វិភាគបាល់ទាត់៖ តើក្រុមជំរើសជាតិ អេស្ប៉ាញ ជាក្រុមខ្លាំងជាងគេ?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១២
- កែប្រែចុងក្រោយ: July 06, 2012
- ប្រធានបទ: បាល់ទាត់អ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការពិតហើយ ព្រោះភាពជោគជ័យ របស់ក្រុមនេះ បានបង្ហាញយ៉ាងច្បាស់
ការដណ្ដើមជាលើកដំបូង ឈ្នះពានរង្វាន់ បានដល់ទៅបីដងជាប់គ្នាដូច្នេះ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានតែក្រុម អេស្ប៉ាញនេះ តែមួយប៉ុណ្ណោះ។ ក្រុមជំរើសជាតិអាឡឺម៉ង់ និងបារាំងធ្លាប់បានស្រមើស្រមៃ ចង់បានដូចគ្នានេះដែរ តែមាន តែក្រុមជំរើសជាតិ របស់ប្រទេសអេស្ប៉ាញទេ ជាអ្នកធ្វើបានសំរេច។
ក្រុមអេស្ប៉ាញ ត្រូវបានគេរិះគន់ នៅមុនពេលចូល ទៅប្រកួត ជាញឹកញយដងថា ជាក្រុមដែលមិនសូវមានរសជាតិ។ តែបន្ទាប់ពីបានប្រកួតរួច ក្រុមនេះបានបង្ហាញអោយអ្នក រិះគន់ទាំងនោះ ភ្លឺភ្នែកផ្ទុយមកវិញ ថាជាក្រុមដែលនៅតែមាន រស់ជាតិឆ្ងុយឆ្ងាញ់ជាប់រហូត។ ហើយរាល់ជ័យជំនះរបស់ ក្រុមនេះ បានរឹតបង្តឹងមកវិញ នូវការគោរពកោតស្ងប់ស្ងែងជាខ្លាំង។
ដូចពាក្យសំដីរបស់ គ្រូបង្វឹកអេស្ប៉ាញ លោក វីសន្ដេ ដេល ប៊ូស្កេ (Vicente Del Bosque) ធ្លាប់ធ្លោយអោយដឹងថា «ដើម្បីក្លាយជាជើងឯកម្ដង វាពិបាកណាស់ហើយ។ រីឯក្លាយ ជាជើងឯកលើកទីពីរ វាកាន់តែស្មុគ្រស្មាញទៅទៀត។ តែចុះទំរាំ បានក្លាយជាជើងឯកលើកទី៣ គឺវាមានលក្ខណៈ វិសេសវិសាលណាស់។»
មិនអាចទេ ព្រោះមើលទៅដូចជាខ្វះអ្វីម្យ៉ាង ...
មុននឹងមកជួបប្រកួត ជាមួយនឹងអ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមជំរើសជាតិអេស្ប៉ាញ មិនបានបង្ហាញ ពីភាពខ្ពស់ផុតគេ នោះទេ។ បន្ថែមពីលើនេះ មានកីឡាករអេស្ប៉ាញម្នាក់ បានស៊ុតបញ្ចូលទី៩ម៉ែត្រខុស មិនចូលក្នុងទីរបស់ព័រទុយហ្គាល់ ក្នុងពេលប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅពេលជូបជាមួយនឹងក្រូអាស៊ី និងជាមួយបារាំង ក៏គេបានមើលឃើញពីភាព អល់អែករបស់ក្រុមអេស្ប៉ាញដែរ។
សំរាប់ស្ដេចបាល់ទាត់ ប៉ឺឡេ៖ ក្រុមអេស្ប៉ាញនៅចាញ់ឆ្ងាយពីក្រុមប្រេស៊ីល នៅឆ្នាំ១៩៧០
ឆ្លើយនឹងសំនួរថា តើនរណានឹងមានជ័យជំនះ បើមានការប្រកួតរវាង អេស្ប៉ាញនិងប្រេស៊ីលនោះ លោកប៉ឺឡេបាននិយាយ ជាមួយនឹងសំណើចតិចៗ ថា «យើងនឹងឈ្នះ ប្រសិនបើខ្ញុំចូលទាត់។» តារាបាល់ទាត់របស់ប្រទេសប្រេស៊ីល តាំងពីឆ្នាំ ១៩៧០រូបនេះ បានបន្ថែមថា «បើជាអោយខ្ញុំប្រៀបធៀប ក្រុមអេស្ប៉ាញថ្ងៃនេះ ទៅនឹងក្រុមប្រេស៊ីល កាលពីឆ្នាំ ១៩៧០ នោះ ខ្ញុំថាក្រុមប្រេស៊ីលល្អជាងឆ្ងាយ។ ក្រុមប្រេស៊ីលឆ្នាំ១៩៧០ ជាក្រុមមួយ ដែលបណ្ដាក្រុមបាល់ទាត់ក្នុងពិភពលោក យកជាគំរូ។»
នៅក្នុងសម័យកាលរបស់លោកប៉ឺឡេ ប្រទេសប្រេស៊ីល បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកបីដងដែរ នៅរវាងពីឆ្នាំ ១៩៥៨ មកទល់នឹងឆ្នាំ១៩៧០។
លោកប៉ឺឡេបានបៀបធៀប សមត្ថភាពផ្ទាល់ខ្លួន របស់កីឡាករអេស្ប៉ាញម្នាក់ៗ ថានៅមិនល្អដូច ទៅនឹងកីឡាករប្រេស៊ីល ឆ្នាំ១៩៧០ នោះទេ។ តែលោកបានបញ្ជាក់ថា «ការប្រៀបធៀបនៅលើតែសមត្ថភាពផ្ទាល់ខ្លួន មិនគ្រប់គ្រាន់ទេ។» លោក ថែមទាំងបានអបអរសារទរ នូវរបៀបទាត់បាល់របស់អេស្ប៉ាញ ថាបានធ្វើអោយគាត់សប្បាយចិត្តដិតអារម្មណ៍ តាំងពី ២ជំនាន់កន្លងមកហើយ។
និយាយជារួមមកវិញ គេនៅតែកោតសសើរ ចំពោះខ្សែរការពារដ៏រឹងមាំមួយ របស់ក្រុមជំរើសជាតិអេស្ប៉ាញនេះ តែអ្នកវិភាគ នៅតែនិយាយថា ក្រុមអេស្ប៉ាញស្ថិតនៅឆ្ងាយនៅឡើយពីក្រុមជំរើសជាតិប្រេស៊ីល ក្នុងឆ្នាំ១៩៧០។ តាមមើលទៅ ប្រហែល ជាមកពីក្រុមអេស្ប៉ាញ មិនមានតារាបាល់ទាត់ដ៏កំពូលដូចជា ប៉ឺឡេ (Pelé) ឬមារ៉ាដូណា (Maradona) មកទាល់នៅក្នុង ក្រុមជាមួយ។ តែសំនូរសួរថា តើក្រុមអេស្ប៉ាញត្រូវការតារាបាល់ទាត់ ដូចអ្នកទាំងពីរនេះទេ បើការលេងបាល់ជាក្រុម និង ជ័យជំនះទាំងឡាយរហូតមកដល់ថ្ងៃនេះ របស់ក្រុមអេស្ប៉ាញ ត្រូវបានយើងដឹងគ្រប់គ្នា ថាបានសំរេចនៅរាល់ការប្រកួត ហើយនោះ?