ឈាង វុន៖ ខៀវ កាញារិទ្ធ ធ្វើច្បាប់សិទ្ធិទទួលព័ត៌មានបីឆ្នាំ យឺតណាស់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សិទ្ធិទទួលបានព័ត៌មានសំខាន់ណាស់ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ ក្នុងរបបប្រជាធិបតេយ្យ ប្រទេសដែលអនុវត្តអំណាចប្រជាពលរដ្ឋ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺចាំបាច់បំផុតហើយ។ យើងមានភារកិច្ចបំរើសេវាដល់ប្រជាពលរដ្ឋ។ រដ្ឋាភិបាល រដ្ឋសភា តុលាការ ជាអ្នកផ្តល់សេវាសាធារណៈ បើផ្តល់សេវាសាធារណៈបានល្អ ទាល់តែប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ។ នោះទើបអាចអនុវត្តលិទ្ធិប្រជាធិបតេយ្យបានល្អទៅកើត។» នេះជាការលើកឡើងរបស់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ច ការបរទេសទំនាក់ទំនងអន្តរជាតិឃោនាការ និងព័ត៌មាននៃរដ្ឋសភា នៅវិមានរដ្ឋសភាជាតិកាលពីថ្ងៃទី២៥ ខែកុម្ភៈម្សិលម៉ិញ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)
សិទ្ធិទទួលបានព័ត៌មាន - យ៉ាងណាក៏ដោយ លោកឈាង វុន បានធ្វើការរិះគន់លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលជាអ្នកទទួលបន្ទុកធ្វើច្បាប់នេះថាមានភាពយឺតយ៉ាវដើម្បីដាក់មករដ្ឋសភា។ លោកបានបញ្ជាក់ថា «ច្បាប់នេះគេនិយាយយូរហើយ តាំងពីអាណត្តិទីពីរ ឬអាណត្តិទីបីមកតាមខ្ញុំចាំ ជាងដប់ឆ្នាំហើយ មកទល់ឥឡូវធ្វើមិនទាន់ចេញ។ (…) ធ្វើច្បាប់មួយនេះ បីឆ្នាំយូរពេកហើយ។ គាត់(ខៀវ កាញ្ញារិទ្ធ) បានជជែកម្តងជាមួយខ្ញុំក្នុងអាណត្តិទីបួន ឯ សង្គមស៊ីវិល ក៏បានធ្វើសិក្ខាសាលាច្រើនដងដែរ មានឯកសារផ្ញើរមកខ្ញុំ ហើយគាត់ក៏ត្រូវបានទទួលដែរ។ (…) អនុសាសន៍របស់សង្គមស៊ីវិលមួយចំនួន ត្រូវយកមកធ្វើការសិក្សា កន្លែងណាធ្វើកើត កន្លែងណាធ្វើមិនកើត ហើយដោយសាររឿងអ្វី?។ ត្រូវធ្វើយ៉ាងណាក៏ដោយ ឲ្យការងារនេះចេញឆាប់ ព្រោះយើងជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ យើងត្រូវចាត់ទុកខ្លួនយើងជាអ្នកបំរើប្រជាពលរដ្ឋ។»
ប្រធានគណៈកម្មការកិច្ច ការបរទេសទំនាក់ទំនងអន្តរជាតិឃោនាការ និងព័ត៌មាននៃរដ្ឋសភារូបនេះ ក៏បានធ្វើការប្តេជ្ញាក្នុងអាណត្តិទីប្រាំនេះថា នឹងជំរុញឲ្យច្បាប់នេះឲ្យបានឆាប់បំផុតបើអាច គឺក្នុងអាណត្តិទីប្រាំនេះដែលលោកជាអ្នកទទួលខុសត្រូវ។ លោពន្យល់ថា ច្បាប់នេះមានសារសំខាន់ណាស់ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។ «យើងមិនអាចរុញបន្តពីមួយអាណត្តិ ទៅមួយអាណត្តិទេ។ ប្រទេសណាក៏ដោយ ឲ្យតែអនុវត្តលិទ្ធិប្រជាធិបេត្យពិតប្រាកដ ត្រូវតែមានច្បាប់នេះ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មពីលោក ខៀវ កាញ្ញារិទ្ធ បានទេដោយលោកពុំទទួទូរស័ព្ទ។ កាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅវិមានរដ្ឋសភា លោកបានលើកឡើងថា ក្រសួងព័ត៌មានបាននឹងកំពុងរៀបចំក្រុមតាក់តែងសេចក្តីព្រាងច្បាប់នេះ។ លោកថាក្រសួងបានបង្កើតអនុគណៈកម្មការចំនួនពីរ គឺអនុគណៈកម្មការនីតិកម្ម និង អនុគណៈកម្មការ សិក្ខាសាលា ដើម្បីពង្រឹងគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ របស់ជាតិឲ្យកាន់តែល្អសម្រាប់បំរើ ប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជា កិច្ចដំណើរការ នៃការចូលរួមរបស់ប្រជាពលរដ្ឋ ដល់ដំណើរការនៃការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានជំរុញឲ្យក្រសួងព័ត៌មានជាអ្នកនាំមុខ រួមជាមួយដៃគូរពាក់ព័ន្ធមួយចំនួនទៀត រៀបចំនិងធ្វើឲ្យបាន នូវសេចក្ដីពង្រៀងច្បាប់ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន» សម្រាប់ប្រទេសកម្ពុជា ក្នុងអាណត្តិទីប្រាំនេះ។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ធ្លាប់បានស្នើឡើងដោយគណបក្សប្រឆាំងលោក សុន ឆ័យ ទៅរដ្ឋសភាជាច្រើនលើកមកហើយ ហើយក៏ត្រូវបានច្រានចោលដោយរដ្ឋសភាដែរ។ ករណីនេះលោក ឈាង វុន បានពន្យល់ថា ព្រោះតែច្បាប់ដែលលើកឡើង ដោយគណបក្សប្រឆាំងនោះ«ផ្ទុយ»នឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក ចាន់ សុវ៉េត គាំទ្រចំពោះការលើកឡើងរបស់លោកឈាង វុន ដែលជំរុញឲ្យមានការលើកយកច្បាប់ស្តិពីសិទ្ធិទទួលបានព័ត៌មាននេះមកជជែកពិភាក្សា។ យ៉ាងណាលោកនៅតែរិះគន់ ទៅលើការអនុវត្តកន្លងមក របស់រដ្ឋាភិបាល ទៅលើការផ្តល់ព័ត៌មាន។ «យើងមើលឃើញចេតនា(វា)មានហើយ តែសំខាន់ជាងគេគឺការអនុវត្ត។ តើការអនុវត្តរបៀបណា ដែលអាចឲ្យក្លាយជាការលើកកំពស់សិទ្ធិទទួលបានព័ត៌មាននេះ។ (…) មានឆន្ទៈផង ហើយច្បាប់ក៏ត្រូវឲ្យមានប្រសិទ្ធិភាពដែរ។» លោកបន្តថាស្ថាប័នរដ្ឋមួយចំនួន បានបិទបាំងនូវព័ត៌មាន ដែលត្រូវតែបង្ហាញជាសាធារណៈច្រើនណាស់ ពិសេសចំពោះអ្នកសារព័ត៌មាន។
មន្ត្រីអង្គការសង្គមស៊ីវិល រូបនេះបានស្នើដល់ក្រសួងពាក់ព័ន្ធក្នុងការធ្វើច្បាប់ ត្រូវតែបញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់ នូវជនណា ឬអ្នកនាំពាក្យណា ដែលមិនផ្តល់ព័ត៌មានទៅដល់អ្នកសារព័ត៌មាននោះ ត្រូវមានការផ្តន្ទាទោសទៅតាមច្បាប់ ។ លោកលើកជាចម្ងល់ថា រាល់ព័ត៌មានដែលត្រូវទទួលនោះ «តើការផ្តល់ព័ត៌មានតាមអ្នកនាំពាក្យ ឬតាមប្រព័ន្ធអេឡិចត្រូនិច»។
សូមរម្លឹកថានៅថ្ងៃទីទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ មានការជួបពិភាក្សាការងាររវាងលោក ឈាង វុន ប្រធាន គណៈកម្មការកិច្ច- ការបរទេសទំនាក់ទំនងអន្តរជាតិឃោនាការ និង ព័ត៌មាននៃ រដ្ឋសភា និងលោកខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្តីពីច្បាប់សិទ្ធិទទួលបានព័ត៌មាន។ ច្បាប់នេះក៏ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិធ្លាប់បានលើកឡើង តាមរយៈសិក្ខាសាលាជាច្រើនលើកមកហើយ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤