បាល់ទាត់ពិភពលោក៖ បារាំងឡើងវគ្គបន្ទាប់ពីជម្រុះប៉េរូ ត្រឹមតែ១-០
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២១ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 22, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាប់បាល់មួយគ្រាប់ របស់ក្រុមជម្រើសជាតិបារាំង រកបាននៅនាទីទី ៣៤ ដោយកីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស ដែលទើបនឹងមានវ័យ១៩ឆ្នាំ។ គ្រាប់បាល់នោះ ត្រូវបានកីឡាករវ័យ១៩ឆ្នាំរូបនេះ ទាត់បង្ហើយ បន្ទាប់ពីការប៉ុនប៉ងរបស់កីឡាករ អូលីវីយ៉េ ហ្សេរូ ក្នុងការទាត់បញ្ចូលទីក្រុម ប៉េរូ ត្រូវបានបះ ជាមួយនឹងខ្សែការពារនោះរួច។
នៅពាក់កណ្ដាលទីពីរ ក្រុមបាល់ទាត់ ប៉េរូ ព្យាយាមវាយសន្ទាប់ ដើម្បីរកគ្រាប់បាល់មកវិញដែរ តែត្រូវបានក្រុមបារាំង ចុះរួមគ្នាមករារាំង ខណៈគ្រាប់បាល់ខ្លួន ត្រូវបានទាត់ត្រូវបង្គោលទី (នៅនាទីទី ៥០) និងគ្រាប់ខ្លះទៀត ត្រូវបានអ្នកចាំទីបារាំងទះចេញ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម បារាំង និងក្រុម ប៉េរូ៖
ពីរប្រកួតបាន៦ពិន្ទុ បានធ្វើឲ្យក្រុមបារាំង ទទួលសំបុត្រឡើងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ មុនក្រុមពីរទៀត នៅក្នុងពូល C ខណៈក្រុមប៉េរូ ដែលទទួលបានសូន្យពិន្ទុ ត្រូវផាត់ចេញជាស្ថាពរ ពីព្រឹត្តិការណ៍ពិភពលោក បើទោះជានៅសល់ការប្រកួត មួយជុំទៀតក៏ដោយ។ សម្រាប់ក្រុម ដាណឺម៉ាក និងក្រុម អូស្ត្រាលី និងត្រូវដណ្ដើមសំបុត្រចុងក្រោយ ដើម្បីឆ្លងវគ្គ ដោយត្រូវប្រកួតនៅជុំក្រោយ៖ ដាណឺម៉ាក ទល់នឹង បារាំង និង អូស្ត្រាលី ទល់នឹង ប៉េរូ។
ក្រុម អូស្ត្រាលី ត្រូវយកឈ្នះលើក្រុម ប៉េរូ បើចង់ឆ្លងវគ្គ និងត្រូវរំពឹងទៅលើក្រុម បារាំង ក្នុងការរកជ័យជំនះ ទល់នឹងក្រុម ដាណឺម៉ាក។ ផ្ទុយទៅវិញ ក្នុងករណី បារាំង និងដាណឺម៉ាក បែរខ្នងទល់គ្នា (ឬបារាំងចាញ់ដាណឺម៉ាក) នោះក្រុមអូស្ត្រាលី នឹងត្រូវវេចខោអាវ ត្រឡប់ទៅផ្ទះវិញ ដូចក្រុម ប៉េរូ ដូច្នេះដែរ។ វាជាកីឡា បាល់ទាត់ ដែលក្រុមចូលរួមទាំងអស់ ត្រូវតែទទួលយក៕