាមួយនេះ បានទទួលស្គាល់ថា «TPP» ដែលគ្មានសហរដ្ឋអាមេរិក ហាក់ដូចជាគ្មានន័យអ្វីទាំងអស់។ សូមជម្រាបជូនដែរថា ប្រទេសជាសមាជិក របស់សន្ធិសញ្ញា «TPP» មាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិក ញ៉ូហ្សេឡេន ប៉េរូ សិង្ហបូរី សហរដ្ឋអាមេរិក និងវៀតណាម៕