ផ្អើល​ថា អេនជឺលីណា ជូលី នឹង​មក​រៀបការ​ជា​ថ្មី​នៅ​បាត់ដំបង

ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល បានចេញផ្សាយព្រោងព្រាត នៅក្នុងសារព័ត៌មានអាមេរិកាំងថា កំពូលតារាសម្ដែង និងជាសមិទ្ធិការិនីភាពយន្ដហូលីវ៉ូដ ដែលកំពុងធ្វើការលែងលះ ជាមួយលោក ប្រេដ ភីព (Brad Pitt) គ្រោងនឹងមករៀបការសារជាថ្មី នៅក្នុងប្រទេសកម្ពុជា។ តើជាការពិត ឬជាការប្រឌិត?
ផ្អើល​ថា អេនជឺលីណា ជូលី នឹង​មក​រៀបការ​ជា​ថ្មី​នៅ​បាត់ដំបង
នាង អេនជឺលីណា ជូលី (Angelina Jolie) តារាសម្ដែង និងជាសមិទ្ធិការិនីភាពយន្ដ នៅហូលីវូដ។ (រូបថតឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 26, 2017
  • ប្រធានបទ: តារាហូលីវូដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីច្រើនថ្ងៃមកហើយ សារព័ត៌មានជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានអះអាងថា នាង អេនជឺលីណា ជូលី (Angelina Jolie) តារាសម្ដែង និងជាសមិទ្ធិការិនីភាពយន្ដ នៅហូលីវូដ កំពុងមាន​ទំនាក់ទំនងបេះដូង​ជាថ្មី ជាមួយនឹងបុរសអ្នកជំនួយ ជាតិអង់គ្លេសម្នាក់។ ព័ត៌មានរបស់តារា ថាកំពុងទាក់ទងបុរសម្នាក់នេះ មិនត្រូវបានគេបញ្ចេញឲ្យដឹង ពីអត្តសញ្ញាណរបស់បុរសម្នាក់នេះទេ តែព័ត៌មានចចាមអារាម ចេះតែរីកធំឡើង ជាពិសេសទល់នឹងការបែកធ្លាយ​ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម។

បើព័ត៌មាននេះ ជាការពិត បានសេចក្ដីថា តារាម្ដាយចិញ្ចឹម របស់កូនខ្មែរឈ្មោះ ម៉ាដុក ទំនងជាកំពុងបើកទំព័រជីវិតថ្មីមួយទៀត បន្ទាប់ពីនាងបានសម្រេចចិត្តលែងលះ ពីស្វាមីមុនគឺតារាសំដែងល្បី លោក ប្រេដ ភីត (Brad Pitt) កាលពី៨ខែកន្លងទៅ។ ព័ត៌មានមួយទៀត ដែលបានចូលខ្លួនមកបញ្ជាក់ ពីដំណឹងខាងលើដែរនោះ គឺគម្រោងរបស់តារាសំដែងស្រី វ័យ៤១ឆ្នាំរូបនេះ ថានឹងទៅរៀបអាពាហ៍ពិពាហ៍ម្ដងទៀត នៅក្នុងក្រុងបាត់ដំបង ភាគខាងជើងប្រទេសកម្ពុជា។

ទស្សនាវដ្ដី «In Touch» បានផ្សាយពីដំណឹងខាងលើ ដោយបញ្ជាក់ថា តារា អេនជឺលីណា ជូលី កំពុងរៀបចំដោយសំងាត់ជាទីបំផុត នូវពិធីរៀបមង្គលការ ជាលើកទី៤របស់នាង នៅក្នុងទឹកដីកវីស្ទឹងសង្កែ។ នាង ជូលី ដែលកំពុងស្ថិតក្នុងនីតិវិធី នៃការលែងលះជាមួយអតីតស្វាមី ប្រេដ ភីត កំពុងធ្វើយ៉ាងណា ដើម្បីនីតិវិធីនោះបញ្ចប់ទៅ យ៉ាងឆាប់រហ័សបំផុត នឹងអាលបើកទំព័រជីវិតរបស់នាង ជាមួយបុរសអ្នកមានប្រាក់ ជាតិអង់គ្លេសម្នាក់ ដែលអាយុជាង៤០ឆ្នាំ ប្រហាក់ប្រហែលគ្នា​ដែរនោះ។

ប៉ុន្តែសម្រាប់គេហទំព័រ​សារព័ត៌មានអាមេរិក «Gossip Cop» វិញ មិនបានបង្ហាញការជឿជាក់ ទៅលើដំណឹង ដែលផ្សាយដោយទស្សនាវដ្ដីខាងលើទេ និងបានរិះគន់ដំណឹងនេះ ថាត្រូវបានបង្កើតឡើង ដើម្បីគ្រាន់តែទាក់ទាញ​ចំណាប់​អារម្មណ៍​ របស់​អ្នកអានប៉ុណ្ណោះ។ គេហទំព័របានពន្យល់ថា ទស្សនាវដ្ដី «In Touch» បានរៀបរាប់​យ៉ាងច្រើន ទៅលើពិធីរៀបអាពាហ៍ពិពាហ៍ដ៏ចម្លែកនេះ តែបែរជាមិនបានបង្ហាញឈ្មោះ កូនកម្លោះអ្នក​មានប្រាក់រូប​នោះ ថាជានរណឲ្យប្រាកដ។

យ៉ាងណាក៏ដោយ រឿងចែដន្យអី ក៏អាចកើតមានឡើងទាំងអស់ នៅហូលីវូដ។ ដំណឹងចចាមអារាម ដែលរត់ចុះឡើង នៅតាមប្រព័ន្ធផ្សព្វផ្សាយ បានក្លាយនៅទីបំផុត ទៅជាការពិត។ តារាៗច្រើននាក់ណាស់ បានធ្លាក់ខ្លួនរងគ្រោះ ព្រោះដំណឹងចចាមអារាមទាំងនេះ តែតារាទាំងនោះ បែរជាបង្ហាញខ្លួនរួមគ្នាជាផ្លូវការ និងបានថើបជញ្ជក់មាត់គ្នា នៅមុខសាធារណជន​ ពេលឱកាសផ្ដល់ឲ្យ ទៅហោង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...