«វិស្វករ​ដែល​មិន​ចុះ​បញ្ជី មិន​អាច​ជា​វិស្វករ​"អាជីព"​ទេ»

វិស្វករ»ទាំងអស់នៅកម្ពុជា (ទាំងខ្មែរ និងបរទេស) អាចប្រឈមមុខ នឹងការបិទទ្វាក្រុមហ៊ុនរបស់ខ្លួន បើ​សិន​ជា​ក្រុមហ៊ុន​ទាំង​នោះ នៅ​តែ​មិន​ព្រម មកចុះបញ្ជីការត្រឹមត្រូវ តាមច្បាប់នោះទេ។ នេះជាការអះអាង របស់​អគ្គលេខា​ធិការ គណៈ​វិស្វករ​កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 31, 2015
  • ប្រធានបទ: សំណង់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានថ្លែងឲ្យដឹងថា វិស្វករទាំងឡាយ ទាំងខ្មែរ និង​បរទេស ដែលបានចុះបញ្ជីការ នៅគណៈវិស្វករកម្ពុជា ទើបពួកគាត់ធ្វើការ ដោយស្របច្បាប់ ជាវិស្វករ​នៅ​កម្ពុជា​បាន ខណៈវិស្វករស្របច្បាប់ ជាជនបរទេស មានចំនួនត្រឹមតែ៤នាក់ ឯវិស្វករខ្មែរ មានចំនួនជិត​២០០០​នាក់ ប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីសិក្ខាសាលាមួយ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ស្តីពី «សុវត្ថិភាពខ្សែកាបអគ្គិសនី សម្រាប់អនាគត ដើម្បីឲ្យកាន់តែមាន សុវត្ថិភាព» លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានអះអាងថា៖ «ក្រុមហ៊ុនណា ដែលទទួលយក​ជន​បរទេស មកធ្វើជាវិស្វករ ប្រចាំក្រុមហ៊ុនរបស់ខ្លួន ចាំបាច់ត្រូវតែនាំមកចុះបញ្ជី នៅគណៈវិស្វករកម្ពុជា។ បើមិន​ដូច្នោះទេ ទីមួយមិនស្របច្បាប់ ទីពីរយើងខាតបង់ថវិការរដ្ឋ។»

ការចុះបញ្ជីនេះ អាចឲ្យគណៈវិស្វករកម្ពុជា អាចធ្វើការគ្រប់គ្រង ទៅលើវិស្វករទាំងអស់ នៅកម្ពុជា មិនថា​បរទេស និងខ្មែរឡើយ។ លោកបានពន្យល់ថា កន្លងមក មានក្រុមហ៊ុនមួយចំនួន តែងតែដើរអះអាងថា ក្រុមហ៊ុន​ខ្លួន មានវិស្វករនេះ វិស្វករនោះ តែមិនមានអ្វីជាសំអាង ឬបញ្ជាក់ឡើយ។ លោកបន្តថា ដើម្បីជៀស​វាង នូវការបោកប្រាស់ទាំងនេះ គណៈវិស្វករកម្ពុជា បានចាប់ផ្តើមការងាររបស់ខ្លួន ក្នុងការប្រកាសជាសាធារណៈ ជាជំហានទីមួយ ក្នុងការអំពាវនាវឲ្យក្រុមហ៊ុន ឬវិស្វករទាំងអស់ ដែលចង់ប្រកបអាជីពនេះ មកចុះឈ្មោះ។

លោកបន្តថា លក្ខខ័ណ្ណសម្រាប់ វិស្វករទាំងអស់ ដែលអាចចុះបញ្ជី នៅគណៈវិស្វករកម្ពុជាបាន បើជាវិស្វករ ដែលទើបបញ្ចប់ ការសិក្សា (ទទួលបរិញ្ញាបត្រពីសាលា) អាចចុះបញ្ជី យកវិស្វករដំបូងជាបឋមសិន។ រហូត​ដល់មានបទពិសោធប្រាំឆ្នាំ ទើបអាចដាក់ពាក្យ ដើម្បីទទួលយក វិស្វករ«អាជីព»តែម្តង។ ឯអនុបណ្ឌិតវិស្វករ ត្រូវមានបទពិសោធបីឆ្នាំ និងបណ្ឌិតវិស្វករ ក៏ត្រូវមានបទពិសោធពីរឆ្នាំ សម្រាប់ទទួលយកបាន នូវការចុះ​បញ្ជី ទទួលងារជា«វិស្វករអាជីព»បាន។ លោក បានថ្លែងឲ្យដឹងថា៖ «សិស្សចេញពីសាលា មានតែទ្រឹស្តីទេ។ អញ្ចឹង​ទ្រឹស្តី ត្រូវផ្សារភ្ជាប់ នឹងការអនុវត្ត។»

អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្ននេះ គណៈវិស្វករកម្ពុជា បាននឹង​កំពុង​រៀបចំ ឲ្យមាន«វិស្វករអាជីព»។ តាមរយៈលក្ខខ័ណ្ឌខាងលើ លោកថា វិស្វករទាំងនោះ ត្រូវតែមកទទួល​យក​ពាក្យ និងបំពេញបែបបទ តាមរយៈ ការធ្វើសារណាការពារ ដែលអាចទទួលបាន នូវ«វិស្វករអាជីព»នោះ។ លោកបានបន្ថែមថា ក្រោយពីទទួលបាន ជាវិស្វករអាជីពហើយនោះ រួមផ្សំជាមួយនឹងបទពិសោធថ្មី បន្ថែម​ប្រាំពីរឆ្នាំទៀត អាចឈានទៅ យក«វិស្វករអាស៊ាន»បាន។

មន្រ្តីរូបនេះ បានព្រមានថា បើក្រុមហ៊ុនណា នៅតែមិនឲ្យវិស្វករបរទេស របស់ខ្លួន មកចុះបញ្ជីទទួលយក វិស្វករអាជីពទេ លោកនឹងស្នើគោលការណ៍នេះ ទៅកាន់ក្រសួង ដើម្បីចាត់វិធានការ ទៅលើក្រុមហ៊ុនទាំង​នោះ​តាមច្បាប់។ ជាមួយគ្នានេះ ក្រុមការងារលោក គ្រោងនឹងចុះធ្វើអធិការកិច្ច នាពេលខាងមុខ បន្ទាប់ពីបានធ្វើការ​ផ្សព្វផ្សាយ ឲ្យបានជ្រួតជ្រាបហើយនោះ។ លោក សុថាវ បានបន្ថែមទៀតថា៖ «យើងធ្វើការផ្សព្វផ្សាយ តាម​ការសែត វិទ្យុ ទូរទស្សន៍ និងទស្សនាវដ្តីផ្សេងៗ យើងត្រូវតែធ្វើការផ្សព្វផ្សាយ ដើម្បីកុំឲ្យពួកគាត់ឆ្លើយថា មិន​បាន​ដឹង។ (...) ហើយយើងក៏នឹងរៀបចំ ក្រុមការងារ ឲ្យដាក់លិខិត ទៅតាមក្រុមហ៊ុនទាំងនោះ បានជ្រាប​បន្ថែម​ទៀត ដើម្បីកុំឲ្យគាត់ថាមិនដឹង។»

គណៈវិស្វករកម្ពុជា ជាស្ថាប័នរដ្ឋាភិបាល?

លោកបានបន្តថា ដើមឡើងគណៈវិស្វករកម្ពុជា ជាស្ថាប័នឯកជន ជាស្ថាប័នក្រៅរដ្ឋាភិបាលមួយប៉ុណ្ណោះ ដែល​ហៅកាត់ថា (EIC)។ តែដោយរដ្ឋាភិបាល ចង់ធ្វើការប្រមូលផ្តុំវិស្វករទាំងអស់ មកដាក់ស្ថិតក្រោមការគ្រប់គ្រង និងតាមដានតែមួយនោះ ទើបសម្រេចឡើង នូវគណៈវិស្វករកម្ពុជា នេះឲ្យស្ថិតក្រោមការគ្រប់គ្រង របស់​រដ្ឋ​វិញ។ លោកបន្តថា គណៈវិស្វករកម្ពុជា ទើបតែមានអាយុកាល ជាងប្រាំមួយឆ្នាំប៉ុណ្ណោះ បើគិតត្រឹម​ឆ្នាំ​២០១៥​នេះ។ ហើយគណៈវិស្វករកម្ពុជានេះ មានអាណត្តិរបស់ខ្លួនប្រាំឆ្នាំ មានន័យថា ប្រាំឆ្នាំបោះឆ្នោត រើសអ្នក​គ្រប់​គ្រង និងដឹកនាំម្តង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...