ស៊ូប៊ែឌី អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យឈប់ប្រើតុលាការ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 18, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូរិយ៉ា ស៊ូប៊ែឌី បានចេញសេចក្ដីថ្លែងការណ៍មួយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឲ្យគោរពច្បាប់ទម្លាប់ និងគោលការណ៍នៃឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ដោយមិនត្រូវឲ្យរងសម្ពាធពីមជ្ឈដ្ឋានណាមួយឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននេះ លោក ស៊ូប៊ែឌី បានថ្លែងប្រកាសថា៖ «ខ្ញុំខ្វល់ខ្វាយណាស់ ដែលបានឃើញប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា ត្រូវបានប្រើម្ដងហើយម្ដងទៀត ដោយអំណាចនិតិប្រតិបត្តិ»។
ការថ្លែងរបស់លោក បានធ្វើឡើងបន្ទាប់ពី ព្រឹត្តិការណ៍ចាប់ចងជាច្រើន បានកើតឡើងក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះ ទៅលើសកម្មជនការពារដីធ្លី នយោបាយ និងព្រះសង្ឃចំនួន ១៧នាក់/អង្គ ហើយត្រូវបានចាប់ឃុំខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់ ដោយអាជ្ញាធររដ្ឋាភិបាល និងតុលាការរាជធានីភ្នំពេញ។
អ្នករាយការណ៍ពិសេសរូបនេះ បានថ្លែងថា ការចាប់ចងរបៀបនេះ បានកើតឡើងជាច្រើនដងរួចមកហើយ នៅប្រទេសកម្ពុជា។ លោកនិយាយថា៖ «កង្វះឯករាជ្យភាព នៃអំណាចតុលាការ ជាឧបសគ្គមួយដ៏សំខាន់ ក្នុងការធ្វើឲ្យមានសង្គមយុត្តិធម៌ ត្រឹមត្រូវ ដែលប្រជាជនកម្ពុជាទន្ទឹមរងចាំ។ ទង្វើថ្មីៗរបស់ប្រព័ន្ធតុលាការ បានបង្ហាញសារជាថ្មីទៀត ពីភាពចាំបាច់នៃអំណាចតុលាការឯករាជ្យ នៅក្នុងប្រទេសនេះ។»
ពីក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួនទាំងនោះ សកម្មជនគណបក្សប្រឆាំងមួយរូប លោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅមន្ទីរអប់រំកែប្រែម១ ព្រៃសរដែរ។ លោក សុវណ្ណរ៉ា ត្រូវបានតុលាការចោទ ពីបទ«ញុះញង់ ឲ្យប្រព្រឹត្តិអំពើកុប្បកម្ម ការប្រើអំពើហិង្សា និងការប្រឆាំងមន្ត្រីរាជការសាធារណៈ» នៅក្នុងព្រឹត្តិការណ៍វាយតប់គ្នា ដោយហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។
មន្ត្រីអង្គការសហប្រជាជាតិ បានថ្លែងទៀតថា៖ «អ្នកដែលស្វែងរកការអនុវត្តនូវសិទ្ធិសេរីភាព ជាមូលដ្ឋានគ្រឹះរបស់ពួកគេ អាចនឹងត្រូវចាប់ខ្លួន ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោស បើទោះជាគ្មានមូលហេតុច្បាស់លាស់ក៏ដោយ។ (...) ខ្ញុំសោកស្ដាយនឹងនិយាយថា នៅពេលមនុស្សទាំងនោះ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោស វាហាក់ដូចជាអ្វីៗ ត្រូវបានរៀបចំទុករួចជាស្រេច។»
លោក ស៊ូប៊ើឌី បានថ្លែងទាំងទទូចថា ការចាប់ចងណាក៏ដោយ ចាំបាច់ត្រូវពឹងផ្អែកទៅលើភស្តុតាង ឬបើមិនអញ្ចឹងទេ តុលាការត្រូវតែធ្វើការដោះលែងពួកគេ។ ហើយជាពិសេស ការចាប់ចងណាក៏ដោយ ទៅលើអ្នកដែលគ្រាន់តែអនុវត្ត នូវសិទ្ធិសេរីភាពរបស់ខ្លួននោះ ជាការរំលោភបំពានទាំងស្រុង។ ផ្ទុយទៅវិញ កងកម្លាំងដែលបានប្រព្រឹត្តិអំពើបាញ់បោះ វាយដុំទៅលើពលរដ្ឋគ្មានអាវុធ មិនដែលត្រូវបានចាប់ឲ្យទទួលខុសត្រូវ នូវអំពើរបស់ខ្លួននោះទេ បូករួមទាំងកងកម្លាំងដែលប្រព្រឹត្តិអំពើហិង្សា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នេះផង៕