បាល់ទាត់ពិភពលោក២០១៤៖ សល់«តែ១ឆ្នាំ»ប៉ុណ្ណោះ នឹងដល់ថ្ងៃប្រកួត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការរាប់ថយក្រោយសល់ រយះពេលត្រឹមតែ១ឆ្នាំទៀត នឹងឈានដល់ព្រឹត្តិការណ៏ដ៏ធំបំផុត នៃបាល់ទាត់ពិភពលោកឆ្នាំ២០១៤ (2014 World Cup) នៅប្រទេសប្រេស៊ីល ដែលអ្នករៀបចំ ហើយប្រទេសនេះបានដាក់តាំងបង្ហាញនូវនាឡិកាធំមួយ ដើម្បីកំណត់ពេលរហូតដល់ថ្ងៃចាប់ផ្តើមទាត់។
ការសម្ភោធដាក់ឲ្យប្រើប្រាស់នាឡិការនេះ ដើម្បីរាប់ថ្ងៃពីនេះទៅដល់ពេលបើកការប្រកួត។ (រូបថត Reuters)
នាឡិកាយក្សនោះ ត្រូវបានដាក់តាំងនៅលើឆ្នេរខ្សាច់ កូផាកាបាណា (Copacabana) នៅក្នុងទីក្រុង រីយ៉ូ ដេជេណឺរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ខែមិថុនានេះ។
វាក៏មានគោលដៅមួយ ដើម្បីជួយរំឮក ដល់អ្នករៀបចំ ឬប្រជាពលរដ្ឋប្រេស៊ីលទាំងអស់ ឲ្យមានការត្រៀមខ្លួនឲ្យបានរួចរាល់ទាន់ពេលវេលា ដើម្បីត្រៀមខ្លួនស្វាគមន៏ភ្ញៀវទេសចរណ៏ ដែលធ្វើដំណើរមកពីជុំវិញពិភពលោក។
គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តាទីក្រុង ក៏កំពុងតែមមាញឹក ក្នុងការសាងសង់ និងស្ថាបនាបន្ថែមដែរ ហើយមួយចំនួនធំក៏បានរួចរាល់ហើយ ប៉ុន្តែមួយចំនួនទៀត ក៏កំពុងតែដំណើរការ។
ចំណែកឯកីឡាករដ្ឋានសម្រាប់ការប្រកួត នៅសល់ចំនួនពីរឬបីទៀត មិនទាន់បានបញ្ចប់រួចរាល់ទេ ក្នុងនោះដូចជាកីឡាដ្ឋានមួយ នៅក្នុងទីក្រុងសៅប៉ូឡូ (Sao Paulo) ទើបតែដំណើរការសាងសង់បាន ៦០%ទេ។
កីឡាដ្ឋាន៦ ក្នុងចំណោមកីឡាដ្ឋានទាំងអស់ចំនួន១២ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនោះ នឹងត្រូវរៀបចំធ្វើការប្រកួតនៅថ្ងៃសៅរ៏នេះ ខណៈដែលប្រេស៊ីល ជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ខនហ្វេដឺរ៉ឺសិនខាប់ឆ្នាំ២០១៣ (2013 Confederations Cup)។
មូលហេតុដែលប្រេស៊ីល ដាក់តាំងនាឡិកាធំ នៅលើឆ្នេរខ្សាច់កូផាកាបាណានោះ ពួកគេចង់បង្ហាញ ពីឆ្នេរខ្សាច់ដ៏ស្រស់ឆើតឆាយ របស់ទីក្រុងរីយ៉ូ ហើយពួកគេសង្ឃឹមថា អ្នកគាំទ្រក្រុមបាល់ទាត់មកពីបណ្តាប្រទេសទាំងអស់ នឹងបានលេងកំសាន្តនៅក្នុងឆ្នេរខ្សាច់នោះ។
បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នឹងមានភាពជក់ចិត្តបន្ថែមទៀត ខណៈដែលប្រេស៊ីលដែលជាម្ចាស់ផ្ទះនោះ នឹងបង្ហាញនូវក្បាច់រាំសាំបារបស់ខ្លួន នៅពេលដែលក្រុមទាត់បញ្ចូលទី គូប្រកួត។ មិនត្រឹមតែក្រុមប្រេស៊ីលទេ ក្នុងនោះមានក្រុមមកពីតំបន់អាហ្វ្រិក និងមកពីអាមេរិកខាងត្បូងដែរនោះ ក៏មានវប្បធម៌ស្រដៀងគ្នាដែរ ឲ្យតែពេលទាត់ចូលទី កីឡាកររបស់គេ នឹងបង្ហាញពីក្បាច់រាំ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ