សម្ភាស ផាន់ សិទ្ធី៖ គណបក្សហ្វ៊ុនស៊ិនប៉ិចឈរលើ«មាគ៌ារាជានិយម» បង្រួបបង្រួមខ្មែរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ មុននឹងសម្រេចចិត្តថា តើគណបក្សណាមួយដែលជាជម្រើសរបស់ប្រជាពលរដ្ឋ ដើម្បីឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ដើម្បីអាចមកដឹកនាំវានាកម្ពុជានោះ ពលរដ្ឋជាម្ចាស់ឆ្នោត គប្បីស្វែងយល់ពីគោលនយោបាយរបស់គណបក្សនីមួយៗ។ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយតំណាងមួយរូបមកពី គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបកស្រាយពីគោលនយោបាយសំខាន់ៗ របស់គណបក្សនេះ សម្រាប់ការដឹកនាំប្រទេសកម្ពុជានាពេលខាងមុខ។
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានបន្ទូលក្នុងសមាជគណបក្សថ្ងៃទី២៣ខែមិនាឆ្នាំ២០១៣។ (រូបថត MONOROOM.info)
លោក ផាន់ សិទ្ធី សមាជិកគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះប្រធាន បានបង្ហាញដល់អ្នកយកព័ត៌មានយើង នូវគោលនយោបាយសំខាន់ៗទាំង១៨ចំណុច ក្នុងការចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមានន័យដូចខាងក្រោម ៖
មនោរម្យព័ងអាំងហ្វូ៖ សូមលោកសង្ខេបនូវចំណុចសំខាន់ៗ នៃគោលនយោបាយថ្មី របស់គណបក្សរាជានិយមហ្វុនស៊ិនប៉ិច មានទាំង១៨ចំណុច?
ផាន់ សិទ្ធី៖ គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ដោយមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ។ ព្រះមហាក្ស ជានិមិត្តរូបនៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និងយុត្តិធម៌សង្គម។ មាគ៌ានយោបាយរាជានិយម សីហនុនិយម ជានយោបាយជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បង្រួបបង្រួមខ្មែរគ្រប់និន្នាការ អព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ។ ការពារសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសនានាលើសាកលលោក។ ដោយឈរលើគោលការណ៍«មាតាធិបតេយ្យ» ស្រ្តីបានចូលរួមក្នុងវិស័យនយោបាយ ជម្រុញឲ្យកូនស្រីបានរៀនសូត្រដូចកូនប្រុស។ ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។ លើកកម្ពស់នីតិរដ្ឋ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ គោរពច្បាប់។ គ្មានរំលោភបំពានដីធ្លីប្រជារាស្រ្ត។ ពិនិត្យ និងដោះស្រាយករណីជនអន្តោប្រវេសន៍ លុបបំបាត់អំពើពុករលួយ។ ឯករាជ្យភាពនៃមន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយទទួលបានប្រាក់បៀរវត្យសមរម្យ។
ទាក់ទងទៅនឹងបញ្ហាការរំលោភសិទ្ធិមនុស្ស ដីធ្លី ដែលកើតចេញពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការកាប់បំផ្លាញព្រៃឈើ តើមានដំណោះស្រាយយ៉ាងណា ក្រោយពេលគណបក្សលោកជាប់ឆ្នោត?
ផាន់ សិទ្ធី៖ ដើម្បីលុបបំបាត់ការរំលោភបំពាន និងការប៉ពាល់ដល់ដីធ្លីរបស់ប្រជារាស្រ្ត តាមរយៈដីសម្បទានសេដ្ឋកិច្ច ត្រូវធ្វើការពិនិត្យ មុននឹងចុះហត្ថលេខាផ្តល់នូវចំនួនដី ដល់ក្រុមហ៊ុនទៅតាមច្បាប់ដែលបានចែង។ ធ្វើបែងចែកដីធ្លីឲ្យបានច្បាស់លាស់ និងធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ដោះស្រាយដីសង្គមកិច្ចជូនប្រជារាស្រ្តក្រីក្រ។ និងកែលំអរចំពោះការផ្តល់ដីសម្បទានក្នុងរយៈពេល៩០ឆ្នាំ មកត្រឹម៣០ វិញ ជាសវាងការបាត់បង់ដី ជាពិសេស នៅតាមបណ្តាព្រំដែននិងដកហូតមកវិញបើក្រុមហ៊ុននោះមានមានការអភិវឌ្ឍន៏ជាក់ស្តែងតាមកិច្ចសន្យា។
ទាក់ទងពីបញ្ហាពុករលួយ ដែលមានការរីរាលដាលស្ទើរគ្រប់ស្ថាប័ន-ក្រសួង បើគណបក្សលោកឈ្នះឆ្នោត នឹងមានវិធានការទប់ស្កាត់ និងដោះស្រាយយ៉ាងណា?
ផាន់ សិទ្ធី៖ រឿងពុករលួយមានជាខ្សែរចង្វាក់ ហើយច្បាប់យើងក៏មានរួចហើយដែរ តែអ្វីដែលសំខាន់នោះ ការមិនបានអនុវត្តច្បាប់បានពេញលេញតាមរយៈ ការរំលោភអំណាច ការយកកំរៃសេវាសាធារណៈដោយខុសច្បាប់ពីប្រជារាស្រ្តជាដើម។ ត្រូវផ្តន្ទាទោសចំពោះមន្រ្តីដែលបានប្រព្រឹត្តខុសច្បាប់ ដោយគោរពពីគោលការណ៍ច្បាប់។ ច្បាប់លក្ខន្តិកៈ ក្រមសីលធម៌ វិជ្ជាជីវៈមន្រ្តីតុលាការ និងមន្រ្តីថ្នាក់ដឹកនាំត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ «មុននិងក្រោយ» នៃការឡើងកាន់តំណែង។ ជំរុញឲ្យមានការយល់ដឹងពីភាពស្អាតស្អំ និងដឹងពីអ្វីជាអំពើពូករលួយតាំងពីវ័យក្មេងទៅ ជាពិសេសបញ្ជ្រៀបតាមគ្រឹះស្ថានសិក្សានានា។ ពង្រឹង និងអភិវឌ្ឍសមត្ថភាព គុណភាព អព្យាក្រឹតភាព ឯករាជ្យភាព នៃមន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
បញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែន និងបញ្ហាប្រាក់កម្ចីពីបរទេស មានការដោះស្រាយតាមវិធីសាស្រ្តណាខ្លះលើកត្តានីមួយៗ?
ផាន់ សិទ្ធី៖ បញ្ហាអន្តោប្រវេសន៍នៅកម្ពុជាមានច្រើន ដែលមួយភាគធំចូលមកដោយខុសច្បាប់ តាមរយៈការត្រូវរ៉ូវគ្នាជាមួយអាជ្ញធរ ដើម្បីធ្វើឯកសារ និងផ្តល់នូវអន្តសញ្ញាណប័ណ្ណដោយខុសច្បាប់ជាដើម ។ បញ្ហានេះយើងនឹងធ្វើការពង្រឹងនូវការអនុវត្តច្បាប់អន្តោប្រវេស និងច្បាប់សញ្ជាតិ។ ធ្វើការសើរើ ដកហូត និងបញ្ជូនត្រឡប់ទៅស្រុកវិញនូវជនបរទេសណា ដែលកាន់កាប់អត្តសញ្ញាណ និងឆ្លងដែនដោយខុសច្បាប់។ បញ្ហាព្រំដែន គណបក្សហ្វុនស៊ិនប៉ិច និយាយពីបុរណភាពទឹកដី ជាការគោរពគ្នា មិនឈ្លានពានគ្នាទៅវិញទៅមក កំណត់ឲ្យបានច្បាស់ នូវចំណុចនៃខ្សែរព្រំដែនជាមួយប្រទេសជិតខាងដោយឈរលើគោលការណ៍ច្បាប់ និងសន្ធិសញ្ញា ហើយធ្វើការដោះស្រាយតាមសន្តិវិធី និងដោយសន្តិភាព។ ឯបញ្ហាកម្ចីប្រាក់ពីបរទេស សម្រាប់ការអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ ហ្វុនស៊ិនប៉ិចនៅតែអាចធ្វើការកម្ចីបានបើសិនជាយើងគ្មានធនធាន ហើយយើងក៏អាចទៅរកលុយពីបរទេសតាមរយៈជំនួយឥតសំណង និងជំនួយមានសំណង តែត្រូវធ្វើការគ្រប់គ្រងឲ្យមានតម្លាភាព ដោយមានផែនការ កំណត់ពីចំណូល និងចំណាយឲ្យបានច្បាស់លាស់ទៅតាមផ្នែកនីមួយៗ ប្រកបដោយការត្រួតពិនិត្យមានគុណភាពខ្ពស់ ជាសវាងអំពើពុករលួយ និងការកេងប្រវ័ញ្ញ។
ជាចុងក្រោយ តើគណបក្សរាជានិយមហ្វុនស៊ិនប៉ិច មានបេក្ខភាពឈរឈ្មោះ ជាតំណាងរាស្រ្តសរុបប៉ុន្មាននាក់ ក្នុងនោះមានស្រ្តីប៉ុន្មានរូប និងប៉ុន្មានខេត្ត-ក្រុងដែលបានឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទីប្រាំនេះ?
ផាន់ សិទ្ធី៖ សម្រាប់បេក្ខភាពជាស្រ្តីនៃគណបក្សរាជានិយមហ្វុនស៊ិនប៉ិច ដែលត្រូវឈរឈ្មោះជាតំណាងរាស្រ្ត ដើម្បីចូលរួម ការបោះឆ្នោតក្នុងអាណត្តិទីប្រាំនាខាងមុខនេះមានចំនួនស្រ្តីសរុប៣៦នាក់ ក្នុចំណោមបេក្ខជនទាំងបម្រុងនិងពេញសិទ្ធិមានចំនួន២៦៤នាក់។ គណបក្សរាជានិយមហ្វុនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តទាំង២៤ខេត្ត-ក្រុង ដែមមាន១២ខេត្តក្រុងនិងទទួលបានមួយអសនៈក្នុងមួយមណ្ឌល ឯខេត្ត-ក្រុងដ៏ទៃទៀតអាចទទួលបានត្រឹមតែមួយអសនៈ ឬមិនអាចតាមសក្កដានុពលនៃការប្រគួតប្រជែងគ្នា ជាមួយគណបក្សដទៃ ដោយសារតែខេត្តនោះមានតែមួយកៅអី។
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ