«ផ្លេស្តេសិន៤» ឧបករណ៏ហ្គេមថ្មី របស់ក្រុមហ៊ុនសូនី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតក្រុមហ៊ុនសូនី (Sony) បានបង្ហាញពីឧបករណ៏ហ្គេមស៊េរីទំនើបរបស់ខ្លួន «ផ្លេស្តេសិន៤» (PlayStation 4) ហើយ ក្នុងឱកាសពិព័រណ៏ផលិតផល បច្ចេកវិទ្យាហ្គេមអន្តរជាតិ ដែលហៅកាត់ថាអ៊ី៣ (E3) កាលពីថ្ងៃច័ន្ទ នៅប្រទេសសហរដ្ឋអាមេរិកនោះ ។
ការបង្ហាញផលិតផល ផ្លេស្ដេសិនទី៤ របស់សូនី។ (រូបថត Jae C. Hong/AP)
ក្រុមហ៊ុនសូនី បានប្រកាសប្រាប់រួចម្តងមកហើយ កាលពីខែកុម្ភះថា ពួកគេនឹងចេញនូវឧបករណ៏ហ្គេមនេះ។ នេះជាការកែច្នៃ និងបង្កើត «ផ្លេស្តេសិន» លើកទី៤បន្តទៀត បន្ទាប់ពីបានចេញនូវ «ផ្លេស្តេសិន៣» កាលពីឆ្នាំ២០០៦មកនោះ ហើយមានការពេញនិយម និងជោគជ័យយ៉ាងខ្លាំងរួចមក។
ចំពោះលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់វា មានដូចជា៖
• ម៉ាស៊ីនប្រភេទ៖ CPU : x86-64 AMD និង GPU : 1.84 TFLOPS
• អង់ចងចាំ (RAM)៖ ៨ជីហ្គាបៃ ប្រភេទ GDDR5
• អាចផ្ទុកបាន៖ ៥០០ជីហ្គាបៃ
• មាឌរបស់វាទំហំ៖ ២៧៥ X ៥៣ X ៣០៥ មីលីម៉ែត្រ
• ទម្ងន់៖ ២.៨គីឡូក្រាម
• ឌីវីឌីប្រភេទ៖ BD × 6 CAV, DVD × 8 CAV
• មានប្លូធូស Bluetooth
• អាចភ្ជាប់ប្រព័ន្ធគ្មានខ្សែ (Wireless)
• តម្លៃ៖ ៣៩៩ដុល្លា/៣៩៩អ៊ឺរ៉ូ/៣៤៩ផោន (នៅអាមេរិក)
គុណសម្បត្តិរបស់វាផ្សេងទៀតនោះ អ្នកអាចចែករំលែក ឬលេងជាលក្ខណៈដៃគូជាមួយនឹងមិត្តភក្តិបាន ដោយគ្រាន់តែទំនាក់ទំនងគ្នា តាមប្រព័ន្ធគ្មានខ្សែ (Wireless) ហើយមិត្តភក្តិរបស់អ្នកក៏អាចមើលអ្នកលេង និងជួយគាំទ្រគ្នាបានផងដែរ។ ជាពិសេសអ្នកអាចចាប់ដៃជាមួយគ្នា ដើម្បីឲ្យឆាប់បានឆ្លងវគ្គបន្ថែមទៀត។
ជាមួយនឹងម៉ាស៊ីនដំណើរការកាន់តែធំ ធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តថែមទៀត ដោយពុំខ្លាចមានបញ្ហារអាក់រអួលអ្វីឡើយ ហើយរូបភាពកាន់តែមានភាពទាក់ទាញ និងមានពណ៏ស្អាតជាងមុន។
ចំពោះអ្នកដែលពេញនិយមលេងហ្គេមធំៗ ដូចជាប្រណាំងឡាន, បាល់ទាត់ភីអ៊ីអេស (PES) ឬក៏ហ្វីហ្វា២០១៤ (FIFA 2014) ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ ប្រាកដជាពេញចិត្តជាមិនខាន។ ប៉ុន្តែក្រុមហ៊ុនពុំទាន់ប្រកាស ពីកាលបរិច្ឆេតចេញលក់នៅឡើយទេ គ្រាន់តែដឹងថានឹងចរាចរណ៏លើទីផ្សារក្នុងពេលឆាប់ៗ ខាងមុខនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ