អ៊ឺរ៉ូ២០១៦៖ គ្មានរ៉ូណាល់ដូ តែព័រទុយហ្គាល់ឈ្នះជើងឯកអ៊ឺរ៉ុប បន្ទាប់ពីផ្ដួលបារាំង
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 11, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីសុបិន្តរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានក្លាយជាការពិត ខណៈក្រុមបារាំង ដែលជាម្ចាស់ផ្ទះ បានត្រឹមតែឈរមើលភ្ញៀររបស់ខ្លួន លើកពានជើងឯកប្រចាំទ្វីបអ៊ឺរ៉ុប ឆ្នាំ២០១៦នេះប៉ុណ្ណោះ។ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នាកីឡាដ្ឋាន «Stade de France» (ខាងជើងជាប់រដ្ឋធានីប៉ារីស) នេះ ក្រុមបារាំងបានធ្លាក់ជើង នៅចុងបញ្ចប់នៃការបន្ថែមម៉ោងលើកទីពីរ (៤៥+៤៥+១៥+១៥) ដោយបណ្ដាលឲ្យកីឡាករខ្សែប្រយុទ្ធឈ្មោះ «Eder» របស់ក្រុមព័រទុយហ្គាល់ ទាត់បាល់រាបផ្ទាល់នឹងដី រកពិន្ទុឲ្យក្រុមខ្លួន បាន១ទល់នឹង០។
ប៉ុន្តែបើពិនិត្យទៅលើសាច់បាល់ពីដំបូងមកវិញ ក្រុមព័រទុយហ្គាល់មិនបានផ្ដល់ក្ដីសង្ឃឹមប៉ុន្មាន សម្រាប់ក្រុមអ្នកគាំទ្រទេ ជាពិសេសនៅចំពោះការចាកចេញ នៅនាទីទី២៥ របស់កំពូលកីឡាករអន្តរជាតិរបស់ខ្លួន កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានរងរបួសជង្គង់ បន្ទាប់ពីបានប៉ះគ្នា នៅនាទីទី៨ ជាមួយកីឡាករខ្សែបម្រើបារាំង ឌីមីទ្រី ប៉ៃយ៉េត (Dimitri Payet)។
រីឯការគ្រប់គ្រងបាល់ និងការវាយសន្ធាប់ទៅលើគូប្រកួត ក៏ក្រុមបារាំងមានប្រៀបជាងដែរ (ពាក់កណ្ដាលម៉ោងដំបូង បារាំងមានភាគរយគ្រប់គ្រងបាល់ ៥៥% ខណៈព័រទុយហ្គាល់បានតែ ៤៥%ប៉ុណ្ណោះ)។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ មិនខុសណាពីការប្រកួតរវាងបារាំង និងអាល្លឺម៉ង់ ដែលអាល្លឺម៉ង់មានឱកាសវាយសន្ធាប់ លើបារាំង សឹងតែដកដង្ហើមមិនរួចនោះដូច្នេះដែរ។ សំខាន់ ដើម្បីឈ្នះការប្រកួត ក្រុមបាល់ទាត់មួយចាំបាច់ត្រូវរកគ្រាប់បាល់ឲ្យបាន។
យ៉ាងណា បើក្រុមបារាំងមានតែឱកាស (ដូចជានៅនាទីទី១០ និងទី៣៣) តែរកគ្រាប់បាល់មិនបាននោះ ក៏ដោយសារក្រុម ព័រទុយហ្គាល់ មានខ្សែការពារខ្លាំង អ្នកចាំទីពូកែ និងកីឡាករទាំងអស់ក្នុងក្រុម មានសាមគ្គីភាពរវាងគ្នា (រួមគ្នាចុះមកទប់ ឬលេងត្រូវជើងគ្នាជាដើម)។
នៅពេលចូលមកដល់ពាក់កណ្ដាលម៉ោងទីពីរ បារាំងបានបើកការវាយសន្ធាប់ ទៅលើក្រុមព័រទុយហ្គាល់ទៀត (បារាំងមានភាគរយគ្រប់គ្រងបាល់ ៥៤% ខណៈព័រទុយហ្គាល់បានតែ ៤៦%) និងរកឱកាសបានជាច្រើនដង (នាទីទី៦៦ - ទី៧៥ និងទី៨៤) តែនៅតែធ្វើអ្វី លើក្រុមព័រទុយហ្គាល់មិនបាន។ គ្រាប់បាល់ចុងក្រោយ (នាទីទី៩២) នៃម៉ោងប្រកួត៩០នាទី ដែលទំនងជាមិនផ្ដល់សំណាងឲ្យបារាំងសោះតែម្ដងនោះ គឺបាល់របស់កីឡាករខ្សែប្រយុទ្ធ អង់ដ្រេ-ពីច្យែ ហ្សីញ៉ាក់ (André-Pierre Gignac) ដែលទាត់ទៅចំដែកទ្រសំណាញ់។
ភាពគ្មានសំណាងនេះ និងវាយលុកខ្លាំងទៅលើគូប្រកួតនេះ បានធ្វើឲ្យកីឡាករបារាំងធ្លាក់ជើង នៅក្នុងវគ្គបន្ថែមម៉ោង និងជាពិសេស នៅក្នុងម៉ោងបន្ថែមទីពីរ។ កីឡាករ អែដេន (Eder) របស់ក្រុមព័រទុយហ្គាល់ បានបណ្ដើរបាល់ញាក់ ឆ្វេងស្ដាំខ្សែការពារបារាំង នៅនាទីទី១០៨ ហើយរកបានចន្លោះ ដើម្បីទាត់បាល់រាប់ផ្ទាល់ដី សំដៅទីបារាំងបានសម្រេចជាស្ថាពរ ជាមួយនឹងពិន្ទុ១ទល់នឹង០។
ជាលទ្ធផល ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះនិងលើកពានជើងឯក ក្រោមទឹកភ្នែកហូរឲ្យរហាម ពីសំណាក់កីឡាករម្ចាស់បាល់មាសបីជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ។ បើទោះជាគ្មានកីឡាកររូបនេះក៏ដោយ តែក្រុមព័រទុយហ្គាល់ នៅតែអាចយកឈ្នះជាជើងឯកបាន ដោយសារកីឡាករព័រទុយហ្គាល់នីមួយៗ សុទ្ធតែមានសន្ទុះទឹកចិត្តខ្លាំងក្លា និងភាពឆ្លាតវាងវៃ៕
--------------------
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖