«សម រង្ស៊ី-កឹម សុខា មិនអាចបង្កើតមនសិការក្នុងចិត្តមនុស្សបានទេ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមកុំយល់ច្រលំថា អ្វីៗទាំងអស់គណបក្សសង្គ្រោះជាតិជាអ្នកចាប់ផ្តើម។ (...) ដូចករណីកម្មករធ្វើបាតុកម្ម គឺកម្មករខ្លួនគាត់ គាត់តវ៉ាដើម្បីផលប្រយោជន៍ខ្លួនគាត់។ អាហ្នឹងឲ្យយល់ច្បាស់! តែក្នុងនាមយើងជាអ្នកស្រលាញ់ជាតិ ស្រលាញ់ប្រជាពលរដ្ឋ គោរពប្រជាពលរដ្ឋ ជាអ្នកការពារឆន្ទៈប្រជាពលរដ្ឋ គោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ យើងត្រូវតែគោរពសិទ្ធិប្រជាពលរដ្ឋដើម្បីធ្វើអ្វី បំរើ និងការពារនូវសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយយើងតែងតែអំពាវនាវគាត់ឲ្យអហិង្សា។» នេះជាសម្ដីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចោទប្រកាន់កាលពីថ្ងៃទី២៧ ខែធ្នូ ម្សិលម៉ិញនេះនៅទីស្តីការក្រសួងការងារថា បាតុកម្មរបស់កម្មករទាំងអស់នេះ មានការនាំមុខដោយគណបក្សនយោបាយ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
បាតុកម្មកម្មករ - ជាមួយនឹងការកើនឡើងនៃបាតុកម្មយ៉ាងគំហ៊ុក របស់កម្មករនិយោជិក ក្នុងពេលប៉ុន្មានថ្ងៃមុនជាប់ៗគ្នានេះ ត្រូវបានលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើការចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងរឿងនយោបាយ។ ក្នុងការធ្វើបាតុកម្មរបស់កម្មករទាំងអស់ នាពេលកន្លងមកមានការលូកដៃចូល ដោយគណបក្សនយោបាយ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «ជាក់ស្តែងយើងឃើញថា ថ្នាក់ដឹកនាំនៃគណក្សនយោបាយ បានទៅតំបន់កម្មករ ហើយធ្វើការប្រមូលបងប្អូនកម្មករមក។ ក្នុងនោះ មានទាំងសកម្មជនបានដើរអុកឡុក ដើម្បីអូសទាញកម្មករមកចូលរួមបាតុកម្ម។»
ឆ្លើយតបនឹងការលើកឡើង របស់លោក អ៊ិត សំហេង ខាងលើ លោក កឹម សុខា អនុប្រធានគណបក្សប្រជាជនកម្ពុជាបានពន្យល់ «បាតុកម្ម ជាសកម្មភាពសម្តែងនូវបាតុភូតណាមួយ ដែលស្ថាប័នរដ្ឋមិនបានធ្វើការដោះស្រាយ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ (...) បើស្ថាប័នរដ្ឋទាំងអស់នោះចេះដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ នោះនឹងមិនមានបាតុកម្មទេ។ បាតុកម្មជាការបង្ហាញនូវប្រតិកម្មអ្វីមួយ ដែលសំដៅឆ្ពៅទៅរកស្ថាប័នរដ្ឋ ដែលជាអ្នកកាន់អំណាច ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋវិញ។»
ជាមួយគ្នានេះប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា «យើងមិនចាំបាច់ទៅញុះញង់ និងក៏មិនចាំបាច់់ទៅដាស់អ្នកណាដែរ។ (...) តែថ្ងៃរះមនុស្សម្នាក់ៗគេងើប គេភ្ញាក់ដោយខ្លួនគេ។ (...) ថ្ងៃរះជាការយល់ដឹងរបស់មនុស្ស។ ថ្ងៃរះជាការរះក្នុងអារម្មណ៍ យើងភ្លឺ យើងភ្ញាក់ យើងមានមនសិការជាតិ និងមនសិការសង្គមដែលកំពុងតែផុសផុល។ (...) អំណាចផ្តាច់ការសម្លាប់មនសិការទាំងពីរនេះ ដែលជាការសម្លាប់វិញ្ញាណជាមុស្ស។ (...) បើគ្មានវិញ្ញាណទាំងពីរនេះទេ នោះមនុស្សគិតតែពីប្រយោជន៍ខ្លួន ចង់បានសុខតែម្នាក់ឯង។ (...) សម រង្ស៊ី និង កឹម សុខា មិនអាចបង្កើតមនសិការទាំងពីរនេះ ក្នុងចិត្តមនុស្សបានទេ។ (...) ហើយមនសិការទាំងពីរនេះ កើតមានដោយឯកឯង ចំពោះមនុស្សម្នាក់ៗ ឬអ្នកណាដែលមានឆន្ទៈគិតពីប្រយោជន៍ជាតិ ប្រយោជន៍សង្គម និងប្រយោជន៍ប្រជាពលរដ្ឋជារួម។»
តែទោះជាយ៉ាងណាក៏ដោយ លោក អ៊ិត សំហេង ក៏បានធ្វើការថ្គោលទោស និងព្រមានទៅលើក្រុមបាតុកម្ម ឬថ្នាក់ដឹកនាំបាតុកម្មណា ដែលបង្ករឲ្យមានអំពើហិង្សាកើតឡើង ហើយធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ លោកថា ការធ្វើបាតុកម្មត្រូវតែគោរពច្បាប់។ ហិង្សាទាំងឡាយត្រូវតែបញ្ជៀសឲ្យឆ្ងាយ ហើយនិងមិនគាំទ្រឲ្យមាន នូវអំពើហិង្សាទាំងអស់ជាបន្តរនោះដែរ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ រាល់ករណីហិង្សាទាំងឡាយ ដែលបានកើតនៅតាមកន្លែងនានាមួយចំនួន។»
ឯលោកសម រង្ស៊ី បានបញ្ជាក់បន្ថែមថា រាល់បាតុកម្ម«ពិត»តែងតែធ្វើឡើង ដោយអហិង្សាជានិច្ច។ គ្រប់បាតុករអហិង្សាទាំងអស់ តែងតែធ្វើឡើងដោយការគោរពទៅតាមច្បាប់ និងអហិង្សាជាអ្នកនាំមុខ។ លោកបានបន្តថា តែផ្ទុយមកវិញ បើកើតមានអំពើហិង្សា នោះមិនមែនជាការបង្ករឡើងដោយបាតុករអហិង្សា (អ្នកទាមទារយុត្តិធម៌ពិត) ទេ តែ (វា) ពិតជាបង្កឡើងដោយកម្លាំងទី«បី»មួយផ្សេងទៀត ដែលបានកើតចេញពី«កម្លាំងទីពីរស្ទួន»។ «គ្មានក្រុមទីបីទេ។ មានតែក្រុមទីពីរស្ទួន។ ដែលក្រុមនេះ កើតចេញពីរដ្ឋាភិបាលផ្ទាល់តែម្តង។ (...) ដូចជាករណីបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា ការសម្លាប់លោកជាវិជ្ជា និងលោក ឈុត វុទ្ធីជាដើម។»
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ