រដ្ឋមន្ត្រីអង់គ្លេសថា បាល់ទាត់ពិភពលោកនៅរ៉ូស្ស៊ី ដូចកីឡាអូឡាំពិកក្នុងរបបហ៊ីត្លែ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មីនា ២០១៨
- កែប្រែចុងក្រោយ: March 23, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចគេបានធ្លាប់ស្គាល់ហើយ ថាលោក បូរីស ចនសុន (Boris Johnson) ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស មិនមែនជាអ្នកនយោបាយ ដែលលាក់អណ្ដាតទុក នៅក្រោយធ្មេញនោះទេ។ នៅចំពោះភាពតានតឹង ដែលកំពុងកើតមាន រវាងប្រទេសលោក និងប្រទេសរ៉ូស្ស៊ីនោះ លោករដ្ឋមន្ត្រីបានចេញ មក«ច្រូចសាំងបន្ថែមលើភ្លើង» ដោយប្រៀបធៀប ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នាប៉ុន្មានខែខាងមុខ នៅក្នុងប្រទេសរ៉ូស្ស៊ី ថាដូចគ្នានឹងព្រឹត្តិការណ៍ ប្រកួតកីឡាកអូឡាំពិក ឆ្នាំ១៩៣៦ ក្នុងរដ្ឋធានីប៊ែរឡាំង ក្រោមការដឹកនាំរបស់លោក អាដុលហ្វ៍ ហ៊ីត្លែ (Adolf Hitler)។
នៅក្នុងសម័យកាលនោះ លោក ហ៊ីត្លែ បានឆ្លៀតឱកាស នៃព្រឹត្តិការណ៍ប្រកួតកីឡា ជាលក្ខណៈអន្តរជាតិ និងដ៏ធំមួយនេះ ដើម្បី«ឃោសនា» ពីរូបភាព នៃរបបណាស៊ីនិយមរបស់ខ្លួន ប្រាប់ទៅពិភពលោក។
ឆ្លើយទៅនឹងសំនួរ របស់ក្រុមអ្នកតំណាងរាស្ត្រអង់គ្លេស នៅក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃពុធ ដែលចោទសួរថា តើព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងពេលខាងមុខនេះ អាចប្រៀបធៀបបាន ទៅនឹងកីឡាអូឡាំពិក ក្នុងរដ្ឋធានីប៊ែរឡាំងឬទេ? លោក បូរីស ចនសុន បានឆ្លើយបញ្ជាក់ច្បាស់ថា៖ «ពិតហើយ! ខ្ញុំគិតថា ការប្រៀបធៀប [ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨] ជាមួយនឹងព្រឹត្តិការណ៍កីឡាអូឡាពិក ឆ្នាំ១៩៣៦ មានភាពត្រឹមត្រូវ ច្បាស់លាស់ណាស់»។
បើទោះជារដ្ឋាភិបាលក្រុង ឡុងដ៍ បានប្រកាសពីជំហររបស់ផងខ្លួន ថាមន្ត្រីជាន់ខ្ពស់អង់គ្លេសទាំងអស់ រួមនឹងព្រះញាតិវង្សផង នឹងធ្វើពហិការ មិនទៅចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះក៏ដោយ តែលោក បូរីស ចនសុន នៅតែទាមទារឲ្យរដ្ឋាភិបាលក្រុង ម៉ូស្គូ ត្រូវធានាពីសុវត្ថិភាព និងសន្តិសុខ ទៅដល់បណ្ដាជនអង់គ្លេស ប្រមាណជា ២៤០០០នាក់ ដែលនឹងទៅគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន នៅផ្ទាល់កន្លែង។
លោក ចនសុន បានថ្លែងឡើងថា៖ «ប្រទេសរ៉ូស្ស៊ី ត្រូវធានា ពីសុវត្ថិភាពសន្តិសុខ ទៅដល់ក្រុមអ្នកគាំទ្របាល់ទាត់អង់គ្លេសទាំងអស់ ដែលនឹងធ្វើដំណើរ ទៅកាន់ទីនោះ។ វាជាភារកិច្ចរបស់ប្រទេសរ៉ូស្ស៊ី ដែលមានចែង នៅក្នុងកិច្ចសន្យា របស់ហ្វីហ្វា (Fifa - សហព័ន្ធបាល់ទាតអន្តរជាតិ) និងដែលត្រូវតែយកចិត្តទុកដាក់ ចំពោះបណ្ដាអ្នកគាំទ្រណាក៏ដោយ។»៕