នាយកក្រុមប៉ារីស ទូរស័ព្ទទាក់ទង ប៉ិប ឲ្យមកដឹកនាំក្រុមខ្លួន?
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 28, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនាគតរបស់គ្រូបង្វឹក លោក ប៉ិប គ័រឌីយ៉ូឡា អតីតគ្រូបង្ហាត់របស់ក្រុមបាសឺឡូន (Barcelonna) នៅមិនទាន់បិទបញ្ចប់ ការផ្អើលជ្រួលជ្រើម ពីសំណាក់ក្រុមបាល់ទាត់ធំៗទាំងឡាយ នៅក្នុងទ្វីបអ៊ីរ៉ុបនោះឡើយ។ ប្រសិនជាលោក ប៉ិប មានទាក់ទងពីក្រុមបាល់ទាត់ជាច្រើន នៅអង់គ្លេស ដូចយ៉ាង មេនឆេស្ទ័រ ស៊ីធី (Manchester City) នោះក៏ដោយ តែក្រុមបាល់ទាត់ នៅក្នុងទ្វីបអ៊ឺរ៉ុបផ្សេងទៀត ក៏បានឆ្លៀតឱកាស នៃការចាកចេញ ពីក្រុមប៉ាយឺនមូនិក ដើម្បីអូសលោកឲ្យមកបង្ហាត់បង្ហាញ សម្រាប់ក្រុមរបស់ពួកគេនោះដែរ។
នៅក្នុងចំណោមនោះ មានក្រុមបាល់ទាត់ របស់រដ្ឋធានីប៉ារីសមួយដែរ។ សារព័ត៌មានកីឡា «Sport» របស់ប្រទេសអេស្ប៉ាញ បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា លោក ណាសេ អាល់ខេឡៃហ្វី (Nasser Al-Khelaïfi) នាយកក្រុមបាល់ទាត់ប៉ារីស ទំនងជាបានអន្ទងហៅលោក ប៉ិប តាមទូរស័ព្ទ ដើម្បីល្បួងលោក ឲ្យមកបង្ហាត់សម្រាប់ក្រុមរបស់លោក ដែលសម្បូរទៅដោយ តារាបាល់ទាត់ល្បីៗបង្គួរដែរ។
ប៉ុន្តែលោក ប៉ិប ទំនងជាមិនទាន់ឆ្លើយតប ថាយ៉ាងដូចម្ដេច ជាមួយនឹងនាយកក្រុមប៉ារីស នោះនៅឡើយ។ បើតាមសារព័ត៌មានដដែលនេះ បានអះអាងថា លោក ប៉ិប បែបមិនចង់ចូល មកក្នុងប្រទេសបារាំង ដែលសម្បូរដោយក្រុមបាល់ទាត់អន់ៗ បង្កឲ្យការប្រកួតប្រជែង មិនមានសភាពខ្លាំងក្លានោះឡើយ។ គ្រាន់តែនៅពាក់កណ្ដាលរដូវកាលនេះ ក្រុមបាល់ទាត់ប៉ារីស បានទាត់ឈ្នះ សឹងតែគ្រប់ការប្រកួត និងរកបានពិន្ទុនាំមុខ ក្រុមបាល់ទាត់បារាំងដែលមានចំណាត់ថ្នាក់លេខ២ ដល់ទៅជិត២០ពិន្ទុ។
សូមជម្រាបជូនដែរថា គ្រូបង្វឹកសព្វថ្ងៃរបស់ក្រុមប៉ារីស លោក ឡូរ៉ង់ ប្លង់ (Laurent Blanc) នៅកំពុងបង្ហាត់ក្រុមនេះនៅឡើយ រហូតដល់ចុងរដូវកាលដូចគ្នា។ ជាមួយនឹងលទ្ធផល នៃការប្រកួត ដែលប្រកបដោយជ័យជំនះ យ៉ាងពោរពាសនោះ លោក ប្លង់ កំពុងស្វែងរកការចរចា ពីការបន្តកិច្ចសន្យារបស់លោក ជាមួយនឹងក្រុមប៉ារីស ទៅមុខទៀត៕