សម រង្ស៊ី ពន្យល់ពីជ័យជំនះ«ក្លែងក្លាយ»របស់ ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៩ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 29, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានពន្យល់ពីជ័យជំនះ «ងាយស្រួល» របស់បុរសខ្លាំង នៅកម្ពុជា ចេញពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មួយ ដែលមេដឹកនាំប្រឆាំងរូបនេះ ហៅថា ជាការបោះឆ្នោត«ក្លែងក្លាយ» ដោយបានមក ពីការបោះឆ្នោត ដែលគ្មាន «ការប្រកួតប្រជែងពិតប្រាកដ» បន្ទាប់ពីលោក ហ៊ុន សែន «បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ ដែលអាចដណ្តើមយកជ័យជំនះ»។
ប្រធានចលនាសង្គ្រោះជាតិ បានពន្យល់ក្នុងន័យដើមទាំងស្រុងថា៖
«ជ័យជំនះនេះ គ្មានន័យអ្វីទេ ហើយមិនអាចដោះស្រាយវិបត្តិនយោបាយ ដែលប្រទេសកម្ពុជា កំពុងតែប្រឈម។ សម្រាប់មហាជន ដែលមិនមានជម្រើស ក្នុងការបញ្ចេញមតិ ដោយសារតែអវត្តមានគណបក្សសង្គ្រោះជាតិ លទ្ធផលនៃការបោះឆ្នោតនេះ មិនអាចឆ្លុះបញ្ចាំង ឆន្ទៈប្រជារាស្ត្រខ្មែរបានទេ។ ជាលើកទីមួយ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ គឺតាំងពីការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជា ឥតមានរដ្ឋាភិបាលស្របច្បាប់ ដែលទទួលស្គាល់ ដោយសហគមន៍អន្តរជាតិទាំងមូល។ ដូច្នេះ វិបត្តិនយោបាយ នៅតែបន្ត ហើយកាន់តែធ្ងន់ធ្ងរទៅៗ។»
បើតាមតួលេខ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោត នៅទូទាំងប្រទេស មានចំនួនជិត ៧លាននាក់ ស្មើ៨២,១៧%។ ចំនួននេះ មានការខុសគ្នាយ៉ាងច្រើន បើប្រៀបទៅនឹងឆ្នាំ២០១៣ ដែលមានតែ ៦៩,៦១%។
មេដឹកនាំប្រឆាំង នៅតែបន្តអះអាងថា ប្រជារាស្ត្រខ្មែរភាគច្រើនលើសលុប មិនចង់ចូលរួម ក្នុងការបោះឆ្នោត«ក្លែងក្លាយ»នេះទេ ក្រោមមូលហេតុថា ពួកគេមិនអាចជ្រើសរើសគណបក្ស ដែលម្នាក់ៗស្រលាញ់ ក្នុងចិត្ត។ លោកបញ្ជាក់ថា អត្រានៃអ្នកចូលរួមបោះឆ្នោត ដែលអាជ្ញាធរប្រកាស មិនឆ្លុះបញ្ចាំងបំណងពិតប្រាកដ នៃអ្នកបោះឆ្នោតនោះឡើយ ដោយលើកហេតុផលពីរយ៉ាង មកបញ្ជាក់ តាមការដកស្រង់ទាំងស្រុង ដូចខាងក្រោម៖
«១- បរិយាកាសភ័យខ្លាច និងការគំរាមកំហែង បានបង្ខំឲ្យពលរដ្ឋរាប់មិនអស់ ចូលរួមក្នុងការបោះឆ្នោតនេះ ដោយផ្ទុយពីឆន្ទៈ របស់សាម៉ីខ្លួន។ ឧទាហរណ៍៖ កម្មករ កម្មការិនីប្រមាណ ៧ សែននាក់ ត្រូវបានគេគាបសង្កត់ ឲ្យទៅចូលរួមបោះឆ្នោត ថ្ងៃនេះ ផ្ទុយពីការបោះឆ្នោតមុនៗ ដែលមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ។ តែពេលនេះ គេឲ្យកម្មករឈប់ ៣ ថ្ងៃ ដើម្បីចូលរួមការបោះឆ្នោត ដែលមិនមានវត្តមាន គណបក្សសង្គ្រោះជាតិ។ កម្មករ កម្មការិនីណា ដែលម្រាមដៃមិនប្រឡាក់ដោយទឹកខ្មៅ ពេលត្រឡប់មករោងចក្រវិញ ត្រូវគេគំរាមបញ្ឈប់ពីការងារ។»
«២- ការលួចបន្លំ និងការបំភ្លៃសន្លឹកឆ្នោត នៅតាមគ្រប់ការិយាល័យបោះឆ្នោត ត្រូវបានធ្វើឡើង ដោយសារតែ គណបក្សកាន់អំណាច ជាអ្នកត្រួតត្រាដំណើរការបោះឆ្នោត ពីដើមទី ដល់ចុងបញ្ចប់។ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ គ.ជ.ប. ក្លាយឡើងវិញ ទៅជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយស៊ុមក្រលុម ជាមួយគណបក្សនេះ។»
លោក សម រង្ស៊ី បានលើកពីករណី អ្នកឃ្លាំមើលការបោះឆ្នោត ក្នុងការបោះឆ្នោតជាតិលើកនេះ ដែលលោកអះអាងថា ពោរពេញកង្វះភាពជឿជាក់។ លោក ពន្យល់ថា៖ «អង្គការឃ្លាំមើលការបោះឆ្នោត ដែលគេអាចជឿជាក់បាន ទាំងក្នុងស្រុក ទាំងក្រៅស្រុក បានបដិសេធ មិនព្រមឃ្លាំមើលការបោះឆ្នោតក្លែងក្លាយនេះទេ។ ជាចុងក្រោយ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ការរៀបចំការបោះឆ្នោត ត្រូវបាត់បង់ភ្នាក់ងារគណបក្សនេះ ជាង ៤៦០០០ នាក់ ដែលធ្លាប់តែចូលរួមឃ្លាំមើល ការបោះឆ្នោតមុនៗ មានន័យថា ក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះ គណបក្សកាន់អំណាច បានលួចបន្លំសន្លឹកឆ្នោត ព្រមទាំងបំប៉ោងតួលេខ តាមតែអំពើចិត្តរបស់គេ។»។
មេដឹកនាំចលនាសង្គ្រោះជាតិ បានលើកឧទាហរណ៍មួយទៀត ក្នុងករណីអ្នកបោះឆ្នោត ក្នុងរាជធានីភ្នំពេញ មកបញ្ជាក់ថា៖ «នៅទីក្រុងភ្នំពេញ ថ្ងៃនេះ ការិយាល័យបោះឆ្នោតភាគច្រើន ស្ងាត់ជ្រាប តែ គ.ជ.ប. អាយ៉ង ប្រកាសថា មានអ្នកចូលរួមបោះឆ្នោត យ៉ាងគគ្រឹកគគ្រេង រហូតដល់ទៅ ៧០ ភាគរយ។ គួរឲ្យអស់សំណើច។»៕