ផ្ទុះឆេះបន្ទប់ពិសោធនៅសាលាពេទ្យ ស្លាប់គ្រូបង្រៀនម្នាក់ (vdo)
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 08, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គីភ័យឆាបឆេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ពិសោធ លេខ២០១ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ហៅសាលាពេទ្យ ដែលមានទីតាំង នៅក្នុងក្រុមទី៩៥ ភូមិទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគ្គីភ័យនេះ បានឆាបឆក់យកជីវិត គ្រូបង្រៀនម្នាក់ ផ្នែកTP ភ្លាមៗ នៅពេលកើតហេតុ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ហ៊ុយ សៀក អាយុ៣៤ឆ្នាំ សព្វថ្ងៃជាគ្រូបង្រៀន ផ្នែកអនុវត្តន៍ផ្ទាល់ នៅក្នុងបន្ទប់ពិសោធ។ ប្រភពបន្តថា សាកសពអង្គុយស្លាប់ ដោយគ្មានសម្លៀកបំពាក់ នៅជាប់ខ្លួន នៅលើកៅអីក្នុងភ្នក់ភ្លើង ដែលស្ថិតនៅជាន់ទីបី។ ករណីអគ្គីភ័យនេះ បានផ្ទុះបណ្តាលឲ្យខូចខាត ពីបន្ទប់ពិសោធ២០១ ដល់បន្ទប់២០៣ ខណៈសាកសព របស់ជនរងគ្រោះ ស្ថិតនៅបន្ទប់២០១។
តាមការឲ្យដឹង ពីមិតភក្កិស្និតស្នាលម្នាក់ របស់សាកសពលោក សយ សាវរី បានរៀបរាប់ថា សាកសពពិតជា នៅមានចំណុចសង្ស័យច្រើន បើទោះជាពេទ្យជំនាញ និងអ្នកធ្វើកោសល្យវិច័យ មិនទាន់បានរកឃើញ ពីមូលហេតុ នៃការផ្ទុះច្បាស់លាស់ក៏ដោយ។ លោកបញ្ជាក់ថា មិត្តភក្កិរបស់លោក មិនអាចធ្វើអត្តឃាតនោះទេ ព្រោះនៅជិតសាកសព គ្មានវត្ថុតាងណាមួយ ដែលបញ្ជាក់ថា សពសម្លាប់ខ្លូនឯងទេ។ ម្យ៉ាងទៀត ចំណុចដែលគ្រប់គ្នាសង្ស័យ គឺសាកសពគ្មានសម្លៀកបំពាក់ ហើយនៅលើកៅអីធ្វើការទៀត។
មិត្តភក្តិជនរងគ្រោះរូបនេះ បានបញ្ជាក់ទៀតថា លោកផ្ទាល់ បានសង្ស័យពីការឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យផ្ទុះ រហូតដល់៣បន្ទប់បែបនេះ ដោយសារ នៅក្នុងបន្ទប់នោះ មានផ្ទុកអាល់កុល ប្រមាណ១២០លិត្រ ដូច្នេះភាគរយ នៃការឆាបឆេះបង្កឲ្យមានអគ្គិភ័យ មានកម្រិតខ្ពស់។
យ៉ាងណាក៏ដោយ គេនៅមិនទាន់បង្ហាញ ពីមូលហេតុ នៃការឆេះពិតប្រាកដនោះទេ។ រីឯសាកសពវិញ បន្ទាប់ពីធ្វើកោសល្យវិច័យរួច ត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រួសារ ក្នុងខេត្តកំពង់សោម ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ក្នុងហេតុការណ៍ គ្រោះអគ្គីភ័យដ៏អាថកំបាំងនេះ ត្រូវបានក្រុមមន្ត្រីជំនាញ ពន្លត់អគ្គីភ័យ ធ្វើការពន្លត់បានសម្រេច ដោយប្រើប្រាស់ឡានទឹក ចំនួនពីរ គ្រឿង និងបំពង់បាញ់ទឹក ២០ខ្សែរ ដើម្បីភ្ជាប់ទៅដល់គោលដៅ៕
» វីដេអូ ចាប់រូបភាព នៅក្រោយព្រឹត្តិការណ៍ (រូបភាពអាចប៉ះពាល់អារម្មណ៍)៖