ខៀវ កាញារីទ្ធ៖ ភ្នំពេញប៉ុស្តិ៍«ឈ្លើយ» ខុសវិជ្ជាជីវៈ
- ដោយ: អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 11, 2015
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញនូវការខកចិត្ត និងសោកស្តាយ ចំពោះ ការសែត ភ្នំពេញប៉ុស្តិ៍ ដែលបានទៅកកាយឯកសារ ក្នុងឆ្នាំ២០០៥ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដើម្បីមកធ្វើការចោទ លោក ជា ស៊ីម ដែលបានស្លាប់ទៅហើយនោះ ថាបានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ក្នុងសម័យខ្មែរក្រហមទៅវិញ។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន ក្នុងថ្ងៃទី១១ ខែមិថុនានេះ រដ្ឋមន្ត្រី និងជាមន្រ្តីជាន់ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងពន្យល់ថា ខណៈ«សព»លោក ជា ស៊ីម កំពុងត្រូវបានប្រជាពលរដ្ឋ «ស្ទើរ»ទូទាំងប្រទេស កាន់មរណទុក្ខនេះ បែរជាការសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយ និងសរសេរព័ត៌មាន ដោយគ្មានមូលដ្ឋានគ្រិះពិតប្រាកដ ខ្វះខាតខាងមនសិការ គ្មានសីលធម៌ បំពានលើវិជ្ជាជីវៈសារព័ត៌មាន ដែលលោកហៅថា មានភាព«ជម្លើយ» ហួសព្រំដែន។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្ថែមទៀតថា៖ «ការសែតភ្នំពេញប៉ុស្តិ៍ ពាក្យខ្មែរ ដែលយើងហៅថា “ឈ្លើយ”។ (...) ខ្មែរយើងនៅពេលបុណ្យមរណទុក្ខ គាត់ (ភ្នំពេញប៉ុស្តិ៍) ទៅយករបាយការណ៍មួយ ឆ្នាំ២០០៥ មិនមែនជារបាយការណ៍ឥឡូវទេ។ ខ្មែរយើងសម្រាប់ការគោរពសព វាជារឿងសំខាន់ណាស់ យើងមិនអាចធ្វើដូច្នេះបានទេ។ (...) តាមផ្លូវច្បាប់គេអាចប្តឹងបាន ថ្វីត្បិតគាត់យករបាយការណ៍ របស់ ប្រេដអាដាំ តាំពីឆ្នាំ២០០៥ឯណោះ (...)។ តែគាត់យកមកផ្សាយ ជាសាធារណៈនៅពេលនេះ តាមច្បាប់គ្រួសារ គេអាចប្តឹងបាន។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកទទួលខុសត្រូវ របស់ការសែតភ្នំពេញប៉ុស្តិ៍ បាននៅឡើយ នារសៀលថ្ងៃទី១១ ខែមិថុនានេះ។ ប៉ុន្តែបន្ថែមពីលើការថ្លែង របស់លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រី ក្រសួងព័ត៌មានហើយនោះ នៅក្នុងថ្ងៃទី១១ ខែមិថុនានេះដដែល ក្រសួងព័ត៌មាន ក៏បានចេញ នូវសេចក្តីថ្លែងការណ៍មួយទៀត ធ្វើការថ្កោលទោស ចំពោះការចុះផ្សាយអត្ថបទ របស់ការសែតភ្នំពេញប៉ុស្តិ៍នេះដែរ ដោយហៅការចុះផ្សាយនោះ ថាបានធ្វើឡើង លើខណៈមួយ ដែលមិនសមស្រប។
កាលពីថ្ងៃទី ១០ ខែមិថុនា ម្សិលម៉ិញនេះ ការសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស បានសរសេរ និងចុះផ្សាយក្នុងការសែតរបស់ខ្លួន នូវអត្ថបទមួយ តាមរបាយការណ៍ចាស់ របស់លោក ប្រេដអាដាំ នាយកទទួលបន្ទុកកិច្ចការអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដោយបានចោទប្រកាន់លោក ជា ស៊ីម ថាជាមនុស្សម្នាក់ ដែលបានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរក្នុងសម័យខ្មែរក្រហម។ ព័ត៌មានដែលសរសេរជាភាសាអង់គ្លេស ក្នុងការសែតភ្នំពេញប៉ុស្តិ៍នោះ មានចំណងជើងថា «Sim’s KR rol Scrutinised»៕