កំពូលអ្នកចាំទីរបស់អ៊ីតាលី ប្រកាសមិនចូលប្រកួតជាមួយអង់គ្លេស
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយមានអារម្មណ៍ថា មិនអាចមានលទ្ធភាពក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសបាន នៅយប់នេះ អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង (Gianluigi Buffon) បានប្រកាសជូនពរឲ្យជ័យ ទៅអ្នកចាំទី ដែលចូលមកជំនួសខ្លួន កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ (Salvatore Sirigu)។
អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង។ (រូបថត AP)
បាល់ទាត់ពិភពលោក - តែប៉ុន្មានម៉ោងមុនការប្រកួត រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និងអ៊ីតាលី កំពូលអ្នកចាំទីច្រើនជំនាន់របស់អ៊ីតាលី កីឡាករ ហ្សៀនលូជី ប៊ូហ្វុង បានប្រកាសដកខ្លួនចេញពីការប្រកួត ដោយមូលហេតុរបួស នៅត្រង់កែងជើងខាងស្ដាំ។ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានលទ្ធភាពចេញទៅប្រកួត ដោយមិនមានបញ្ហាអ្វីឡើយ ជាមួយនឹងអ្នកចាំទីដ៏ល្បីម្នាក់ទៀត ដែលនៅទាត់ឲ្យក្រុមបាល់ទាត់អាជីព របស់រដ្ឋធានីបារីស នោះគឺកីឡាករ សាវ៉ាទរ ស៊ីរីហ្គូ។
កីឡាករ ប៊ូហ្វូង បានសរសេរនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយនៅ៧ម៉ោងមុនការប្រកួតថា៖ «ជីវិតខ្ញុំសុខសប្បាយធម្មតាទេ តែខ្ញុំមានរឿងខ្លះដែលត្រូវជម្រះបញ្ជីឲ្យដាច់ស្រឡះ។ វាមិនមែនជាការខកខាន ក្នុងការចូលប្រកួតលើកនេះ ឬនៅក្នុងការដណ្ដើមពានរង្វាន់ បាល់ទាត់ពិភពលោកនោះទេ ដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរចិត្ត។ ប៉ុន្តែបើទោះជាខ្ញុំនៅខាងក្រៅ ឬនៅខាងក្នុងការប្រកួតក៏ដោយ ក៏ខ្ញុំនៅតែអាចដើរតួរយ៉ាងសំខាន់មួយបានដែរ។»
ប៊ូហ្វុង បានជូនពរមិត្តរួមក្រុមរបស់ខ្លួន ដែលត្រៀមចូលប្រកួតទៀតថា៖ «តោះ យើងនាំគ្នាសម្រុកចូល ទៅមុខទាំងអស់គ្នា។ គឺជាក្ដីស្នេហ៍របស់ខ្ញុំដ៏ធំបំផុត។»
កីឡាករចាំទីច្រើនជំនាន់របស់អ៊ីតាលីរូបនេះ ធ្លាប់បានរងរបួសដូចគ្នាដែរ កាលពីការប្រកួតបាល់ទាត់ពិភលោក ឆ្នាំ២០១០។ ប៉ុន្តែយ៉ាងហោចណាស់ នៅឆ្នាំនេះ កីឡាករម្នាក់ទៀត សាវ៉ាទរ ស៊ីរីហ្គូ ដែលនឹងមកជំនួស ប៊ូហ្វុង ក៏មិនមែនជាកីឡាករអន់ជាងប៉ុន្មាននោះដែរ នៅក្នុងអាជីពជាអ្នកចាប់បាល់ ជាមួយនឹងក្រុមប៉ារីស។ ផ្ទុយទៅវិញ អវត្តមានរបស់ប៊ូហ្វុង នឹងធ្វើឲ្យ ស៊ីរីហ្គូ មានឱកាស«មាស» ក្នុងការចូលរួម ក្នុងការប្រកួតកម្រិតពិភពលោកនេះ៕