ប្រ៊ែដ អាដាម៖ សំដីព្រមានត្រៀមធ្វើសង្គ្រាម ជាភាពល្ងង់ខ្លៅ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការថ្លែងព្រមានម្ដងហើយម្ដងទៀត ពីការផ្ទុះសង្គ្រាម និងបំណងសុទ្ធចិត្តឲ្យផ្ទុះសង្គ្រាម «ក៏ផ្ទុះទៅចុះ» របស់លោក ហ៊ុន សែន បានបង្កឲ្យមានប្រតិកម្មខ្លាំងៗ ពីសំណាក់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដោយបានហៅការលើកឡើងនេះ ថាជាទង្វើរបស់មនុស្សល្ងង់ខ្លៅ និងកំសាក។
កាលពីព្រឹកថ្ងៃទី១០ ខែឧសភា កន្លងមកនេះ លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ«ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែលោកនឹងមិនសុខចិត្ត ឲ្យចលនាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ប្រព្រឹត្តិនូវអំពើខុសច្បាប់ ដូចជាការ«ដុតឡាន» ឬការរារាំង«ពលរដ្ឋ មិនឲ្យបោះឆ្នោត» នោះឡើយ។
នាយករដ្ឋមន្ត្រី ដែលមិនរង្គើចេញពីតំណែង តាំងពីជាង៣០ឆ្នាំមកនេះ បានព្រមានថា៖ «សូមកុំភ្លេច ថ្ងៃ២៨ ខែកក្កដា [ឆ្នាំ២០១៣] មិនទាន់ទាំងដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាន នៅស្ទឹងមានជ័យ? អ្នកឯងធ្វើសកម្មភាព ច្រើនទីកន្លែង មិនឲ្យពលរដ្ឋចូលបោះឆ្នោត។ តែដើម្បីថ្នាក់ថ្នមសភាពការណ៍ យើងអត់ធ្មត់ មិនធ្វើសកម្មភាព។ តែកុំភ្លេចថា ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងរបៀបនេះ កម្លាំងប្រដាប់អាវុធ ត្រូវចេញបង្ក្រាបភ្លាម បើផ្ទុះសង្គ្រាម ក៏ឲ្យវាផ្ទុះទៅចុះ។»។
» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ត្រៀមធ្វើសង្គ្រាម
ប៉ុន្តែសម្រាប់លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សវិញ បានគិតថា លោក ហ៊ុន សែន គួរតែរក្សាភាពស្ងៀមស្ងាត់ នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់ នៅពេលខាងមុខ។ ផ្ទុយទៅវិញ កាថ្លែងព្រមានមិនឈប់ឈរ របស់នាយករដ្ឋមន្ត្រីកម្ពុជា បែរជាឆ្លុះបញ្ចាំង ឲ្យឃើញថា លោក ហ៊ុន សែន ជាមនុស្សតូចតាច និងក្មេងខ្ចី។
លោក អាដាម បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរីថា៖ «លោក ហ៊ុន សែន (...) និយាយដូច្នេះបង្ហាញឲ្យឃើញថា គាត់ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សតូចតាច ជាមនុស្សក្មេងខ្ចី ជាមនុស្សទន់ខ្សោយ និងជាមនុស្សកំសាកជាទីបំផុត»។
នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី របស់អង្គការអន្តរជាតិបានបន្តថា អំពើហិង្សាអាចកើតឡើងទៅបាន ដរាបណាលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ ដោយសារតែកងទ័ព នគរបាល និងកងរាជអាវុធហត្ថ របស់ប្រទេស ស្ថិតក្រោមការគ្រប់គ្រង របស់លោក ហ៊ុន សែន ទាំងអស់។ លោក ប្រ៊ែដ អាដាម បានបញ្ជាក់ទៀតថា៖ «និយាយដូច្នេះ គឺជាសញ្ញាមួយ ដែលបង្ហាញឲ្យឃើញថា លោក ហ៊ុន សែន មិនមានប្រជាប្រិយភាព ក្នុងឆាកជាតិ និងអន្តរជាតិ ហើយដែលគិតទុក ជាមុនទៅហើយថា លោកនឹងចាញ់ការបោះឆ្នោត ហើយក៏អាចឈ្នះការបោះឆ្នោត តាមរយៈការគំរាមកំហែងពលរដ្ឋ»។
មកដល់ម៉ោងនេះ មិនឃើញមានប្រតិកម្មណាមួយ ចេញពីរដ្ឋាភិបាលកម្ពុជា និងពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើង របស់លោក ប្រ៊ែដ អាដាម នៅឡើយ។ យ៉ាងណាក៏ដោយ ក៏ការលើកឡើងមុនៗ របស់មន្ត្រីសិទ្ធិមនុស្សរូបនេះ តែងត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោល និងចាត់ទុកការថ្លែងនោះ ថាមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា និងលំអៀងទៅគណបក្សប្រឆាំង៕