បាល់ទាត់ពិភពលោក៖ ដាណឺម៉ាកនិងអូស្ត្រាលី បែរខ្នងទល់គ្នា១-១
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២១ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 21, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានរំខានក្រុម បារាំង នៅក្នុងការប្រកួតជុំដំបូងរួច ក្រុម អូស្ត្រាលី បានរំខានក្រុម ដាណឺម៉ាក នៅរសៀលនេះទៀត នៅក្នុងការប្រកួតជុំទីពីរ ដោយពិន្ទុស្មើ ១-១។ នៅក្នុងកន្លះម៉ោងដំបូង គេឃើញក្រុម ដាណឺម៉ាក មានសាច់បាល់គ្របដណ្ដប់យ៉ាងខ្លាំង និងបើកការវាយលុក ភ្លាមៗ រហូតរកគ្រាប់បាល់ បាន នៅនាទីទី ៧ ទាត់បញ្ចូលទី ដោយសន្ធឹកជើង របស់កីឡាករ «Christian ERIKSEN»។
ផ្ទុយទៅវិញ ក្ដីសង្ឃឹមរបស់ក្រុម ដាណឺម៉ាក ក្នុងការដណ្ដើមជ័យជំនះលើកទីពីរឲ្យបាន បានរលាយបាត់ នៅនាទីទី ៣៨ បន្ទាប់ពីអាជ្ញាកណ្ដាល បានមើល តាមរយៈអាជ្ញាកណ្ដាលវីដេអូ ឃើញខ្សែប្រយុទ្ធដាណាម៉ាក កីឡាករ «Yussuf Poulsen» យកដៃគ្រវាសប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។ កំហុសនេះ ត្រូវបានអាជ្ញាកណ្ដាលពិន័យ កាតលឿង សម្រាប់កីឡាករ ហើយអនុញ្ញតឲ្យក្រុម អូស្ត្រាលី ទាត់បាល់ពិន័យ ១១ម៉ែត្រ ដែលត្រូវបានទាត់បញ្ចូលទី បានសម្រេច ដោយកីឡាករ «Mile JEDINAK»។
នៅក្នុងពាក់កណ្ដាលម៉ោងទីពីរ ក្រុម ដាណឺម៉ាក បើកការវាយលុក ជាច្រើនដង តែនៅចំពោះក្រុម អូស្ត្រាលី ដែលពោរពេញដោយទំនុកចិត្ត បន្ទាប់ពីគ្រាប់បាល់ស្មើខាងលើនោះ ក្រុមបាល់ទាត់ របស់ប្រទេសអ៊ឺរ៉ុបខាងជើង មិនអាចរកចន្លោះ ដើម្បីបំប៉ោងសំណាញ់អូស្ត្រាលីបានឡើយ។ ផ្ទុយទៅវិញ ក្រុម ដាណឺម៉ាក បែរជារការវាយបក ជាច្រើនដង ពីសំណាក់ក្រុម អូស្ត្រាលី ដែលតម្រូវឲ្យក្រុម ដាណឺម៉ាក ចុះទៅការពារវិញ ទាំងព្រឺព្រួច។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ដាណឺម៉ាក និងក្រុម អូស្ត្រាលី៖
ជាមួយនឹងលទ្ធផលស្មើគ្នា នៃការប្រកួតនេះ ក្រុមទាំងពីរទទួលបាន ១ពិន្ទុដូចគ្នា។ ក្រុម ដាណឺម៉ាក មានពិន្ទុសរុប ៤ពិន្ទុ ខណៈក្រុម អូស្ត្រាលី ទើបទទួលបាន ១ពិន្ទុដំបូងរបស់ខ្លួន។
មុននឹងលទ្ធផល នៃការប្រកួតរវាងក្រុម បារាំង និងក្រុម ប៉េរូ ត្រូវបានឲ្យដឹង នៅពី-បីម៉ោងខាងមុខទៀត ក្រុម ដាណឺម៉ាក បានឡើងមកកាន់កាប់ចំណាត់ថ្នាក់ទីមួយ នៅក្នុងពូល C នាំមុខក្រុម បារាំង ដែលទទួលបាន ៣ពិន្ទុ - ក្រុម អូស្ត្រាលី ដែលមាន១ពិន្ទុ និងក្រុម ប៉េរូ ដែលគ្មានពិន្ទុអ្វីសោះ (សូន្យពិន្ទុ)៕