សារព័ត៌មានអេស្ប៉ាញតម្លើងសម្លេង បន្ទាប់ពីក្រុមខ្លួនចាញ់ហូឡង់ ១-៥
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបរាជ័យដ៏«ជូចត់» និង«រន្ធត់» ទល់នឹងក្រុមហូឡង់ដ៏«មហិមា» របស់ក្រុមអេស្បាញ ម្ចាស់ជើងឯកពិភពលោក និងអ៊ឺរ៉ុប កាលពីថ្ងៃទីមួយនៃការប្រកួតវគ្គជម្រុះនោះមក បណ្ដាញសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ មិនបានថ្នមសំដីនៅក្នុងអត្ថបទរបស់ខ្លួននោះឡើយ។ ការបន្ទសម្លេងឡើងព្រមៗគ្នា ធ្វើឲ្យគេកាន់តែយល់ថា នេះជាបរាជ័យជាប្រវត្តិសាស្ត្រ នៃក្រុមបាល់ទាត់ជម្រើជាតិរបស់ពួកគេ។
កីឡាករចាំទីរបស់អេស្ប៉ាញលត់ជង្គង់ នៅចំពោះការទាត់បញ្ចូលទីជាច្រើនគ្រាប់ របស់ក្រុមហូឡង់។ (រូបថត AP)
បាល់ទាត់ពិភលោក - សារព័ត៌មានជាភាសាអេស្ប៉ាញសឹងតែទាំងអស់ បានធ្វើប្រតិកម្មព្រមៗគ្នា បន្ទាប់ពីការ«ប៉ះទង្គិច»យ៉ាងធ្ងន់ធ្ងរមួយ ស្ដែងចេញពីបរាជ័យ«មិនធម្មតា»មួយ (១-៥) របស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន នៅពេលជួបទាត់ជាមួយគូរសងសឹក ក្រុមហូឡង់ កាលពីយប់ថ្ងៃសុក្រទី១៣ ខែមិថុនា។ នៅក្នុងទំព័រខាងមុខជាច្រើន ដែលចេញផ្សាយនៅថ្ងៃសៅរ៍ បានដាក់រូបថតប្រធានក្រុមបាល់ទាត់ និងជាអ្នកចាំទីឲ្យក្រុមអេស្ប៉ាញ អ៊ីកេ កាស៊ីឡាស (Iker Casillas) ជាពិសេសរូបថត ដែលកីឡាកររូបនេះ លុតជង្គង់នៅចំពោះការទាត់បញ្ចូលទីរបស់ខ្លួន ពីសំណាក់កីឡាករហូឡង់ អាជេន រ៉ូប៊េន (Arjen Robben)។
ការសែតមួយឈ្មោះ El Mundo បានសរសេរអក្សរធំៗដាក់ថា «ក្ដីអាមាស» ជាចំណងជើង និងបានសរសេរបន្ទាប់មក នៅក្នុងអត្ថបទថា៖ «ក្រុមហូឡង់ ដឹកនាំដោយកីឡាករ រ៉ូប៊េន បានបង្ក្រាបជើងឯកពិភពលោក និងជើងឯកអ៊ឺរ៉ុប ឲ្យដូសយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងពិន្ទុ៥ ទល់នឹង ១ នៅក្នុងការប្រកួតដ៏អាក្រក់មួយ»។
«ការចាប់ផ្ដើមដ៏គួឲ្យហួសចិត្ត» ជាចំណងជើងនៅទំព័រមុខ របស់សារព័ត៌មាន Sport។ អត្ថបទនៅក្នុងសារព័ត៌មាននេះ បានសរសេរថា៖ «ក្រុមហូឡង់ បានកំទេចម្ចាស់ជើងឯកបាលទាត់ពិភពលោក ឲ្យរាបទាបដល់ដី នៅពាក់កណ្ដាលម៉ោងទីពីរ ដ៏អាណោចអធម» ដោយបានចាត់ទុកបរាជ័យ របស់ក្រុមអេស្ប៉ាញរបស់ខ្លួន ជាការលិចលង់របស់ខ្សែការពារ និងជាកំហុសរបស់អ្នកចាំទី កាស៊ីឡាស ដែលត្រូវតែទទួលខុសត្រូវ នឹងការពិន័យជាប្រវត្តិសាស្ត្រនេះ។ ការសែតកីឡាមួយនេះ បានហៅទង្វើរបស់អ្នកចាំទី កាស៊ីឡាស ថាដូចមនុស្សសន្លប់ និងប្រព័ន្ធខ្សែការពារដែលគ្មានការរៀបចំជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណឹង ខ្សែបម្រើរបស់ក្រុមអេស្ប៉ាញ ក៏បាត់ព្រលឹងមិនដឹងជាទៅណាបាត់ដែរ។
ចំណែកការសែត El Pais បានហៅលទ្ធផលនៃការប្រកួតនេះថា ជា«បរាជ័យពិភពលោក» របស់ក្រុមអេស្ប៉ាញមួយ ដែលទទួលការព្រមានយ៉ាងជូរចត់ នៅចំពោះក្រុមហូឡង់។
ជា«មហន្ដរាយទាំងស្រុង» បង្កឡើងដោយ រ៉ូប៊េន និងវ៉ាន់ ពែរស៊ី (Van Persie)។ នេះបើតាមសារព័ត៌មានកីឡា ចេញផ្សាយប្រចាំថ្ងៃមួយទៀត ឈ្មោះ As។
សម្រាប់សារព័ត៌មាន Mundo Deportivo បានសរសេរថា ក្រុមបាល់ទាត់អេស្ប៉ាញ បានឆ្លងកាត់រាត្រីថ្ងៃសុក្រទី១៣ (ថ្ងៃអាក្រក់សម្រាប់សាសនាកាតូលីក) យ៉ាងវេទនាជាទីបំផុត ជាពិសេសនៅចំពោះមុខយុទ្ធនាការ«សងសឹក» របស់ក្រុមហូឡង់ គូប្រជែងដ៏ធំមួួ ដែលក្រុមអេស្ប៉ាញបានផ្ដួល (០-១) កាលពីវគ្គផ្ដាច់ព្រ័ត្រ នៅបាល់ទាត់ពិភពលោកឆ្នាំ២០១០ កន្លងទៅ នៅប្រទេសអាហ្វ្រិកខាងត្បូង។
រីឯការសែត Marca មិនបានរិះគន់ខ្លាំងក្លាប៉ុន្មានទេ តែដូចជាចង់ពង្រឹកឲ្យកីឡាករទាំងអស់ ងើបឈរឡើងតស៊ូទៅមុខទៀត។ សារព័ត៌មានកីឡានេះ បានដាក់ចំណងជើងថា «រកដំណោះស្រាយភ្លាម» ដើម្បីរងចាំទៅប្រកួតជាមួយក្រុម ឈឺលី និងក្រុម អូស្ត្រាលី ជាបន្តទៀត។ «ត្រូវតែធ្វើឲ្យដឹង ពីទេពកោសល្យ និងពីបាល់ទាត់ ដែលបានធ្វើឲ្យយើងក្លាយជាជើងឯក»។ ការសែតបានសរសេរបន្តថា៖ «យើងនៅតែជឿជាក់ថា អ្នកនឹងអាចទៅរួច»៕