ព្រាប កុល៖ ពលរដ្ឋ​ផ្ទះ​ជួល គួរ​មាន​សិទ្ធិ​បោះឆ្នោត​នៅ​នឹង​កន្លែង

រាល់ពេល រាល់អាណត្តិ នៃការបោះឆ្នោតម្តងៗ គេសង្កេតឃើញ កម្មករ ជាច្រើន ទាំងក្នុងប្រទេស និង​ក្រៅ​ប្រទេស តែង​តែ​ត្រឡប់ទៅ​កាន់​ទី​កំណើត ឬទីលំនោរបស់ខ្លួន យ៉ាងតក់ក្រហល់ និងវេទនា ដើម្បី​ចូលរួម​បោះ​ឆ្នោត ជ្រើស​រើស​ថ្នាក់​ដឹកនាំ​របស់ខ្លួន។ លោក ព្រាប កុល បានផ្ដល់ទស្សនៈមួយពីករណីនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 07, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយហេតុថា ពលរដ្ឋចំណាកស្រុកជាច្រើន មានភាពពិបាក ក្នុងការត្រឡប់ទៅស្រុកភូមិខ្លួនវិញ ដើម្បីធ្វើការ​បោះឆ្នោតនោះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានថ្លែងថា នឹងស្នើដល់ គ.ជ.ប ដើម្បីឲ្យ​ពលរដ្ឋ កម្មករចំណាកស្រុក ដែលមកជួលផ្ទះគេនៅ ដើម្បីធ្វើការនៅភ្នំពេញ ឬតាមបណ្តាខេត្តនានាក្តី អាច​ចូល​រួម​បោះឆ្នោត ក្នុងមណ្ឌលដែលខ្លួនស្នាក់នៅ តែម្តង។ ការថ្លែងរបស់លោក បានធ្វើឡើង ស្របពេលដែល គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងលើកឡើងនូវសេចក្តីព្រាង ស្តីពីបទបញ្ជា និង​នីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៦ខាងមុខនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅស្នាក់ការ​អង្គការតម្លាភាពកម្ពុជា កាលពីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ លោក ព្រាប កុល គ្រោងនឹងដាក់ពាក្យមួយ ស្នើទៅកាន់ គ.ជ.ប ដើម្បីលើកកិច្ចពិភាគ្សា ជាមួយនឹងក្រសួង​មហាផ្ទៃ ដោយអនុញ្ញាត ឲ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អាចបោះឆ្នោត នៅតំនប់ដែលខ្លួនកំពុងស្នាក់នៅ ជាអចិន្ត្រៃយ៍ ឬជាកន្លែងដែលខ្លួនធ្វើការងារ។ លោកបន្តថា ការធ្វើបែបនេះ ជាចំណែកមួយសម្រួល ​ដល់ការធ្វើ​ដំណើរ និងការចំណាយពេលវេលា ធ្វើការរបស់ពួកគាត់ ព្រោះតែចូលរួមការបោះឆ្នោត។

ប្រធានអង្គកាតតម្លាភាពរូបនេះ បានបញ្ជាក់ថា អង្គការរបស់លោក នឹងគ្រោងដាក់នូវអនុសាសន៍ខាងលើ ដើម្បី​ឲ្យគ.ជ.ប ពិនិត្យ និងពិចារណា ដើម្បីអាចដាក់បញ្ចូលដំណោះស្រាយខាងលើ ទៅក្នុងសេចក្តីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោតនេះ។

លោកបានបង្ហើប នូវចំណុចវិជ្ជមាននៃ អនុសាសន៍នោះថា ដើម្បីធ្វើឲ្យនីតិវិធី នៃការចុះឈ្មោះបោះឆ្នោត កាន់​តែមានភាពប្រសើរ និងងាយស្រួលឡើង ជូនប្រជាពលរដ្ឋ ហើយក៏អាចធានាបាន នូវភាពរលូននៃការងារ ក៏​ដូចជាការអនុវត្ត នូវបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនោះដែរ។

ករណីនេះ ក្នុងកិច្ចប្រជុំនៃក្រុមបច្ចេកទេស នាវិមានរដ្ឋសភា ក្នុងរយៈកាលកន្លងមក ក៏ធ្លាប់បានលើកឡើង ដោយ​តំណាងរាស្រ្តគណបក្សប្រឆាំង លោក គួយ ប៊ុនរឿន ដែរ។ កាលនោះ លោក ប៊ុនរឿន ធ្លាប់បានថ្លែង ក្នុង​កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មានថា ក្រុមការងារលោក បានស្នើដាក់យោបល់ទាំងនោះ ក្នុងអង្គប្រជុំ ដើម្បី​ដាក់ចូលក្នុងច្បាប់របស់ គ.ជ.ប។ លោកបានលើកឡើងថា លោកបានស្នើឲ្យកម្មករខ្មែរ នៅក្រៅប្រទេស (ប្រទេស​ជិតតខាង) មានសិទ្ធិបោះឆ្នោត នៅប្រទេសគេតែម្តង ឬអាចមកបោះត្រឹមខេត្ត ដែលមានព្រំប្រទល់ ជាប់​នឹង​ប្រទេសនោះក៏បាន។ លោកថា ការស្នើឡើងនេះ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បដិសេធ មិនទទួលយក ព្រោះត្រូវចំណាយលុយរដ្ឋច្រើន។

» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ និងទីនេះ

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ជុំវិញការលើកឡើង​ខាងលើ បាននៅឡើយ នាពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...