ឃាតកម្មលើអ្នកសារព័ត៌មាន៖ នីទណ្ឌភាពនៅកម្ពុជា ត្រូវតែបញ្ចប់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» ជាប្រធានបទមួយ ទាមទាឲ្យមានការបញ្ចប់បញ្ហានីទណ្ឌភាពនៅកម្ពុជា ពិសេសការសម្លាប់អ្នកសារព៏ត៌មានចំនួន១១នាក់ ក្នុងរយៈកាលជាង២០ឆ្នាំមកនេះ មិនទាន់បានរកយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយទេ ហើយជនដៃដល់ ក៏កំពុងរស់នៅយ៉ាងសុខសប្បាយ ក្នុងឋានៈបុណ្យសក្ក័ និងមុខមាត់នៅឡើយដែរ។
កម្មវិធី «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» របស់ក្រុមអង្គការសង្គមស៊ីវិល។ (រូបថត MONOROOM.info/ O. Vary)
នីទណ្ឌភាព - ក្រុមអង្គការសង្គមស៊ីវិល រួមជាមួយអ្នកសហគមន៍បឹងកក់ បូរីកីឡា ៣៤៧ ថ្មគោល និងសហគមដទៃទៀត បានរៀបចំឡើងនៅមុខ និងខាងក្រៅរបងស្តាតអូឡាំពិច។ ការជួបជុំនេះក្នុងគោលបំណង ចូលរួមជាមួយសហគមអន្តរជាតិលើកទីបី ដើម្បីបញ្ចប់នីទណ្ឌភាព ពិសេសនីទណ្ឌភាពនៅកម្ពុជា ដែលនៅតែជាបញ្ហាធំ ដែលត្រូវធ្វើការដោះស្រាយ ក្នុងការពង្រឹងនូវនីតិរដ្ឋ ក៏ដូចជាការផ្តល់នូវភាពយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
លោក យ៉េង វីរៈ នាយប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៏ បានលើកឡើងថា លោកមានការសោកស្តាយ ចំពោះបញ្ហានីទណ្ឌភាពនៅកម្ពុជា ដែលមិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយដោយរដ្ឋាភិបាល។ លោកបន្តរថា «អ្នកតូចតែងតែលើកឡើងថា ធ្វើតាមបញ្ជាអ្នកធំ (មេ) តែមេបែរជាឆ្លើយថាមិនដឹង ទាំងនេះជាលេសនិង ជាមូលហេតុដែលនាំឲ្យអ្នកបញ្ជា និងអ្នកដែលប្រពឹត្តិបទល្មើសតែងតែរួចខ្លួន។ (...) ជនដៃដល់នៅមានសេរីភាពនៅឡើយ ឯតុលាការក៏មិនទាន់បានស្វែងរកយុត្តិធម៌ សម្រាប់អ្នកស្លាប់ទាំងនោះនៅឡើយ។ (...) នេះជាភាពកំសោយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការបណ្តែតបណ្តោយ ឲ្យមានបញ្ហានីទណ្ឌភាពនៅកម្ពុជា ជាកាទទួលខុសត្រូវយ៉ាងចំបងរបស់រដ្ឋាភិបាល ចំពោះមុខប្រជារាស្រ្តខ្មែរ។»
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បន្ថែមថា អ្នកសារព័តមានមានទួនាទីយ៉ាង សំខាន់ក្នុងប្រទេសប្រកាន់នូវលិទ្ធិប្រជាធិមតេយ្យ ព្រោះវាជាអំណាចទីបួន បន្ទាប៉ពីអំណាចនីតិបញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។ អំណាចសារព័ត៌មាន មាននាទីឆ្លុះបញ្ចាំងគ្រប់តថភាពទាំងអស់ ក្នុងសង្គមជាតិ ពិសេសចំពោះបុគ្គល ស្ថាប័ន ក្នុងគោលបំណងជំរុញឲ្យមានការអភិវឌ្ឍន៍។ លោកបានបន្តរថា សម្រាប់អ្នកសារព័ត៌មាន ដែលបានស្លាប់ដោយគ្នានការផ្តល់នូវភាពយុត្តិធម៌នោះ ជាបញ្ហានីទណ្ឌភាពមួយ ដែលនឹងអាចក្លាយជាស្រមោលសម្រាប់អ្នកសារព័ត៌មានដទៃទៀតេះ ព្រោះតែសហការីនៃអ្នកសារព័តមានមួយចំនួនទៀត មិនទទួលបាននូវភាពយុត្តិធម៌ ដោយសាតតែការមិនស្វែងរកចាប់ជនល្មើស មកផ្តល់ទាទោសតាមផ្លូវច្បាប់ ដែលជាមូលហេតុមួយបញ្ជាក់បានថា គេទុកឲ្យអ្នកសារព័ត៌មានស្ថិតក្នុងស្ថានភាពមួយ មានការភ័យខ្លាចក្នុងអារម្មណ៍ ដោយសារតែការគម្រាមកំហែងដោយប្រយោល រួមទាំងការគាបសង្កត់ផ្នែកតុលាការ ដែលនាំឲ្យសេរីភាពនៃអ្នកសារព័ត៌មានរួញ។
លោក អំ សំអាត បានសង្កត់ធ្ងន់ថា «នីទណ្ឌភាពនៅកម្ពុជា ពិសេសសម្រាប់អ្នកសារព័ត៌មាន ដែលបានសម្លាប់និងមិនទាន់ទទួលបាននូវយុត្តិធម៌នោះ ជាមួលហេតុមួយធ្វើឲ្យអ្នកសារព័ត៌មានដទៃទៀត មិនហ៊ានធ្វើការរិះគន់ទៅដល់មន្រ្តីរដ្ឋាភិបាល អ្នកមានអំណាចធំៗ ព្រោះតែខ្លាចរងនូវគ្រោះថ្នាក់។ (...) ការមិនរកយុត្តិធម៌ ការបណ្តែតបណ្តោយឲ្យមានបញ្ហានីទណ្ឌភាព ជាឆន្ទៈ និងគោលបំណងមួយ ទុកជាការគម្រាមកំហែងដល់អ្នកសារព័តមានទាំងអស់។»
ជាមួយគ្នានេះ ព្រះភិក្ខុសង្ឃ ម៉ៅ សាម៉ី ដែលមានវត្តមានក្នុងទិវានេះ បានមានសង្ឃដីកាថ្លែងពីការសោកស្តាយដែលអាជ្ញាធរ ឬរដ្ឋាភិបាលខ្មែរដែលមិនអាចរកឃើញ បុគ្គលដែលបានប្រព្រឹត្តនូវអំពើព្រៃផ្សៃបែបនេះ ហើយបែរជាបន្តឲ្យមានបញ្ហានីទណ្ឌភាព នៅក្នុងប្រទេសដែលខ្លួនតែងតែប្រកាសផ្តែងៗថា ជាប្រទេសប្រជាធិបតេយ្យ និងនីតិរដ្ឋនោះ។ ភាពដឹកនាំរបស់រដ្ឋាភិបាល ភាពកាត់សេចក្តីរបស់តុលាការសម្រាប់ព្រះអង្គ គិតថាមិនទាន់មានភាពយុត្តិធម៌នោះទេ។ តែទោះយ៉ាងនេះក្តី ព្រះអង្គក៏ជឿជាក់ថា អ្នកប្រព្រឹត្តកម្ម នឹងទទួលតបស្នងមកវិញនូវកម្មទាំងនោះ ទោះមិនស្ថិតក្នុងជាតិនេះ តែនឹងមានជាតិណាមួយ ដែលនឹងត្រូវទទួលយ៉ាងប្រាកដ។
ព្រះភិក្ខុ បានថ្លែងក្នុងសង្ឃដីការបស់ព្រះអង្គទៀតថា «កម្មរមែងឲ្យផលដល់បុគ្គលនោះ បើទោះជាច្បាប់រដ្ឋមិនអាចផ្តល់នូវភាពយុត្តិធម៌ សម្រាប់អ្នកដែលបានសម្លាប់ក៏ដោយ តែច្បាប់កម្មជាច្បាប់មួយដែលមានយុត្តិធម៌ មិនមានស៊ីសំណូក ក្នុងការបែងចែកមនុស្សដែលប្រព្រឹត្តិអាក្រក់ ទៅតាមលំដាប់នៃការប្រព្រឹត្តរបស់ខ្លួនឯង។ (...) បុគ្គលប្រព្រឹត្តិបាននូវកម្មណា តែងសោយបាននូវកម្មនោះ។ (...) រដ្ឋាភិបាលដែលមិនបានផ្តល់ នូវយុត្តិធម៌ជូនជនរងគ្រោះ មិនមែនជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋនោះទេ»។ ព្រះអង្គសំណូមពរ និងសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងលប់បំបាត់ចោលនូវបញ្ហានីទណ្ឌភាពនៅកម្ពុជា រួមជាមួយនឹងការផ្តល់នូវភាពស្អាតស្អំពិតជូនជនរងគ្រោះ ដែលរកនូវភាពអយុត្តិធម៌ ពីសំណាក់មន្ត្រីមានអំណាច និងបុណ្យស័ក្ត។
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ