សម រង្ស៊ី-ហ៊ុន សែន ខ្សិបខ្សៀវ​ជា​មួយ​គ្នា​ស្ងាត់ៗ​ទៀត​ហើយ...

ការខ្សឹបខ្សៀវ ដែលលោក សម រង្ស៊ី បានធ្វើជាមួយលោក ហ៊ុន សែន នោះ បានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ខណៈអ្នកទាំងពីរមានវត្តមាន ក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៥ ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 28, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាអាចជារឿងធម្មតា ព្រោះ​លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង​ដ៏​ល្បី និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​បី​ទស្សវត្ស​នៅ​កម្ពុជា តែង​តែ​ងាក​មក​ធ្វើការ​ខ្សឹប​ខ្សៀវ​គ្នា​ជា​ញយ​ដង ក្នុង​ពេល​មាន​អង្គ​ប្រជុំ រដ្ឋសភា​ពេញ​អង្គ សឹង​តែ​រាល់​លើក។ ក្នុង​រូបភាព​នៃ​អង្គ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​ នៅព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកា​លើក​នេះ គេ​ឃើញ​លោក សម រង្ស៊ី បាន​ស្កាត់​ទៅ​«ខ្សឹប​ខ្សៀវ» ជា​មួយ​លោក ហ៊ុន សែន ដែល​អង្គុយ​នៅ​ខាង​មុខ​ជិត​លោក ស ខេង ក្នុង​សាល​ប្រជុំ​ធំ​របស់​រដ្ឋសភា​ឯណោះ។ កន្លែង​អង្គុយ នៃ​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា តែ​ការ​មក​ជួប​គ្នា​នេះ ហាក់​ដូច​ជា​កន្លែង​អង្គុយ​នោះ នៅ​កៀក​គ្នា ងាក​ខ្លួន​ដល់។

ប៉ុន្តែរឿងដែលសំខាន់ និង​បង្ក​ការ​ភ្ញាក់​ផ្អើល ដល់​ក្រុម​អ្នក​សារព័ត៌មាន​នោះ គឺ​មេ​ដឹក​នាំ​ទាំង​ពីរ បាន​ដើរ​សំដៅ​ទៅ​បន្ទប់​មួយ​តែ​ពីរ​នាក់​ត​ទល់ នា​ម៉ោង​ជិត​១១​ព្រឹក បន្ទាប់​ពី​​កិច្ច​ប្រជុំ​នៃ​រដ្ឋសភា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នោះ។ តើ​បុរស​ទាំង​ពីរ ដើរ​ចូល​ទៅ​កាន់​បន្ទប់​ស្ងាត់​តែ​ពីរ​នាក់​នេះ ទៅ​ធ្វើ​អ្វី?

ចម្លើយពិតប្រាកដ មានតែលោក ហ៊ុន សែន និងលោក សម រង្ស៊ី ប៉ុណ្ណោះដែលដឹង។

សម្រាប់អ្នកសារព័ត៌មានទាំងអស់ ដែលបានដឹងហេតុការណ៍នេះ បានធ្វើការប៉ាន់ប្រមាណទុកជាមុនថា វា​ច្បាស់​ជានឹងកើតចេញ នូវហេតុភេទ«នយោបាយ»ថ្មីមួយឡើង នាពេលបន្ទាប់ទៀតនេះ។ ហេតុភេទនោះ ទំនងជាមានទាក់ទង ដល់ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង សកម្មជនដីធ្លី និងព្រះសង្ឃ។ ហើយករណី​មួយទៀត អាចជាការពិភាក្សាស្វែងរកចំណុចត្រូវគ្នាមួយ មុននឹងបង្កើតឲ្យមានកិច្ចប្រជុំកំពូល នាសប្តាហ៍​ក្រោយនេះ ទៅលើសេចក្តីព្រាងច្បាប់ បញ្ហាតំណែងប្រធាន អគ្គលេខាធិការ និងបញ្ហាសញ្ជាតិជាដើម ដែល​ត្រូវ​​ដាក់​បញ្ចូល​ក្នុងក្នុងច្បាប់ ស្ដីពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលម៉ិញនេះ លោក សម រង្ស៊ី ក៏មានជំនួប ដ៏អាថ៌កំបាំង​មួយជា​មួយ​លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែរ។ បន្ទាប់ពីបញ្ចប់ជំនួបនោះ ភាគីទាំងសងខាងមិនបានបង្ហើប​នូវ​ព័ត៌មាន ជាផ្លូវការណាមួយ ដែលស្របទៅនឹងស្ថានការសង្គមនយោបាយកម្ពុជា នាពេលបច្ចុប្បន្ននេះឡើយ។ ជំនួបនេះទៀតសោធ ក៏កើតឡើង ក្រោយពីគណបក្សសង្គ្រោះជាតិមានកិច្ចប្រជុំផ្ទៃក្នុង ជាបន្ទាន់មួយ នាព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកានោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...