អុញនោះ! កូស្តារីកា ពរពោះកើតកូន ខណៈអ៊ុយរឺហ្គាយ ក្រហើយកូនឈឺ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការភ្ញាក់ផ្អើលបានកើតឡើងហើយ។ កាតក្រហមសម្រាប់បណ្ដេញកីឡាករ ឲ្យចេញពីការប្រកួត ត្រូវបានចែកទៅឲ្យកីឡាករអ៊ុយរឺហ្គាយ មុនគេ នៅពេលដែលក្រុមនេះ បានជួបទាត់ជាមួយនឹងក្រុមបាល់ទាត់ កូស្ដារីកា នាថ្ងៃដំបូងនៃវគ្គប្រកួតជម្រុះ។ ក្រុមបាល់ទាត់អ៊ុយរឺហ្គាយ ដែលល្បីគួសមថា ជាក្រុមបាល់ទាត់ពូកែ (ធ្លាប់ឡើងដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំ២០១០) មានកីឡាករចំណានៗជាច្រើននោះ បែរជាត្រូវជួបនឹងភាពបរាជ័យយ៉ាងជូរចត់ (១-៣) ទល់នឹងក្រុមកូស្ដារីកា ដែលទើបនឹងកើតនេះទៅវិញ។
កីឡាករ កូស្តារីកា យកបាល់មកដាក់ក្នុងអាវ ដូចពរពោះចង់កើតកូន។ (រូបថត fifa)
បាល់ទាត់ពិភពពលោក - ជាការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ដែលក្រុមបាល់ទាត់កូស្ដារីកា ដែលមិនមានឈ្មោះទាល់តែសោះ ក្នុងពិភពបាល់ទាត់ តែបែជាបានបំបាក់យ៉ាងចាស់ដៃ ក្រុមអ៊ុយរឺហ្គាយ ដែលធ្លាប់ឡើងដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីបាល់ទាត់ពិភពលោកឆ្នាំ២០១០នោះ។
ប្រហាក់ប្រហែលនឹងក្រុមអេស្ប៉ាញ កាលពីយប់ថ្ងៃសុក្រដែរ ក្រុមអ៊ុយរឺហ្គាយ បានចាប់ផ្ដើមការប្រកួតរបស់ខ្លួន ដោយមិនមានការពិបាកអ្វីទាំងអស់ ហើយថែមទាំងបានទាត់បញ្ចូលទីរបស់ កូស្ដារីកា បានមួយគ្រាប់មុនទៀត នៅនាទី២៤ ដោយកីឡាករអ៊ុយរឺហ្គាយ អេឌីសុន កាវ៉ានី (Edison Cavani) នោះផង។
ប៉ុន្តែនៅពាក់កណ្ដាលម៉ោងទីពីរ ការប្រកួតចាប់ផ្ដើមមានបញ្ហា សម្រាប់ក្រុមអ៊ុយរឺហ្គាយ តែផ្ទុយទៅវិញ ក្រុមកូស្ដារីកា ដូចជាបានជួបនឹងសុភមង្គលមួយយ៉ាងត្រចះត្រចង់។ ក្រុមបាល់ទាត់ មកពីប្រទេសដែលមិនសូវស្គាល់មួយនេះ បានបង្កើតការវាយបកច្រើនដង ទៅលើក្រុមអ៊ុយរឺហ្គាយ ដែលនៅហាក់ដូចជានៅស៊ាំញ៉ាំ មិនទាន់ច្បាស់នៅឡើយ។
បន្ទាប់ពីរកបានមួយគ្រាប់ ធ្វើឲ្យក្រុមខ្លួនបានស្មើនៅនាទី៥៦ ជាមួយក្រុមបាល់ទាត់អ៊ុយរឺហ្គាយ ដ៏ល្បីឈ្មោះរួចហើយ នៅបីនាទីក្រោយមក ក្រុមកូស្ដារីកា បានយកឱកាសបាល់ពិន័យទាត់ពីចំងាយមួយ ដើម្បីដាក់បញ្ចូលទីបានមួយគ្រាប់ទៀត។
បន្ទាប់ពីបានទទួលមួយគ្រាប់ទៀត (៣-១) ពីក្រុមកូស្ដារីកា នៅពេលជិតបញ្ចប់ម៉ោងប្រកួតទៅហើយនោះ ស្រាប់តែក្រុមអ៊ុយរឺហ្គាយ ទទួលរងនូវទម្ងន់ថ្មបាក់មួយទៀត ដែលខ្មែរតែងនិយាយថា «ក្រហើយកូនឈឺទៀត»។ នោះគឺ អាជ្ញាកណ្ដាលបានដកកាតក្រហម បណ្ដេញកីឡាករ ម៉ាស៊ី ពេរ៉ីរ៉ា (Maxi Pereira) ចេញពីការប្រកួត បន្ទាប់ពីកីឡាករនេះ បានទាត់មួយទំហឹង ទៅលើក្មងជើងកីឡាករខ្សែប្រយុទ្ធមួយរូប របស់ក្រុមកូស្ដារីកា។
ឆ្លងចេញពីលទ្ធផលនេះ ក្រុមអ៊ុយរឺហ្គាយ អាចមានស្ថានភាពពិបាក និងមិនមានសំណាងប៉ុន្មានទេ ព្រោះនៅក្នុងពូល C នៅមានក្រុមអ៊ីតាលី និងក្រុមអង់គ្លេសទៀត ដែលសុទ្ធតែជាក្រុម«មហាយក្ស»ខាងបាល់ទាត់។ យ៉ាងណាក៏ដោយ គេមិនត្រូវមើលងាយបាល់ទាត់ ដែលជា«បាល់មូល»នោះឡើយ។ ដូចយ៉ាងក្រុមកូស្ដារីកា ដែលគេតែងចាត់ទុកថា ជាក្រុមដែលអន់បំផុតនេះ តែនៅពេលនេះ គេបានភ្លឺភ្នែកជាងមុន ថាមិនត្រូវមើលក្រុមបាល់ទាត់ណាមួយ តែសម្បកក្រៅនោះឡើយ៕