កឋិនបក្សប្រឆាំង៖ ទានរបស់យើងមិនបានមកពីការលួចជាតិ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំដង្ហែអង្គកឋិនទានចូលវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីនោះថា កឋិនទានរបស់គណបក្សសង្គ្រោះជាតិ បានមកដោយធម៌គ្មានលួចប្លន់ពីនរណា ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ជាមួយការឆ្លើយតប មន្រ្តីបក្សកាន់អំណាចបានបរិហារវិញថា លោក កឹម សុខា និយាយកុហកគ្មានការពិតសោះឡើយ។
លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកចូលរួមជាច្រើននាក់នៅក្នុងពិធីអង្គកឋិនទានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវត្តសាមគ្គីរង្សី នារាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងកោតសរសើរចំពោះព្រះសង្ឃដែលគង់នៅក្នុងវត្តសាមគ្គីរង្សីនេះថា បានចូលរួមចំណែកក្នុងការទាមទារ រកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដោយមិនគិតពីសុវត្ថិភាពផ្ទាល់ព្រះកាយសោះឡើយ។ លោក កឹម សុខា បានសង្កត់ធ្ញន់ថា ការឋិនទានដែលគណបក្សសង្គ្រោះជាតិ រៀបចំធ្វើនៅពេលនេះ បានមកពីការចូលរួមរបស់ ប្រជាពលរដ្ឋដែលបានចំណាយថវិកាផ្ទាល់ៗខ្លួន និងជាថវិកាស្អាតស្អំមិនពាក់ព័ន្ធនឹងអំពើពុករលួយ ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។
អនុប្រធានគណបក្សប្រឆាំងរូបនេះ បន្តថា នាពេលកន្លមកគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន តែងតែអួតថាខ្លួនឯងជាអ្នកធ្វើបុណ្យច្រើនជាងគណបក្សសង្គ្រោះជាតិ ហើយចោទថាគណបក្សប្រឆាំងគិតតែថា មិនដែលបានធ្វើអ្វីនោះទេ។ លោក កឹម សុខា បញ្ជាក់ថា ថ្វីត្បិតតែគណបក្សប្រជាជនកម្ពុជា ធ្វើបុណ្យទានច្រើនមែន តែទាននោះ មិនមែនជាទានបរិសុទ្ធនោះទេ ពីព្រោះថា ទានដែលគណបក្សប្រជាជនបានមកដោយសារប្រព្រឹត្តអំពើពុករលួយ លក់ទ្រព្យសម្បត្តិជាតិ ធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា គ្រប់ទីកន្លែង។
ជុំវិញបញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានធ្វើការបដិសេធចោលទាំងស្រុងចំពោះការលើកឡើងរបស់លោក កឹម សុខា ។ លោកថា លោក កឹម សុខា និយាយឲ្យតែបានរួចពីមាត់ និងចេះតែប្រឆាំងទាំងផ្កាប់មុខ ដោយនិយាយមូលបង្កាច់គណបក្សប្រជាជនកម្ពុជាទាំងស្រុង។ លោកបណ្ឌិតរដ្ឋរូបនេះ បានស្នើឲ្យលោក កឹម សុខា និយាយការពិត និងមានភស្តុតាងច្បាស់លាស់ផង កុំចេះតែនិយាយកុហកប្រជាពលរដ្ឋពេក។ លោក ជាម យៀប ក៏បានបើកផ្លូវ ឲ្យគណបក្សប្រឆាំងដាក់ពាក្យបណ្តឹងទៅតុលាការ ប្រសិនណាបើឃើញមន្រ្តីគណបក្សបជាជនកម្ពុជា ប្រព្រឹត្តអំពើពុករលួយមែននោះ។
មន្រ្តីគណបក្សកាន់អំណាចរូបនោះ ក៏បានះអះអាងថា សកម្មភាពធ្វើបុណ្យទាននេះ កន្លងមកគណបក្សប្រជាជនកម្ពុជា បានខិតខំនិងធ្វើច្រើនជាងគេ ដោយមិនដែលរើសអ៊ើងចំពោះនិន្នាការនយោបាយនោះទេ។
សូមបញ្ជាក់ថា បើយោងទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធជាម្ចាស់ ដែលជាអ្នកត្រាស់ដឹង បានលើកឡើងថា ការធ្វើទានដែលមានផល្លានិសង្ស ឬបានបុណ្យច្រើននោះ គឺជាទានដែលកើតមកពីការលះបង់ដ៏ស្អាតចេញពីចិត្តរបស់បុគ្គលអ្នកធ្វើទាន បើទោះបីជាទាននោះមានចំនួនតិចយ៉ាងណាក៏ដោយ ក៏វាប្រសើរជាងទានដែលបានមកដោយមិនស្មោះត្រង់ ផ្ជាប់មកជាមួយផលប្រយោជន៍ដើម្បីខ្លួនឯង និងបក្សពួកខ្លួនដែរ ។
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ថ្វីត្បិតតែកាន់ព្រះពុទ្ធសាសនាក៏ពិតមែន តែសម្បូរណាស់ជនដែលធ្វើទាន ឬផ្តល់អំណោយចង់បានផលប្រយោជន៍ ចង់បានឲ្យគេសរសើរ រហូតដល់មានពុទ្ធបរិស័ទខ្លះខឹងសម្បារ ទាស់គ្នា ដោយសារគេមិនដាក់ឈ្មោះឲ្យក៏មាន។ ចំណែកអ្នកនយោបាយវិញ ក៏ឆ្លៀតឳកាសកេញចំណេញនយោបាយ នៅក្នុងវត្តតាមរយៈការធ្វើទាននេះដែរ ដោយពួកគេលើកឡើងពីគុណសម្បត្តិបក្សរៀងៗខ្លួនថា មានតែគណបក្សខ្លួនទេ ដែលចេះធ្វើទានបែបនេះ ។ មិនតែប៉ុណ្ណោះមានពេលខ្លះ អ្នកនយោបាយមួយចំនួនថែមទាំងព្រមានទៀតថា បើមិនគាំទ្របក្សខ្លួននោះទេ ហើយបោះឆ្នោតឲ្យគណបក្សដទៃ គណបក្សយើងនឹងមិនដង្ហែកឋិន មិនជួយកសាងវត្តនោះទេ។ ការធ្វើទានបែបនេះ ត្រូវបានគេប្រដូចទៅជា ការធ្វើទានមួយ ដែលមានលក្ខណៈ«បោះនុយឲ្យត្រីស៊ីសន្ទូច»៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ