ទារកស្លាប់ហើយ តែរស់មកវិញមុនគេបូជានៅឈាបនដ្ឋាន
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: November 21, 2013
- ប្រធានបទ: ជិតត្រូវបូជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រូវបូជាតែមិនស្លាប់ - នេះដែលខ្មែរតែងមានជំនឿថា«ភ្លឹក»។ អ្នកជឿជំនឿនេះ បានគិតថារូបនៅមិនទាន់ស្លាប់នៅឡើយ ដោយសារតែព្រលឹងកំពុងស្វែងរករាងកាយ ដើម្បីចូលមកសណ្ឋិតវិញ។ ករណីខ្លះ ញាតិមិត្តរបស់«រូប» ថែមទាំងស្វែងរកគ្រូអាចារ្យ មកសូត្រធម៌ហៅព្រលឹងឲ្យត្រឡប់មកវិញទៀតផង។ តែករណីរបស់ទារកដែលទើបនឹងកើតនេះ មានលក្ខណៈខុសពីជំនឿ ដែលកើតមាននៅប្រទេសកម្ពុជាយើង ដោយសារតែក្រុមគ្រូពេទ្យដែលបង្កើតទារកចេញពីផ្ទៃម្ដាយ បានប្រកាសថា ទារកបានស្លាប់បាត់ទៅវិញបន្ទាប់ពីវាបានប្រសូតហើយ ដែលទំនងជាមកពីមូលហេតុចាប់ទម្រង់ខុសនៅក្នុងផ្ទៃ។
តែដឹងអីទារក ដែលរៀបនឹងត្រូវបានបូជា នៅឈាបនដ្ឋានទៅហើយ បែរជាមានជីវិតរស់នៅត្រឡប់មកវិញ។ នេះបើតាមការផ្សាយឲ្យដឹងរបស់ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី របស់ប្រទេសចិន។ បុគ្គលិកដែលធ្វើការនៅឈាបនដ្ឋាន បានលឺសម្លេងទារកស្រែកយំ ហើយបានបញ្ជូនទារកដែលចង់រស់នេះ ត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ។
វេជ្ជបណ្ឌិតម្នាក់ត្រូវបញ្ឈរជើង និងជំនួយការម្នាក់ទៀត ត្រូវបានបណ្ដេញចេញពីការងារ
ទារកបានវិលត្រឡប់ទៅកាន់គ្រឹះស្ថានសុខភាព ដែលបានជួយឲ្យវាប្រសូតចេញ នៅក្នុងទីក្រុង អាញវី (Anhui - ផ្នែកខាងកើតនៃប្រទេសចិន)។ សមាជិកម្នាក់ដែលបម្រើការក្នុងគិលានុបដ្ឋាននោះ បាននិយាយថា «ដោយសារតែទារកបានបង្ហាញថាវានៅមានជីវិតនៅឡើយ យើងបានកំពុងផ្សាំចិញ្ចឹមវាជាបន្តទៅទៀត»។
សារព័ត៌មានចិន បាននិយាយទៀតថា ការបន្សាំនេះ មិនសូវជាមានសង្ឃឹមប៉ុន្មានទេ ដោយសារតែឪពុកម្ដាយរបស់ទារកទើបនឹងយល់ព្រម ឲ្យបញ្ចប់ការព្យាបាលថែរក្សាកូនតូចរបស់ខ្លួន ដោយហេតុថាកំណែទម្រង់នៅក្នុងផ្ទៃ មិនសមប្រកបរបស់ទារក បានបង្កបញ្ហាឲ្យវាយ៉ាងខ្លាំងខាងផ្លូវដកដង្ហើម ហើយនឹងអាចបន្ថែមបញ្ហាកាន់តែខ្លាំង ប្រសិនជាវារស់ធំធាត់ឡើង។
តែបើទោះជាស្ថានភាពសុខភាពរបស់ទារក ស្ថិតក្នុងសភាពទន់ជ្រាយយ៉ាងណា តែសំនុំរឿងដែលប្រកាសថាទារកបានស្លាប់នោះ មិនបានឲ្យក្រុមសមាជិកគ្រូពេទ្យ ដែលបានត្រួតពិនិត្យព្យាបាលវានៅពេលមុន បានរួចខ្លួនឡើយ។ វេជ្ជបណ្ឌិតមួយរូបត្រូវបានបញ្ឈរជើង និងគិលានុបដ្ឋាយិការម្នាក់ទៀត ត្រូវបានបណ្ដេញចេញពីការងារ ហើយការស៊ើបអង្កេតមួយក៏ត្រូវបានបង្កើតឡើងដែរ។
នៅប្រទេសចិន ហេតុការណ៍ដែលទាក់ទងនឹងទារក ដែលត្រូវបានគេមិនយកចិត្តទុកដាក់ រាប់ទាំងពីសំណាក់ឪពុកម្ដាយនោះផង មិនមែនមានតែករណីលើកនេះទេ។ កាលពីខែឧសភាកន្លងទៅ ទារកដ៏តូចមួយ ត្រូវបានគេសង្គ្រោះចេញពីបំពង់បង្គន់មួយ បន្ទាប់ពីវាបានបន្លឺសម្លេងយំ ហើយត្រូវបានលឺដោយអ្នករស់នៅជាប់នោះ៕