«ក្រាប​ប្រើ​ក្បាល​បញ្ជូន​បាល់»​បែប​នេះ នឹង​ទទួល​បាន​កាត​លឿង

ទិដ្ឋភាពបញ្ជូនបាល់ ដោយក្រាបចុះផ្ទាល់នឹងដី មុននឹងយកក្បាលទៅបុកបាល់ ត្រឡប់ឲ្យ​អ្នក​ចាំទី​របស់​ខ្លួន ពីសំណាក់​​កីឡាករ​​ខ្សែបម្រើ ក្នុងក្រុមប៉ារីស បានបង្កឲ្យពិភពបាល់ទាត់ នៅអ៊ឺរ៉ុប​ផ្ទុះ​សំណើច​មិន​តិច​ទេ នៅចុងសប្ដាហ៍នេះ។ ប៉ុន្តែកាយវិការ ដែលគ្មាន​នរណា​នឹក​ស្មាន​ដល់​នេះ ត្រូវ​បាន​អាជ្ញា​កណ្ដាល ដក​កាត​លឿង​ពិន័យ ក្រោម​ហេតុផល៖ «ល្មើសនឹង​ច្បាប់​បាល់ទាត់ ដែល​ចាត់​ទុក​ទង្វើ​នេះ មិនមែន​ជា​កាយវិការ​កីឡារ»។
«ក្រាប​ប្រើ​ក្បាល​បញ្ជូន​បាល់»​បែប​នេះ នឹង​ទទួល​បាន​កាត​លឿង
ទិដ្ឋភាពក្រាបខ្លួនចុះផ្ទាល់ដី របស់កីឡាករ ម៉ារកូ វេរ៉ាទី ដើម្បីយកក្បាល ទៅបុកបញ្ជូនបាល់ ទៅឲ្យអ្នកចាំទី​របស់ខ្លួន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២២ មករា ២០១៧
  • កែប្រែចុងក្រោយ: January 23, 2017
  • ប្រធានបទ: ជ្រុងបាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីអនុញ្ញាតឲ្យអ្នកចាំទី អាចប្រើដៃ​ចាប់បាល់បាន កីឡាករក្នុងក្រុមតែមួយ មិនអាចបញ្ជូនបាល់ ត្រឡប់​ទៅ​អ្នក​ចាំ​ទីវិញ ដោយ​ប្រើ​ជើង​​ទាត់បាល់នោះឡើយ។ ហើយនេះ ក៏ជាបំណង របស់កីឡាករ ម៉ារកូ វេរ៉ាទី (Marco Verratti) ខ្សែបម្រើ​របស់ក្រុម បាល់ទាត់ ប៉ារីស​ស៊ាំងហ្សែរម៉ាំង (Paris Saint Germain - PSG) នៅក្នុង​ជំនួប​ជា​មួយ​ក្រុម ណង់ (Nantes) កាលពីល្ងាចថ្ងៃសៅរ៍ ម្សិល​ម៉ិញនេះដែរ។

តែរឿងរ៉ាវដ៏ចម្លែក បានផ្ទុះឡើង រហូតបណ្ដាល ឲ្យអ្នកស្នេហា​បាល់ទាត់​​ទាំងឡាយ ទប់សំណើចមិនបាននោះ គឺ​កីឡាករជាតិអ៊ីតាលី ម៉ារកូ វេរ៉ាទី មិនបានប្រើក្បាល ឬទ្រូងធម្មតា (ក្នុងកាលៈទេសៈចាំបាច់) ដើម្បីបញ្ជូនបាល់ ត្រឡប់​ទៅ​ឲ្យ​កីឡាករ ខេវីន ត្រាប់ (Kevin Trapp) អ្នកចាំទីជាតិអាល្លឺម៉ង់ នៅក្នុងក្រុមប៉ារីសតែមួយ​នោះទេ។ កីឡាករ​​ខ្សែ​​បម្រើ ដែលទំនង​ជា​ចង់​ឲ្យអ្នក​ចាំទី​​របស់ខ្លួន អាចប្រើ​ដៃ​ចាប់​​បាល់​បាន បែរជាបានក្រាបចុះផ្ទាល់ដី រួច​អោន​ក្បាល ទៅ​បុក​បាល់​បញ្ជូន ទៅឲ្យកីឡាករ ខេវីន ត្រាប់ ទៅវិញ។

» វីដេអូ នៃទិដ្ឋភាពដ៏ហួសចិត្ត តែអាចធ្វើឲ្យផ្ទុះសំណើច៖

កាយវិការនេះ ត្រូវបានលោក «Monsieur Hamel» អាជ្ញាកណ្ដាល នៃការប្រកួតសម្រាប់ក្របខណ្ឌ «Ligue 1 (ដើម្បី​​ដណ្ដើមជើងឯក ដោយបូកពិន្ទុ នៅក្នុងប្រទេសបារាំង)» ប្រើពេលមួយសន្ទុះ មុននឹងផ្លុំ​កញ្ចែរ​ផ្អាក​ការ​ប្រកួត។ អាជ្ញាកណ្ដាល បានយកច្បាប់បាល់ទាត់ ត្រង់មាត្រាទី១២ នៃសហព័ន្ធបាល់ទាត់ពិភពលោក មក​អនុវត្តន៍​នៅ​ក្នុង​​ករណី​នេះ ដោយបានពិន័យកីឡាករ ម៉ារកូ វេរ៉ាទី នូវកាត​លឿង​មួយ និងបានសម្រេចឲ្យក្រុម ណង់ ធ្វើការ​ទាត់​បាល់​​ពិន័យ «មិនផ្ទាល់» ចេញពីត្រង់​ចំណុច ដែល​ប្រព្រឹត្តិកំហុស។

អាជ្ញាកណ្ដាល លោក «Monsieur Hamel» បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ កាណាល់ + (Canal +) របស់​បារាំង​ថា កីឡាករ ម៉ារកូ វេរ៉ាទី បានប្រព្រឹត្តិទង្វើ ខុសពីច្បាប់បាល់ទាត់ យ៉ាងងងើល បើទោះជាកីឡករចាំទី មិន​បាន​យក​ដៃ​ចាប់​បាល់​នោះក៏ដោយ។ លោកថា៖ «ខ្ញុំប្រើពេលយូរបន្តិច ដើម្បីផ្លុំកញ្ចែរ ដើម្បីដាក់កំហុស ទៅលើ​កីឡាករ តែ​ខ្ញុំ​គ្មាន​ការ​សង្ស័យ នៅក្នុងចិត្តអ្វីទេ (ពីការសម្រេចនេះ)»។

សម្រាប់កីឡាកររួមក្រុម ប៉ារីស ដទៃទៀត ក៏បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានដែរ ពីការហួសចិត្តរបស់ពួកគេ រហូត​ដល់ថ្នាក់​សើច​ក្អាក​ក្អាយ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ កីឡាករខ្លះ បានសារភាពថា ពួកគេមិន​បាន​អាន​ពី​ច្បាប់​នេះទេ ពីមុនមក ហើយក៏មិន​យល់​ដែរថា កាយវិការ​របស់​​ខ្សែបម្រើ​របស់ពួកគេ នឹងត្រូវរងការពិន័យ យ៉ាងដូច្នេះឡើយ។ ប៉ុន្តែវាជាច្បាប់​បាល់ទាត់ ហើយអ្នក​ដែល​បាន​បង្កហេតុ និងជួយ​រំលឹក​មេរៀន​នេះ ទៅ​ដល់​កីឡាករ​ទាំង​អស់​គ្នានោះ គឺ​កីឡាករ ម៉ារកូ វេរ៉ាទី ដែលជាកីឡាករ​សំណព្វ​ចិត្ត របស់​ក្រុម​​ប៉ារីស​​នេះ​តែ​ម្ដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...