ផៃ ស៊ីផាន៖ អាវខ្មៅជាសញ្ញាសំគាល់ឲ្យខ្មែរក្រហម និង ISIS
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 08, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក់អាវពណ៌ខ្មៅជុំគ្នា ឬការនាំគ្នាយកអាវពណ៌ខ្មៅមកពាក់ នៅក្នុងឱកាសអ្វីមួយ មិននៅត្រឹមជាសេរីភាព នៃការស្លៀកពាក់ ឬការបង្ហាញនូវទុក្ខព្រួយ របស់មនុស្សម្នាឡើយ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យនិយមន័យនៃការពាវអាវពណ៌ខ្មៅទាំងនោះ ស្មើនឹងសញ្ញាសំគាល់ ឬជានិមិត្តសញ្ញារបស់ក្រុមខ្មែរក្រហម និងក្រុមភេរវនិយមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
ចាប់ពីថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ក្រុមសមាគមអង្គការក្រៅរដ្ឋាភិបាលជាច្រើន បានប្រកាសបើកយុទ្ធនាការពាក់អាវខ្មៅ ឬ«ថ្ងៃចន្ទ ពណ៌ខ្មៅ» ដើម្បីជាសញ្ញាមួយទាមទារឲ្យមានការដោះលែង មន្ត្រីការពារសិទ្ធិមនុស្សបួននាក់ របស់សមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.)។ មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់ មានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ រីឯមន្ត្រីជាន់ខ្ពស់ ដែលមានថានៈ ជាអគ្គលេខាធិការរងរបស់ គ.ជ.ប. គឺលោក នី ចរិយា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានហៅការពាក់អាវពណ៌ខ្មៅនេះ ថាជាការកាន់ទុក្ខ និងការខកចិត្ត តបនឹងអំពើអយុត្តិធម៌នៃការចាប់ចង ពីសំណាក់អាជ្ញាធរកម្ពុជា ទៅលើសូម្បីតែសកម្មជនសិទ្ធិមនុស្ស។ តែការអះអាងរបស់ក្រុមសង្គមស៊ីវិលនេះ មានសភាពផ្ទុយគ្នាស្រឡះ ទៅនឹងការលើកឡើង របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។
ថ្លែងផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានដើមអំពិល កាលពីថ្ងៃសៅរ៍ទី៧ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ លោក ផៃ ស៊ីផាន បានពន្យល់ថា៖ «ពណ៌ខ្មៅ មានក្រុមពីរយកមកប្រើ។ ខោអាវខ្មៅច្រើនពួកខ្មែរក្រហម យកមកប្រើ។ ហើយកាលណ្នឹង គេនាំគ្នាពាក់អាវខ្មៅ និងធ្វើយុទ្ធនាការ ដើម្បីសេរីភាព ដើម្បីរំដោះឲ្យវណ្ណៈស្មើគ្នា។ (...) ហើយក្រុមទីពីរនោះ គឺពួក "ISIS" ដែលបង្កើតភេរវកម្ម នៅតំបន់មជ្ឈឹមបូព៌ា ដែលអ្នកខ្លះគេចោទថា ជាក្រុមដែលពួកអាមេរិកាំងបង្កើត។ ប្រហែលជាពួកអាមេរិកាំង បង្កើតពួកណ្នឹង (ក្រុមអង្គការសង្គមស៊ីវិល) ដែរឬទេ? ខ្ញុំឆ្ងល់។»
«ឧទ្ទាមក្នុងក្រុង»
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមើលឃើញក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ថាជាក្រុមឧទ្ទាមនៅក្នុងក្រុង។ លោកបានឲ្យដឹងទៀតថា៖ «ពីដើម ពួកប៉ុលពតជាឧទ្ទាមនៅក្នុងព្រៃ នៅជនបទ។ ប៉ុន្តែឥឡូវនេះ នៅក្នុងស្ថានភាពថ្មីនេះ ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលទទួលលុយពីបរទេសណ្នឹង ហើយយើងហៅថា ជាភ្នាក់ងារបរទេសណ្នឹង ឥឡូវគេរៀបចំចលនាមួយទៀត ហៅថាឧទ្ទាមនៅក្នុងក្រុង»។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក ផៃ ស៊ីផាន ជុំវិញការពាក់អាវពណ៌ខ្មៅនេះ បានបង្កឲ្យមានភាពប្រទាំងប្រទើសច្រើន និងពិបាកឲ្យអ្នកផងយល់ ឬធ្វើការសន្និដ្ឋាន។ មិនយល់ ព្រោះនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ខ្លួនលោក និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត សុទ្ធតែធ្លាប់ជាអតីតកម្មាភិបាលរបស់ខ្មែរក្រហម។ ជាពិសេស អតីតព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ ក៏ធ្លាប់ពាក់អាវខ្មៅ បង់ក្រម៉ា ឈរប្រកៀកស្មារ ជាមួយនឹងក្រុមខ្មែរក្រហមទាំងនោះដែរ (រូបខាងក្រោម)។
ដោយឡែក សម្រាប់សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា ដែលបានចូលរួមក្នុងយុទ្ធនាការ ពាវអាវខ្មៅ ដែរនោះ បានថ្លែងនៅក្នុងវេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរីថា ការពាក់អាវខ្មៅរួមគ្នាចង់បង្ហាញថា របបដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃ គឺមិនខុសពីរបបខ្មែរក្រហមឡើយ៕
» រូបថតដែលសម្ដេចសីហនុ ថតជាមួយក្រុមខ្មែរក្រហម នៅចំងាយ៥២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៧៣៖