អាជីកររងគ្រោះនៅផ្សារចាស់ ត្អូញត្អែរគ្មានអាជ្ញាធរណាជួយខ្លួន
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 28, 2014
- ប្រធានបទ: អគ្គិភ័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះអគ្គិបានឆេះកម្ទេចតូប និងទ្រព្យសម្បត្តិរបស់អាជីវករ នៅផ្សារចាស់ កណ្ដាលរាជធានីភ្នំពេញ ស្ទើតែទាំងអស់។ ក្រុមអាជីវករមួយចំនួន បានត្អូញត្អែរថា នោះជាទ្រព្យសម្បត្តិ ដែលពួកគាត់ខំស្វែងរកជិតពាក់កណ្តាលជីវិតទៅហើយ តែនៅទីបំផុត ត្រូវបានអគ្គិភ័យដ៏កំណាច ឆាបយកអស់គ្មានសល់។ អាជីវករមួយចំនួនបានសម្រេចចិត្តទៅខ្ចីប្រាក់គេ ដើម្បីយកមកសាងសង់តូបសំរាប់លក់ដូរឡើងវិញ។ ក្រុមអាជីវករខ្លះ បានថ្លែងថា បើរងចាំតទៅទៀត ពួកគាត់នឹងខាតពេលវេលារកទទួលទានកាន់តែច្រើន ព្រោះគ្រួសារពួកគាត់ទាំងនោះ ពឹងផ្អែកតែទៅលើការប្រកបរបរលក់ដូរនៅផ្សារនេះ តែមួយមុខប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ក្រុមអាជីវករទាំងនោះ នៅតែបានធ្វើការអំពាវនាវឲ្យអាជ្ញាធរ រកដំណោះស្រាយជួយពួកខ្លួន ខណៈដែលលោកអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បាននិយាយនៅក្រោយអគ្គិភ័យ ថាឲ្យពួកខ្លួនរងចាំការដោះស្រាយ ពីសំណាក់ថ្នាក់ដឹកនាំ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានតំណាងអាជ្ញាធរណាម្នាក់ មកសួរនាំដើម្បីជួយរកដំណោះស្រាយ ក្រៅតែពីការអនុញ្ញាតឲ្យសាងសង់តូបឡើងវិញដោយខ្លួនឯង និងគ្រាន់តែបានផ្តល់ខ្នាតតូបនីមួយៗ ត្រូវមានកំពស់ ៤ម៉ែត្រប៉ុណ្ណោះ នោះឡើយ។
ការខាតបង់ ដែលមានចំនួនច្រើនពាន់ម៉ឺនដុល្លារ
អាជីវករលក់សំលៀកបំពាក់ អ្នកស្រី តាំង សុខជា ជាបានប្រាប់ទស្សនាវដ្តីមនោរម្យអាំងហ្វូថា ភ្លើងដែលឆេះទ្រព្យសម្បត្តិនៅក្នុងផ្សារនេះអស់ចំនួន ៨ពាន់ដុល្លាហើយ។ បច្ចុប្បន្ននេះ អ្នកស្រីកំពុងសាសងតូបលក់ថ្មី នៅទីតាំងរបស់គាត់ដដែល។ ចំពោះការសាងសង់នេះ អ្នកស្រីចំណាយថវិការផ្ទាល់តែម្តង អស់យ៉ាងតិច ៨រយដុល្លារ ដោយមិនមានរដ្ឋាភិបាលជួយចេញថ្លៃខូចខាត ឫជួយជួសជុលតូបនោះទេ។
រីឯលោក ហួរ ផល្លា អាជីករលក់គ្រឿងអលង្ការ បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យជួយដល់គាត់ដែលជាជនរងគ្រោះផង និងជួយផ្តល់ជាថវិការ ឫជាសម្ភារៈដើម្បីសាងសង់តូប។ លោកបាននិយាយថា ទ្រព្យសម្បត្តិរបស់លោក ឆេះអស់ជាង ៣ម៉ឺនដុល្លា ហើយតូបថ្មីដែលគាត់កំពុងសាងសង់នេះ ចំនាយអស់ទឹកប្រាក់ផ្ទាល់ខ្លួន ចំនួន ១១៥០ដុល្លា។ តែមកដល់ពេលនេះ លោកមិនបានលឺថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហានេះទេ។
ចំណែងឯអ្នកស្រី សេង មួយគា អ្នកលក់ផ្លែឈើឯនោះវិញ បានត្អូញត្អែរថា អ្នកស្រីមានសមាជិកគ្រួសារ ក្នុងបន្ទុកជាច្រើននាក់ ដែលមិនអាចតំអក់ក្នុងការរកទទួលទាននេះ បានយូរតទៅទៀតឡើយ។ ស្រី្តអាជីវកររូបនេះ បានបន្តការត្អូញត្អែរទៀតថា កន្លងមកក្រុមគ្រួសាររបស់អ្នកស្រី តែងតែជួយឧបត្ថមថវិការដល់ជនក្រីក្រ តាមរយៈកាកបាតក្រហមកម្ពុជា មិនដែលខាន។ ដូច្នេះនៅពេលអាសន្នទាល់ក្រដែរនេះ អ្នកស្រីចង់ឲ្យមានការជួយឧបត្ថម្ភវិញម្តង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទំនាក់ទំនងសុំការស្រាយបំភ្លឺបានទេ ក្នុងពេលនេះ៕