កឹម សុខា ដើរចេញពីសភា មិនអនុម័តលើសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 28, 2014
- ប្រធានបទ: ហិរញ្ញវត្ថុ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសគោលជំហរជាថ្មី ក្នុងការមិនទទួលយក និងមិនចូលរួមអនុម័ត លើសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ ស្ដីពី«ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៥»ទេ ព្រោះតែគ្មានការបញ្ជាក់ណាមួយច្បាស់លាស់ ពីរដ្ឋាភិបាល។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភា មុនពេលចាកចេញ លោក កឹម សុខា បានលើកឡើងថា តាមការសិក្សារបស់លោក ឃើញមានបញ្ហាជាច្រើន ដូចជាការបាត់បង់ចំណូលយ៉ាងច្រើន និងរាល់ការចំណាយនានា មិនចំគោលដៅជាដើម។ លោកបានលើកជាឧទាហរណ៍ថា ដូចជាថវិការសម្រាប់ជួយចាស់ជរា ៤០០០០រៀលក្នុងមួយខែ ប្រាក់មានតែមិនឲ្យ ដូចជាលុយតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មួយលានរៀលក្នុងមួយខែ លុយមានតែមិនឲ្យ។
កិច្ចសម្ភាសក្នុងថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកបន្តថា បើមានការតម្លើងប្រាក់បៀវត្ស សម្រាប់មន្រ្តីរាជការដ៏តិចតួច នាពេលកន្លងមក ក៏ពិតមែន តែរាល់ទំនិញលើទីផ្សារ ក៏ត្រូវបានឡើងតាម ដែលមានតម្លៃរឹតតែខ្ពស់ជាងប្រាក់ខែ ដែលទទួលបាននោះ។ នៅពេលដែលត្រូវធ្វើការតម្លើងជាបន្ត បែរជាមិនអាចធ្វើទៅបាន ព្រោះតែការបាត់នូវចំណូលពីពន្ធនានា ដូចជាពន្ធលើប្រេងសាំងជាដើម។
លោកបានបន្តថា បញ្ហាសុខាភិបាលនៅខ្សោយ វិស័យអប់រំក៏គ្មានគុណភាព។ ក្នុងនាមលោក តំណាងឲ្យគណបក្សសង្គ្រោះជាតិ ត្រូវការលើកយកចំណុចលំអិតទាំងអស់ មកធ្វើការជជែកជាបន្តជាមួយរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យមានការកែសម្រួល ហើយលោកក៏មិនអាចទទួលយកបានដែរ នូវរយៈពេលដែលរដ្ឋាភិបាល ដាក់សម្រាប់គណបក្សសង្គ្រោះជាតិធ្វើការពិនិត្យ លើសេចក្តីព្រាងច្បាប់ថវិការ សម្រាប់ឆ្នាំ២០១៥នោះ។
សូមទស្សនាវីដេអូនែកិច្ចសម្ភាសដូចខាងក្រោម៖