ខៀវ កាញារីទ្ធ ប្រាប់ឲ្យអ្នកកាសែតរៀនពីច្បាប់បោះឆ្នោត
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 24, 2017
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកកាសែតទាំងអស់ ត្រូវរៀនពីច្បាប់បោះឆ្នោត និងពីក្រមសីលធម៌ ក្នុងពេលបោះឆ្នោត ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាង ពីការចោទប្រកាន់នានា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម កាលពីរសៀលម្សិលម៉ិញ ដោយមានភ្ជាប់មកជាមួយ នូររូបថតពីរសន្លឹក ថតពីពាក្យបណ្ដឹងមួយច្បាប់ និងមួយសន្លឹកទៀត ថតពីលិខិតឆ្លងដែន របស់អ្នកសារព័ត៌មាន ជាតិកាណាដាមួយរូប មកពីសារព័ត៌មាន ខេមបូឌាដេលី។
ពាក្យបណ្ដឹងនោះ ត្រូវបានលោក រម៉ាម យួត មេឃុំមួយរូប មកពីគណបក្ស សម រង្ស៊ី រួមជាមួយអ្នកស្រុក ពីរនាក់ទៀត នៅក្នុងឃុំប៉ាតេ ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី ប្ដឹងឡើងទៅអភិបាលស្រុក ប្រឆាំងនឹងអ្នកសារព័ត៌មានពីររូប របស់សារព័ត៌មានខាងលើ គឺលោក «Zsombor Peter» ជាតិកាណាដា និងលោក អូន ភាព (អ្នកបកប្រែភាសា) ដោយចោទអ្នកសារព័ត៌មាន ថាបានចូលទៅក្នុងភូមិ «ក្នុងគោលបំណងមិនល្អ» បន្ទាប់ពីពួកគេ បានសាកសួរពលរដ្ឋ នៅក្នុងឃុំពីរឿងរ៉ាវ នៃការបោះឆ្នោត។
ពាក្យបណ្ដឹងបានសរសេរថា៖ «ពួកគេចូលមក (...) ធ្វើការស្រាវជ្រាវ តាមដានក្នុងការបោះឆ្នោត និងញុះញង់ប្រជាពលរដ្ឋ ដោយមិនគោរពនូវច្បាប់របស់ គ.ជ.ប ដែលបានប្រកាសមិនឲ្យនិយាយ ពីនយោបាយ ពេលដែលកំពុងដង្ហែក្បួន ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត»។
ម្ចាស់បណ្ដឹង លោក រម៉ាម យួត ដែលបច្ចុប្បន្នជាមេឃុំ មកពីគណបក្ស សម រង្ស៊ី ត្រូវបានដកឈ្មោះចេញ ពីក្នុងបញ្ជីបេក្ខជនឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ (ដែលចេញពីការច្របាច់បញ្ចូលគ្នា រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស) សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅអាណត្តិទី៥នេះ។
នាយកគ្រប់គ្រងទូទៅ និងជាមេធាវី នៃសារព័ត៌មាន ខេមបូឌាដេលី លោក ដាក្លាស ស្ទៀល (Douglas Steele) បានថ្លែងនៅក្នុងអត្ថបទ ចេញផ្សាយដោយសារព័ត៌មានមួយនេះថា អ្នកយកព័ត៌មានទាំងពីរនាក់ គ្រាន់តែបំពេញការងារ របស់ពួកគេប៉ុណ្ណោះ ហើយបានចាត់ទុកពាក្យបណ្ដឹងខាងលើ ថា«មិនសមហេតុផល»។ លោកបានសួរថា៖ «អ្នកយកព័ត៌មានសួរសំណួរ អំពីនយោបាយ [ក្នុង]អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត តើវាមិនមែនជាផ្នែក[មួយ] នៃការងាររបស់ពួកគេទេ[ឬ]?»។
ពាក្យបណ្ដឹង មិនបានបញ្ជាក់ទេ ថាតើអ្នកសារព័ត៌មានទាំងពីររូប បានរំលោភទៅលើច្បាប់អ្វី ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលប្រាប់ឲ្យអ្នកកាសែតរៀនពីច្បាប់បោះឆ្នោតនោះ ក៏មិនបានបញ្ជាក់ឲ្យច្បាស់ ពីច្បាប់បោះឆ្នោត ណាមួយនោះដែរ។ នៅលើគេហទំព័ររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ច្បាប់បោះឆ្នោតមានដល់ទៅ ១០ច្បាប់ ដែលច្បាប់ខ្លះដូចជាមិនជាប់ទាក់ទងអ្វី ដល់អ្នកសារព័ត៌មាន ត្រូវយកមករៀនសូត្រនោះឡើយ។
កាលពីប៉ុន្មានថ្ងៃមុន លោក ខៀវ កាញារីទ្ធ បានចេញលិខិតណែនាំមួយ ទៅដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ ត្រូវគោរពគោលការណ៍ សម្រាប់ការបោះឆ្នោតរបស់ គ.ជ.ប នៅកម្ពុជា បើមិនដូច្នោះទេ ស្ថាប័ននោះនឹងប្រឈមនឹងការដកអាជ្ញាប័ណ្ណ។
ទាក់ទងនឹងការបង្ហោះ ពីរូបថតស្ដីពីអត្តសញ្ញាណ របស់អ្នកសារព័ត៌មានជាតិកាណាដា នៅលើបណ្ដាញសង្គម លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន គ្រាន់តែបានបញ្ជាក់ដោយខ្លីមកវិញ តាមរយៈសារព័ត៌មាន ខេមបូឌាដេលី ថា វាគ្រាន់តែ «បង្ហាញថាករណីវាអញ្ចឹង»។ នៅក្នុងផ្នែកបញ្ចេញមតិ នៃការបង្ហោះនោះ គេឃើញប្រិយមិត្តជាច្រើន របស់លោករដ្ឋមន្ត្រី លើកឡើងថា «អ្នកកាសែតខ្លះល្ងង់ខ្លៅ ចាញ់បោកការញុះញង់ របស់បក្សប្រឆាំង» និងខ្លះទៀតសួរឡើងថា៖ «នៅស្រុកគាត់ គេអោយដើរសួរអញ្ចឹងដែរឬ ?»។
លោក អូលីវើយ៉េ កង់តាំង (Olivier QUANTIN) អ្នកសារព័ត៌មានឯករាជ្យ ជាជនជាតិបារាំងមួយរូប ដែលតែងធ្វើបទយកការណ៍ជាច្រើន ពីប្រទេសកម្ពុជា បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា ការបង្ហោះបង្ហាញជាសាធារណៈ ពីទិន្នន័យឯកជន របស់បុគ្គលម្នាក់ ខណៈបុគ្គលរូបនោះ មិនទាន់ត្រូវបានតុលាការវិន្និច្ឆ័យទោស ពីទោសកំហុសនៅឡើយនោះ ជាទម្លាប់ដ៏អាក្រក់ ផ្ទុយពីច្បាប់ និងអាចត្រូវចាត់ទុក ជាការគម្រាមកំហែងមួយ។
សារព័ត៌មាន ខេមបូឌាដេលី តែងត្រូវរដ្ឋាភិបាលកម្ពុជាចាត់ចូល ទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការប្រឆាំង។ កាលពីពីរសប្ដាហ៍មុន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាននៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមានអ្នកសារព័ត៌មាន មកពីស្ថាប័ននេះ ថាបើអ្នកសារព័ត៌មានសរសេរព័ត៌មាន មិនត្រឹមត្រូវពីលោក ឬពីរដ្ឋាភិបាលលោក នឹងត្រូវចាត់ទុក ជា«ខ្ញុំបម្រើបរទេស»។ លោក ហ៊ុន សែន បាននិយាយថា៖ «បើក្មួយយកទៅសរសេរខុស អត្ថាធិប្បាយខុស នោះនឹងគេបានឃើញថា ពួកក្មួយៗ ដែលធ្វើការឲ្យបរទេស គឺពិតជាខ្ញុំបម្រើបរទេស ពិតប្រាកដហើយ»។
ក្ដីបារម្ភទាក់ទងនឹងសេរីភាពសារព័ត៌មាន ក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមាន សម្រាប់រយៈពេលចុងក្រោយនេះ។ សន្ទស្សន៍សេរីភាពសារព័ត៌មានសកល ឆ្នាំ២០១៧ ចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា លេខ១៣២ ក្នុងចំណោម ប្រទេសចំនួន ១៨០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់អន់ជាង ៤លេខ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៦។
ចំណែកឯអង្គការឃ្លាំមើលសេរីភាព «Freedom House» វិញ បានហៅប្រទេសកម្ពុជា ថាជាប្រទេស «គ្មានសេរីភាព» សម្រាប់វិស័យសារព័ត៌មាន និងបានពន្យល់ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជាអាចក្លាយជាទិសដៅថ្មី នៃការបង្ក្រាប ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕