ផ្កាយ២ស្រវឹងបើកបុកស្ត្រីម្នាក់ប៉ើងខ្ទប់ឡាន ធ្លាយពោះវៀនស្លាប់
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 17, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសម័យនេះ ជីវិតមនុស្សសត្វ មិនត្រូវបានចារ ដោយវាសនា ឬព្រហ្មលិខិតទៀតហើយ តែជីវិតមនុស្ស ជាល្បែងកំសាន្ដ របស់ក្រុមមនុស្ស គ្មានគុណធម៌មួយចំនួន ដែលផឹកប្រមឹក បើកបរយានយន្ដលើទ្រូងផ្លូវ ដោយគ្មានយល់ពីច្បាប់ទម្លាប់ គិតស្មានតែមួយផ្លូវមានតែឯង។ នេះគេនៅមិនទាន់និយាយដល់ ថានៈបុណ្យស័ក្តិ និងធន់ធានដែលក្រុមមនុស្សទាំងនោះ តែងយកមកប្រើ ដើម្បីជះទៅលើជនរងគ្រោះ នៅពេលខ្លួនបានបង្កគ្រោះថ្នាក់ម្ដងៗនោះផង។
សូមមើលរូបភាពខាងលើ ដែលនឹងធ្វើឲ្យអ្នកគិតថា បើសិនជាថ្ងៃណាមួយ រឿងនេះធ្លាក់មកអ្នកវិញ... តើអ្នកត្រូវស្ថិតក្នុងសភាពបែបណា? ស្ត្រីម្នាក់ ត្រូវបានរថយន្ដទំនើប របស់មន្ត្រីយោធាថានៈផ្កាយពីរម្នាក់ បើកបំបុកប៉ើងដូចខ្យល់ ទៅបុកទ្ទប់នឹងរថយន្ដមុួយទៀត រហូតធ្លាយពោះស្លាប់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៥ និង១៥នាទី នៅតាមបណ្ដោយផ្លូវ២០០១ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យោធាពាក់ផ្កាយពីរម្នាក់ ដែលត្រឡប់ពីផឹកស្រវឹងធ្លាក់ភ្នែក បានបើករថយន្ដទំនើប ធុន ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2600 របស់ខ្លួន យ៉ាងលឿន ហើយជ្រុលទៅបុកស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូ ក្នុងទិសស្របគ្នា បណ្ដាលឲ្យស្ត្រីរូបនោះ ប៉ើងខ្ទាតទៅ បុកខ្ទប់នឹងរថយន្ដនីសាន់មួយគ្រឿងទៀត ពេញមួយទំហឹង។ នេះបើតាមការអះអាង របស់មន្ត្រីសមត្ថកិច្ចនគរបាល ដែលបានចុះអន្តរាគមន៍ នៅនឹងកន្លែង។ ហេតុការណ៍ដ៏អាណោចអាធម រកអ្វីមកថ្លែងពុំបាន ព្រោះស្ត្រីរងគ្រោះ បានធ្លាយពោះវៀន ស្លាប់នឹងកន្លែងភ្លាមៗ។
មន្ត្រីនគរបាល បានធ្វើការងាររបស់ខ្លួន ដោយចាប់យោធារូបនេះ ប្រមូលយក រថយន្តបង្ករ និងម៉ូតូជនរងគ្រោះ ទៅកាន់ស្នងការនគរបាលភ្លាម ដើម្បីធ្វើការដោះស្រាយ និងចាត់ការតាមនីតិវិធីច្បាប់។ ប៉ុន្តែរឿងដ៏រន្ធត់ នៅតែបន្តលង សម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានទទួលសាកសព បន្ទាប់ពីក្រុមសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យហើយនោះ ដើម្បីយកទៅធ្វើបុណ្យ ទាំងខ្លោចផ្សារ។
សភាពដ៏តក់ស្លុតរកថ្លែងពុំបាន បានកើតឡើង ចំពោះស្ត្រីរងគ្រោះ និងក្រុមគ្រួសារនេះ តែមិនប្រាកដថា វានឹងមិនកើតឡើង ចំពោះអ្នកនៅថ្ងៃនេះ ឬថ្ងៃស្អែកឡើយ ដរាបណាការអនុវត្តន៍ច្បាប់ចរាចរណ៍ មិនត្រូវបានរឹតបន្តឹង ហើយការដាក់ទោសទណ្ឌ មិនធ្វើឲ្យបានម៉ឺងម៉ាត់ ទៅលើជនគ្មានគុណធម៌ ដែលប្រើប្រាស់ទ្រូងថ្នល់ យ៉ាងអាណាធិបតេយ្យ ដូចសព្វថ្ងៃ៕