ប៊ីតប្រកាសចេញ កាសស្ដាប់ត្រជៀក«ស្ទូឌីយ៉ូ»ស៊េរីថ្មី តម្លៃជិត៣០០ដុល្លា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនផលិតកាសស្ដាប់ត្រចៀក ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ប៊ីត (Beats) បានប្រកាសចេញកាសស៊េរីថ្មី ដែលមានគុណភាពសំលេងពិរោះមិនធម្មតា និងជាហីហ៊ោដ៏ល្បីមួយឈ្មោះថា «ប៊ីត អាខូស្ទិកអេជិន» (Beats Acoustic Engine) កាលពីថ្ងៃព្រហស្បតិ៏។
កាសស្ដាប់ត្រជៀក ថ្មីរបស់ក្រុមហ៊ុន ប៊ីត។ (រូបថត របស់ក្រុមហ៊ុន)
កាសប៊ីត បានចេញចរាចរណ៏លើទីផ្សារលើកដំបូងនៅឆ្នាំ២០០៨ ហើយក៏បានក្លាយខ្លួនជាម៉ូដែល ដែលមានការពេញនិយមបំផុតពីសំណាក់យុវវ័យ និងអ្នកស៊ីវីល័យ។ បន្ទាប់ពីឃើញពីភាពជោគជ័យក្នុងរយះពេល២ឆ្នាំកន្លងមកនេះ បច្ចុប្បន្នក្រុមហ៊ុនផលិតប៊ីត កំពុងតែកែប្រែ និងបន្ថែមគុណភាពសម្លេងឲ្យកាន់ច្បាស់ល្អថែមទៀត។
លក្ខណៈពិសេសរបស់កាសស៊េរីថ្មីនេះ វាបានភ្ជាប់មកជាមួយនូវកម្មវិធី ឌីអេសភី (DSP software) ដែលធ្វើឲ្យគុណភាពសំលេងកាន់តែច្បាស់ល្អឥតខ្ចោះ និងពិរោះរណ្តំចិត្តជាមួយនឹងបាសអុកល្អ។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីឌីអេសភីនេះ វាបានជួយលុបបំបាត់សំលេងរំខាននានាពីបរិយាកាសខាងក្រៅផងដែរ។
ស្ទូឌីយ៉ូស៊េរីថ្មីនេះ វាមានលក្ខណៈ២យ៉ាងសម្រាប់អ្នកប្រើប្រាស់ ពោលគឺវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានការជ្រើសរើសពីរបៀបប្រើ២ប្រភេទ៖ អាចលឺសំលេងខាងក្រៅធម្មតា និងបិទកុំឲ្យលឺសំលេងខាងក្រៅអ្វីទាំងអស់។
ចំពោះសមត្ថភាពថ្មរបស់វា កាសស៊េរីថ្មីនេះ មានចំណុចពិសេសយ៉ាងអស្ចារ្យ ដែលអាចសាកថ្មពេញ ហើយប្រើបានរហូតដល់២០ម៉ោង។ ហើយវាអាចសាកតាមខ្សែមីក្រូយូអេសប៊ី (microUSB) ក៏បាន ឬបើអ្នកប្រើខ្សែភ្ជាប់កាសទៅនឹងទូរស័ព្ទដៃ វានឹងទាញយកថាមពលពីទូរស័ព្ទ ដោយស្វ័យប្រវត្តិ ប៉ុន្តែលុះត្រាតែវាជិតអស់ថាមពលមែនទែន។
សម្រាប់ការរចនាម៉ូដ ប៊ីតបានរចនារូបរាង្គយ៉ាងស្រស់ស្អាត រលើបរលោងបំផុត។ ជាពិសេសវាមានភាពធុនជាងមុន ក្នុងករណីធ្លាក់ ដែលបណ្តាលឲ្យបាក់បែក។ ក្រៅពីនោះវាជួយកាត់បន្ថយការប្រឡាក់នូវធូលីនានា និងមានពន្លឺចែងចាំងជាងមុនដល់ទៅ១៣%។
កាសប៊ីតស្ទូឌីយ៉ូស៊េរីថ្មីនេះ នឹងដាក់លក់លើទីផ្សារ នៅដើមខែសីហាខាងមុខ ដែលមានតម្លៃប្រមាណ ២៩៩,៩៥ដុល្លាសហរដ្ឋអាមេរិក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ