ខៀវ កាញារីទ្ធ ដេញអ្នកដែលពូកែជេរ ពូកែច្រណែន ឲ្យចេញពីផ្ទះ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 12, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាប្រតិកម្មបែបធម្មតា និងបែបវាហី របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តបទៅនឹងក្រុមអ្នករិះគន់ នៅលើគណនីហ្វេសប៊ុករបស់លោក។ ប៉ុន្តែប្រតិកម្មនោះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ និងអាចធ្វើឲ្យផ្ទុះសំណើចសើចសប្បាយ។
លោករដ្ឋមន្ត្រី បានចាប់ផ្ដើមនូវឃ្លាដំបូងថា៖ «Facebook របស់ខ្ញុំសំរាប់រាប់អាន ចែករំលែកចំណេះដឹង និងគំនិតថ្មី ឬក៏ចែករឿងកំប្លែងសើចលេង ក្នុងរង្វង់មិត្តនឹងមិត្ត»។
បន្ទាប់មកលោក បានបញ្ជូនសារបណ្ដេញក្រុមអ្នករិះគន់ ឲ្យផុតពីមុខពីមាត់ដូច្នេះថា៖ «ហេតុនេះ បើអស់លោកណាមកខ្ចីផ្ទះខ្ញុំ ដើម្បីបង្ហាញថា លោកពូកែជេរ ពូកែច្រណែន សូមអញ្ជើញទៅសហគមន៍ជេរ និងសហគមន៍ច្រណែនណ្នុងទៅ»។
និងនៅទីបញ្ចប់ លោកថា៖ «ខ្ញុំមិនស្វាគមន៍មនុស្ស បែបក្រៅសង្គមអញ្ចឹងទេ»។
នៅលើគណនីរបស់លោក ខៀវ កាញារីទ្ធ គេកម្រឃើញលោកបង្ហោះ ពីសារនយោបាយ និងលើកឡើងខ្លាំងក្លា ពីសកម្មភាពបែបឃោសនា សម្រាប់រដ្ឋាភិបាល ឬសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលផ្ទុយគ្នាស្រឡះ ពីសមាជិករដ្ឋាភិបាលមួយចំនួន ឬមន្ត្រីថ្នាក់ក្រោមដទៃទៀត។ តែគេឧស្សាហ៍ឃើញលោក បង្ហោះពីបច្ចុប្បន្នភាពនៅបរទេស និងពីសកម្មភាពប្រចាំថ្ងៃរបស់លោក ជាមួយនឹងគ្រួសារ ឬជាមួយនឹងមិត្តភ័ក្រជាដើម។
ប៉ុន្តែសកម្មភាព ដែលលោកបង្ហោះនោះ តែងត្រូវបានក្រុមអ្នករិះគន់ យកទៅធ្វើជាប្រធានបទ ដើម្បីវាយប្រហារត្រឡប់មករកលោក និងរដ្ឋាភិបាលវិញ។ សម្រាប់លោករដ្ឋមន្ត្រី អ្នកទាំងនោះជាអ្នក«ពូកែជេរ» និង«ពូកែច្រណែន»។
យ៉ាងណាក៏ដោយ ក៏សារបង្ហោះរបស់លោកខាងលើ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានគាំទ្រ និងចែករំលែក។ ប៉ុន្តែអ្នកខ្លះទៀត ក៏នៅតែមិនពេញចិត្ដដដែលដែរ ជាពិសេសនៅត្រង់ពាក្យថា លោកមិនស្វាគមន៍មនុស្ស បែប«ក្រៅសង្គម» ដោយចោទជាសំនួរ ត្រឡប់មកលោក ខៀវ កាញារីទ្ធ វិញថា តើសង្គមបែបណាទៅ ដែលលោករដ្ឋមន្ត្រី (ដែលជាបុគ្គលសាធារណៈមួយរូប) មិនចង់ឲ្យមានការរិះគន់៕