មន្រ្តី គ.ជ.ប ត្រូវ​មាន​ជំហរ​ជា​មនុស្ស​«កណ្តាល»!

មន្រ្តី គ.ជ.ប ទាំងអស់ ត្រូវតែជាមនុស្ស ឯករាជ្យ អព្យាក្រិត្យ និងមិនលំអៀង។ នេះជាបរិបទថ្មី សម្រាប់លោក ស៊ិក ប៊ុនហុក ក្រោយលោកបានឡើង ជាប្រធាន គ.ជ.ប ថ្មី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 08, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំហររបស់មន្រ្តី គ.ជ.ប ទាំងអស់ ត្រូវតែ «អព្យាក្រិត្យ ឥតលំអៀង»។ នេះជាការលើកឡើង របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថ្មី ថ្លែងក្នុងពីធីបិទវគ្គ ផ្សព្វផ្សាយច្បាប់ គ.ជ.ប កាលពីថ្ងៃទីព្រហស្បត្តិ៍ ទី៧ ខែឧសភា នាសាលប្រជុំ ក្នុង​ក្រសួង​មហាផ្ទៃ។

ប្រធាន គ.ជ.ប ថ្មី បានលើកឡើង ពីលក្ខណៈរបស់ច្បាប់ ដែលបានធ្វើការហាមឃាត់ នូវចំណុចបីធំៗ ដូចជា មិនឲ្យផ្តួច​ផ្តើម ឬចូលរួមការឃោសនា មិនឲ្យចេញសេចក្តីថ្លែងការណ៍គាំទ្រ (លទ្ធផល ឬគណបក្សនយោបាយ) និងមិនឲ្យផ្តល់​សម្ភារៈ ក្នុងការធ្វើបាតុកម្ម ទៅកាន់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតឡើយ។ លោកថា បើមន្រ្តីណា​ម្នាក់​របស់ គ.ជ.ប មិនគោរព នូវគោលការណ៍ធំៗទាំងបីនេះទេ ត្រូវមានទោស តាមច្បាប់ចែង។

វគ្គផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានរៀបចំឡើង ដោយ គ.ជ.ប ថ្មី ក្នុងការផ្លាស់ប្តូរ និងផ្តលនូវចំណេះដឹង និងបទពិសោធថ្មី ទៅកាន់សិក្ខាកាម ចំនួន​១៦៥នាក់។ គណបក្សជាប់ឆ្នោតទាំងពីរ បានព្រាង និងអនុម័ត កាលពីដើមខែមេសាកន្លងមកនេះ នូវច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប ដែលមាន៧ជំពូក ៦៦មាត្រា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត មាន​១២ជំពូក មាត្រា១៧១។

សម្រាប់លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ថ្មីវិញ បានថ្លែង កាលពីពេលបើកវគ្គ ផ្សព្វផ្សាយច្បាប់​នេះ​ កាលពីថ្ងៃ​ព្រហស្បត្តិ៍ ទី៧ ខែឧសភាថា វគ្គនេះ មានបំណងផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែម ឲ្យ គ.ជ.ប និងមន្រ្តី​លេខា​ធិការដ្ឋាន រាជធានី-ខេត្ត រៀបចំការបោះឆ្នោតុ ដើម្បីបានមន្រ្តីទាំងអស់ ធ្វើការត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ យ៉ាងណា លោក ប៊ុនរឿន បានលើកឡើងថា ចំណុចថ្មីសម្រាប់សិក្ខាការទាំងអស់ ដែលត្រូវតែធ្វើការ ស្វែងយល់បន្ថែមនោះ នៅមានច្រើនទៀត ដូចជាដំណើរការ នៃការចុះឈ្មោះ អ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រជាដើម។

អនុប្រធាន គ.ជ.ប ថ្មី បានអះអាងដូច្នេះថា៖ «ដើម្បីធានា ឲ្យការបោះឆ្នោតនាពេលខាងមុខ ប្រព្តឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសុច្ចរិទ្ធភាព (...) លទ្ធផលនៃការបោះឆ្នោត ត្រូវឆ្លុះបញ្ចាំងពីឆន្ទៈ ពីប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស។»

សិក្ខាកាមម្នាក់ លោក ប៉ាវ សុខមាន អនុប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តប៉ៃលិន ដែលបានចូលរៀន ក្នុង​វគ្គសិក្សានេះ បានគាំទ្រច្បាប់គ្រប់គ្រង គ.ជ.ប ថ្មីនេះថា មានភាពប្រសើរជាងមុន ដែលអាចផ្តល់ការទុកចិត្ត ឲ្យ​ប្រជា​ពលរដ្ឋ តម្លាភាព និងយុត្តិធម៌។ សិក្ខាកាមរូបនេះ បានបន្ថែមថា លោកចង់ក្លាយជាមនុស្សម្នាក់ ដោយឯករាជ្យ ក្នុងការ​ធ្វើ​ការងារ ដើម្បីប្រយោជន៍ជាតិ សង្គម និងប្រជាពលរដ្ឋ។ លោក បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំនឹងផ្តាច់ខ្លួនពីស្ថាប័នដើម មក​ចូលរួម ជាមួយស្ថាប័នបោះឆ្នោតវិញ។ ព្រោះស្ថិត ក្នុងការអនុវត្តច្បាប់តែម្តង។ ការចូលចិត្តរបស់ខ្ញុំ ចង់នៅជាអាជ្ញា​កណ្តាល ក្នុងការអនុវត្តច្បាប់។»

ឯសិក្ខាកាមម្នាក់ទៀត លោក សុខ ធី ជាជំនួយការណ៍ គ.ជ.ប បានបង្ហាញការយល់ឃើញ របស់លោកដែរថា កាលពីនៅ គ.ជ.ប ចាស់ មិនសូវទទួលបាន នូវព័ត៌មានអ្វីលំអិតពី គ.ជ.ប នេះឡើយ។ តែសម្រាប់ គ.ជ.ប ថ្មីនេះវិញ លោកហាក់ដូច​ជា ទទួលបានព័ត៌មានច្រើន ដែលពីមុនមកគ្មាន។ មន្ត្រី គ.ជ.ប រូបនេះ បានរៀបរាប់ថា អ្នកដែលមកឧទេសនាម មិនបាន​លាក់​លៀមនូវព័ត៌មាន ឯអ្នកដែលចូលរួម សុទ្ធជាអ្នកមានបទពិសោធ ក្នុងការងារ និងបានចែករំលែកគ្នា ទៅតាមអ្វី ដែលពួក​គាត់​បានដឹង។

លោក សុខ ធី បានថ្លែងគាំទ្រច្បាប់គ.ជ.ប ថ្មី ថាមានលក្ខណៈប្រសើរជាងច្បាប់ចាស់ ព្រោះតែច្បាប់នេះ មានការឯកភាព​ផ្នែកនយោបាយ រវាងគណបក្សឈ្នះឆ្នោតទាំងពីរ ដែលជាកត្តាមួយ ធ្វើឲ្យមានភាពប្រសើឡើង ក្នុងការឯកភាពគ្នា​លើ​ចំណុច ដែលផ្ទុយ នាពេលកន្លងមក។ លោក បានបញ្ជាក់ឲ្យដឹងថា៖ «មានការឯកភាពគ្នា យើងយកទៅអនុវត្ត វាគ្មាន​ការ​ចម្រូងចម្រាស់គ្នាទេ មានន័យថា ឯកភាពទាំងអស់គ្នា ហើយក្រោយការបោះឆ្នោត ក៏អាចមានការឯកភាព ទាំងសងខាង នោះនាំឲ្យប្រទេសយើង មិនមានជាប់គាំង ផ្នែកនយោបាយទៀតទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...