ឯកអគ្គរាជទូតអង់គ្លេស តក់ស្លុតចំពោះឃាតកម្មលើ កែម ឡី
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 11, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឃាតកម្មបាញ់«ឆៅ»សម្លាប់លោក កែម ឡី នៅកណ្ដាលដើមទ្រូង នៃរាជាណាចក្រកម្ពុជា បានបង្កឲ្យមានប្រតិកម្មធ្លាក់ចុះមកជាបន្តបន្ទាប់។ ប្រសិនជាមានប្រតិកម្មខ្លាំងៗ ពីសំណាក់ពលរដ្ឋកម្ពុជាក្នុងស្រុក ដែលដូចជាមិនបានរួញញ័រ នឹងទង្វើដ៏យង់ឃ្នង នៃខ្មាន់កាំភ្លើង និងគូកននោះ តែក៏មានដូចគ្នា នូវប្រតិកម្មពីសំណាក់មន្ត្រីការទូតបរទេស ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជាដែរ។
ភ្លាមៗនៅក្រោយពេលកើតហេតុ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក ប៊ីល ឡងហ័ស្ត៍ (Bill Longhurst) បានសម្ដែងភាពតក់ស្លុត និងសោកស្ដាយ នៅពេលដែលលោកបានដឹង ពីដំណឹងដ៏អកុសលខាងលើនេះ។ លោកឯកអគ្គរាជទូតបានសរសេរ នៅក្នុងទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «តក់ស្លុត និងសោកស្ដាយ បន្ទាប់ពីបានដឹងថា អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក កែម ឡី ត្រូវបានបាញ់សម្លាប់»។
ជាការបាត់បង់ដ៏ធំធេង សម្រាប់កម្ពុជា...
សម្រាប់លោកឯកអគ្គរាជទូតអង់គ្លេស បានយល់ថា មរណៈភាពរបស់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេង សម្រាប់កម្ពុជា។ លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលភាគច្រើនជាការរិះគន់រដ្ឋាភិបាល ដោយមិនសំចៃមាត់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅក្នុងហាង «Star Mart» នៃស្ថានីយ៍ប្រេងឥន្ទនៈ «Caltex» ស្ដុបបូកគោ នៅវេលាម៉ោងប្រមាណជា ០៩ ព្រឹកថ្ងៃទី១០ ខែកក្កដាម្សិលម៉ិញ។
លោក ប៊ីល ឡងហ័ស្ដ៍ បានសរសេរបន្តថា៖ «សូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយនឹងគ្រួសាររបស់លោក កែម ឡី»។
សូមបញ្ជាក់ដែរថា បន្ទាប់ពីហេតុការណ៍នោះ កងកម្លាំងអាជ្ញាធរបានចាប់បានជនសង្ស័យម្នាក់ ដែលបានសារភាព នៅពេលក្រោយមក ថាខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយហេតុលោក កែម ឡី ជំពាក់ប្រាក់ខ្លួន ៣០០០ដុល្លារ។ ប៉ុន្តែចម្លើយសារភាពនេះ ត្រូវបានក្រុមគ្រួសារលោក កែម ឡី ប្រតិកម្មច្រានចោល និងបរិហារឃាតកម្មនេះ ថាមានលក្ខណៈ«នយោបាយ»៕