បង្ខំភរិយាឲ្យលក់ខ្លួនចំនួនជិត៣០០០ដង ក្នុងរយៈពេល៥ឆ្នាំ
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៥ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 06, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្លួនជាអ្នកបង្ហោះដំណឹង លក់ប្រពន្ធរបស់ខ្លួន តាមបណ្ដាញអ៊ិនធើណែត ជាអ្នកណាត់កន្លែងជួប និងបន្ទាប់មកជាអ្នករង់ចាំ ជាមួយនឹងកូនប្រុសម្នាក់ អាយុ៥ឆ្នាំ រហូតលុះត្រានាងបានដេក ជាមួយភ្ញៀវរួចរាល់។ បុរសម្នាក់នេះ អាយុ៥៤ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោស ពីបទធ្វើសញ្ចារកម្ម (មានន័យថា ទង្វើជួយឲ្យមានការជួញដូរផ្លូវភេទ) ទៅលើភរិយា (មិនទាន់រៀបការ) របស់ខ្លួន កាលពីសប្ដាហ៍មុន នៅក្នុងក្រុង ម៉ូ (Meaux) ស្ថិតនៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ បុរសដ៏អស្ចារ្យ បានលក់មនុស្សដែលខ្លួនស្រឡាញ់ យ៉ាងហោចចំនួន២៧៤២ដង នៅក្នុងរយៈពេល៥ឆ្នាំ។
ស្ត្រីរងគ្រោះ ដែលមានវ័យ៤៦ឆ្នាំ បម្រើការក្នុងរង្គសាលមួយ បានរៀបរាប់នៅក្នុងសវនាការថា តាំងពីឆ្នាំ២០០៩មក នាងត្រូវបានបង្ខំឲ្យដេកជាមួយភ្ញៀវ សឹងជារៀងរាល់ពេលរសៀល ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រហូតដល់ពេលនាងមានផ្ទៃពោះ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់គ្រួសារ។ នាងបានថ្លែងឡើង ប្រាប់ចៅក្រមថា៖ «ខ្ញុំគឺជាវត្ថុរបស់គាត់ ជាស្រីលក់ខ្លួនឲ្យគាត់ ជាតុក្កតារបស់គាត់»។
ចំណូលដែលនាង និងស្វាមីទទួលបាន មានកម្រិតរហូតដល់ ៧០០០អ៊ឺរ៉ូ (៧៦០០ដុល្លា) ក្នុងមួយខែ និងប្រមាណជា ១៦៥ ០០០អ៊ឺរ៉ូ (១៨០ ០០០ដុល្លា) សម្រាប់រយៈពេលតាំងពីដើមដំបូង រហូតដល់ថ្ងៃ ដែលរឿងរ៉ាវបានធ្លាយដឹងដល់អាជ្ញាធរ។
នាងពន្យល់ថា ដំបូងឡើយ នាងទទួលយល់ព្រមធ្វើរឿងនេះ ដោយខ្លួនឯង។ ប៉ុន្តែស្ត្រីដែលមានកូនបីនាក់រូបនេះ បាននិយាយបន្ថែមថា ក្រោយមក នាងបានស្ថិតក្រោមការបង្គាប់បញ្ជា របស់ប្ដីរបស់ខ្លួនរហូតមក។ នាងនិយាយថា៖ «គាត់បានង៉ក់ងរដាក់ខ្ញុំ នៅពេលដែលខ្ញុំសុំឈប់ធ្វើរឿងនេះ ព្រោះខ្ញុំមានការចុកចាប់ណាស់។»
អ្នកដែលបកអាក្រាត ពីទង្វើរបស់ស្វាមីដ៏អប្រិយនេះ គឺកូនប្រុសអាយុ៥ឆ្នាំ ដែលតែងទៅអង្គុយចាំម្ដាយ ជាមួយឪពុក នៅសឹងរៀងរាល់ការលក់ខ្លួនម្ដងៗ។ កុមារាបាននិយាយនៅសាលារៀនថា៖ «ប៉ាប៉ា មិនបានចិត្តល្អ ជាមួយម៉ាក់ទេ ហើយប៉ាប៉ា គឺជាអ្នកណាត់ជួប សម្រាប់ម៉ាក់»។ ដោយសារសម្ដីរបស់កុមារានេះហើយ ទើបក្រុមនគរបាលបានដឹង ហើយផ្ដើមធ្វើការស៊ើបអង្កេតមួយឡើង។
នៅក្នុងការចូលទៅឆែកឆេរ នៅក្នុងលំនៅដ្ឋាន នៃប្ដីប្រពន្ធមួយគូនេះ ក្រុមអាជ្ញាធរបានរកឃើញ សៀវភៅកំណត់ហេតុជាច្រើន ដែលអាចឲ្យអ្នកស៊ើបអង្កេត រាប់ឃើញមានការណាត់ជួប ដល់ទៅ២៧៤២ដង នៅក្នុងរយៈពេល៥ឆ្នាំ ដោយបុរសជាប់ចោទ។ បុរសត្រូវបានឃាត់ខ្លួន ហើយដាក់ឃុំជាបណ្ដោះអាសន្ន តាំងពីចុងខែតុលាកន្លងមក។
នៅក្នុងតុលាការ បុរសជាស្វាមី បានទទួលស្គាល់ថា ខ្លួនពិតជាបានបង្ហោះ ពីដំណឹងលក់ខ្លួននេះ ក្រោយអត្តសញ្ញាណសិប្បនិមិត្តមួយឈ្មោះ វៀរជីនី (Virginie) ហើយបានឆ្លើយឆ្លងសារ តាមទូរស័ព្ទដៃ និងរៀបចំកាលវិភាគ សម្រាប់ណាត់ជួបភ្ញៀវ ឲ្យប្រពន្ធរបស់ខ្លួន។ ធ្លាក់ខ្លួនគ្មានការងារ បន្ទាប់ពីយានដ្ឋានជួសជុលរថយន្ដរបស់ខ្លួន បានក្ស័យធន់កាលពីឆ្នាំ២០០៩ បុរសអ្នកលក់ប្រពន្ធរូបនេះ ជាអ្នកស្វែងរកភ្ញៀវ ហើយក៏ជាកំណត់តម្លៃខ្លួន របស់ភរិយាខ្លួនដែរ៖ ៧០អ៊ឺរ៉ូ (៧៦ដុល្លា) ក្នុងមួយម៉ោង និង៥០០អ៊ឺរ៉ូ (៥៥០ដុល្លា) ក្នុងមួយយប់។ នេះបើតាមការអះអាង របស់ប្រធានអង្គជំនុំជម្រះ នៃតុលាការក្រុង ម៉ូ៕