ក្រុមបាល់ទាត់ប៉ារីស ចង់ទិញ ប៊ែល ក្នុងតម្លៃបំបែកឯកត្តកម្មពិភពលោក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ត្រៀមដេញថ្លៃយកកីឡាករ ហ្គារែត ប៊ែល (Gareth Bale) ពីលើក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដែលកំពុងតតាំងទាញយកកីឡាករនេះដែរ ក្នុងតម្លៃប្រមាណជាង ៩៩.៧៤លានអ៊ឺរ៉ូ (១៣៣.២៧លានដុល្លា)។
កីឡាករ ហ្គារែត ប៊ែល ទាត់ឲ្យក្រុម ទទីនហេម របស់អាឡឺម៉ង់។ (រូបថត Icon Sport)
ក្រុមយក្សរបស់បារាំងមួយនេះ ក៏កំពុងតែលួមលោម ចង់បានគ្រូបង្វឹកក្រុមទទិនហេម (Tottenham) លោកអេនដ្រេ វីឡាសបូអាស (Andre Villas-Boas) ដែរ ហើយពួកគេសង្ឃឹមថា បើគ្រូបង្វឹករូបនេះយល់ព្រម ទៅដឹកនាំក្រុមនៅក្នុងទីក្រុងប៉ារីសនោះ គាត់ប្រាកដជាអាចជួយបញ្ចុះបញ្ចូល ប៊ែលឲ្យទៅតាមគាត់ដែរ។
ក្រុមប៉ារីស បានចំណាយលុយអស់ប្រមាណ ៣១៣.៥៨លានដុល្លារួចមកហើយ ក្នុងការដោះដូរកីឡាករ ចាប់តាំងពីក្រុមហ៊ុនកាតា (Qatar) បានមកបណ្តាក់ទុនកាលពីឆ្នាំ២០១១។ ក្រុមហ៊ុនធំ ដែលគ្រប់គ្រងដោយគ្រួសាររាជ្យវង្សប្រទេសកាតាមួយនេះ កំពុងតែត្រៀមបំបែកកំណត់ត្រាពិភពលោកមួយ ដោយដេញថ្លៃយកហ្គារែត ប៊ែល ក្នុងតម្លៃខ្ពស់បំផុតលើពិភពលោក។
ប៊ែល លេងបានយ៉ាងល្អឥតខ្ចោះក្នុងរដូវកាលនេះ។ ក្នុងដំណែងជាខ្សែបម្រើ តែកីឡាកររកគ្រាប់បាលបញ្ចូលទីបានដល់ទៅ ២៦គ្រាប់។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ជាកីឡាករនាំលេង ឬជាកីឡាករដ៏សំខាន់បំផុតក្នុងក្រុម។
ក្រុមប៉ារីស ចង់ពង្រឹងក្លឹបបន្ថែមទៀត ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការការពារដំណែងជើងឯក នៅក្នុងរដូវកាលថ្មីខាងមុខនេះ ខណៈដែលក្រុមទើបតែឡើងមកថ្មី ម៉ូណាកូ (Monaco) មានមហិច្ឆតា ចង់លើកពានរង្វាន់ដែរនោះ។
ប៊ែល ពេលនេះកំពុងតែមានវិសមកាលមួយនៅក្នុងរដ្ឋហ្វឡរីដា (Florida) ហើយគាត់អាចនឹងរីករាយ បើអាចប្តូរទៅលេងឲ្យក្រុមដែលមានកៅអីឆែមពានលីក (Champions League)។ គាត់រស់នៅក្នុងទីក្រុងឡុងដ៏ ជាមួយនឹងមិត្តស្រីរបស់គាត់ អិម៉ា រីចូន (Emma Rhys Jones) និងកូនស្រីរបស់គាត់ ដែលទើបតែមានអាយុ ៨ខែ អាល់បា វៃអូឡិត (Alba Violet)។
ទោះជាយ៉ាងណា ក្រុមទទិនហេម ទំនងជាមិនចង់លក់កីឡាករសំខាន់រូបនេះទេ ខណៈដែលពួកគេចង់ស្រោចស្រង់ក្រុមឲ្យឡើងទៅកាន់ដំណែងកំពូលទាំង៤វិញ នៅរដូវកាលថ្មី។ ប៉ុន្តែបើពួកគេលក់ នោះមានតែក្រុម៣ទេ ដែលប៊ែលអាចទៅលេងឲ្យ ក្នុងនោះមាន ក្រុមប៉ារីស, រៀលម៉ាឌ្រីដ និងក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ