ប៊ុន រ៉ានី ហ៊ុន សែន៖ បក្សប្រឆាំងកំពុងបោករាស្រ្ត
បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានបិទបញ្ចប់មហាបាតុកម្មអហិង្សា និងការដង្ហែញត្តិរួចមក ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការចោទប្រកាន់ចំៗថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិដែលកំពុងធ្វើ គឺជាការបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីជាឈ្នាន់ឡើងទៅកាន់អំណាច ខណៈប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយទឹកជំនន់។ តែការចោទប្រកាន់នេះត្រូវបានគណបក្សសង្រ្គោះជាតិ លើកឡើងថា អ្វីដែលគណបក្សខ្លួនបានធ្វើ គឺស្របតាមគោលការណ៍ច្បាប់ និងលិទ្ធិប្រជាធិបតេយ្យ ហើយបញ្ហាជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ទុកឲ្យប្រជាពលរដ្ឋ និងសាធារណៈមតិជាអ្នកវាយតម្លៃ។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)
រាជធានីភ្នំពេញ - ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ក្នុងពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ពីទឹកជំនន់ នៅខេត្តប៉ៃលិន ក្នុងពេលថ្មីៗនេះ បានពន្យល់ប្រាប់ប្រជាពលរដ្ឋរងគ្រោះថា នៅពេលដែលបងប្អូនកំពុងជួបការលំបាកពីគ្រោះទឹកជំនន់ គណបក្សសង្រ្គោះជាតិ មិនបានជួយបងប្អូននោះទេ តែពួកគេបែជានាំគ្នាធ្វើបាតុកម្ម ទាមទារតំណែងប្រធានរដ្ឋសភាទៅវិញ។ ប្រធានកាកបាទក្រហមដដែលនេះ បានលើកឡើងថា វាហួសពេលហើយដែលគណបក្សសង្រ្គោះជាតិ ដឹកនាំធ្វើបាតុកម្ម និងដង្ហែញត្តិយកទៅដាក់តាមស្ថានទូតនានា នៅរាជធានីភ្នំពេញ ដើម្បីរកយុត្តិធម៌នោះ ព្រោះគណបក្សប្រឆាំងតែងតែ មិនទទួលស្គាល់ពីបរាជ័របស់ ខ្លួន។
លោកស្រី ប៊ុន រ៉ានី បញ្ជាក់ថា៖ «បងប្អូនកុំចាញ់បោកគេបង្ខិតបង្ខំឲ្យផ្តិតមេដៃ ទៅចូលរួមបាតុកម្មតវ៉ា រកយុត្តិធម៌ស្អីនោះ។ ពួកគេ (គណបក្សប្រឆាំង) បោកប្រាស់ កេងចំណេញខាងនយោបាយ ដើម្បីអណាច និងផលប្រយោជន៍របស់ពួកគេ»។
គួរម្លឹកថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានធ្វើមហាតុកម្មអហិង្សាយ៉ាងហោចណាស់ក៏៣លើកដែរ ក្នុងគោលបំណងស្នើដល់អង្គការសហប្រជាជាតិ និងសហគមអន្តរជាតិ ជួយជម្រុញការអនុវត្តឲ្យបានពេញលេញ ចំពោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងទទួចឲ្យមានការស៊ើបអង្កេតឯករាជ្យ ដោយមានការចូលរួមពីភាគីអន្តរជាតិ ទាក់ទងនឹងភាពមិនក្រតីក្នុងកំឡុងពេលបោះឆ្នោត ដែលគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់ថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ តែសំណើរទាំងនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប និងគណបក្សប្រជាជនកម្ពុជាបដិសេធជាបន្តបន្ទាប់។
ជុំវិញការចោទប្រកាន់របស់លោកស្រី ប៊ុន រ៉ានី អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធិ តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នេះបានពន្យល់ថា គណបក្សសង្រ្គោះជាតិ ធ្វើអ្វីគ្រប់យ៉ាង គឺឈរលើមូលដ្ឋានច្បាប់ និងលិទ្ធិប្រជាធិបតេយ្យ ដូច្នេះការប្រមូលស្នាមមេដៃប្រជាពលរដ្ឋគឺផ្អែកលើឆន្ទះ និងស្មារតីរបស់ប្រជាពលរដ្ឋ ដោយមិនមានការបង្ខិតបង្ខំនោះទេ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «រាល់ការងារដែលយើងធ្វើ គឺមិនមានការបំភិតបំភៃ ឬការគម្រាមកំហែងដូចការលើកឡើងនោះទេ គឺមិនដូចបក្សកុំមុយនីស្ត ដែលបានធ្វើកន្លងមក»។
ចំពោះសកម្មភាពជួយសង្រ្គោះ ដល់ពលរដ្ឋដែល រងគ្រោះដោយគ្រោះទឹកជំនន់ លោក យ៉ែម ប៉ុញ្ញារិទ្ធិ បានអះអាងថា គណបក្សសង្រ្គោះជាតិ បានជួយប្រជាពលរដ្ឋ ឬអត់ ហើយក្នុងកម្រិតណានោះ វាមិនអាស្រ័យលើការចោទប្រកាន់ ឬការលើកឡើងរបស់អ្នកណានោះទេ ព្រោះអ្វីគ្រប់យ៉ាងវាស្រ័យទៅលើប្រជាពលរដ្ឋ និងសាធារណៈមតិ ជាអ្នកវាយតម្លៃផ្ទាល់ ដោយផ្អែកលើសកម្មភាពជាក់ស្តែងរបស់គណបក្សសង្រ្គោះជាតិ ដែលបានធ្វើកន្លងមក។
ទាក់ទងនឹងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់ បើយោងលើអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមនៅកម្ពុជា បានកត់សម្គាល់ថា ទាំងរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីលវិល អ្នកសិល្បៈ ក៏ដូចសប្បុរសជនទូទៅ បានខ្នះខ្នែងគៀងគរជំនួយ ផ្តល់ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់តាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។ ទន្ទឹមនឹងការខ្នះខ្នែង ក្នុងស្មារតីសប្បុរសធម៌ និងសាមគ្គីភាព គេក៏អាចសង្កេតឃើញថា អ្នកដែលបានយកជំនួយទៅចែកជូនប្រជាពលរដ្ឋ តាមមូលដ្ឋានមួយចំនួន ក៏បានឆ្លៀតឳកាសថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងន័យកេងចំណេញនយោបាយផងដែរ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ