បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

បន្ទាប់ពីបញ្ចប់ ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»ទាំង១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះមក គណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹងបានអះអាងបញ្ជាក់ថា មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»ទាំង១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះមក គណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹងបានអះអាងបញ្ជាក់ថា មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ។


សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហានេះនៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ ពិសេសគណបក្សសង្គ្រោះជាតិ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួមក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក» នៅឃុំស្វាយជ្រះទាំង១៣​ការិយាល័យ ក្នុងមណ្ឌលខេត្តក្រចេះ។

លោកកែវ ភីរម្យ ជាម្ចាស់បណ្តឹង និងលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការផ្ទៀងផ្ទាត់ថាការិយាល័យទាំង១៣ នៅឃុំស្វាយជ្រះ ខេត្តក្រចេះដែលមានក្នុងកញ្ចប់សុវត្ថិភាព«ក» នោះមានភាពមិនប្រក្រតី។ លោកបានបញ្ជាក់ថា ភាពមិនប្រក្រតីទាំងនេះហើយ ដែលនាំឲ្យមានផលប៉ះពាល់ ដល់​ចំនួន​«អាសនៈ»របស់គណបក្សសង្គ្រោះជាតិនោះ។

តំណាងរូបនេះក៏បានបញ្ជាក់នូវ ភាពមិនប្រក្រតីទាំងនោះថាទាក់ទងនឹងកញ្ចប់សុវត្ថិភាព«ក» ទាំង១៣កញ្ចប់ ស្មើនឹង​១៣​ការិយាល័យនោះ មានប្រាំមួយកញ្ចប់ ឬប្រាំមួយការិយាល័យត្រូវបានបើក«ចំហ»។ លោកបន្តរថាទោះបីជាកញ្ចប់​សុវត្ថិភាព«ក»ចំនួនប្រាំពីរផ្សេងទៀត មានការបិទជិតក៏ដោយ តែជាក់ស្តែងចំណុចសំខាន់ក្រោយការពិនិត្យ និងផ្ទៀងផ្ទាត់​ឃើញថាមានការប្រែប្រួលនូវចំនួនសន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងការកើនឡើងនៃចំនួន​គណបក្ស​នយោបាយ ដែលគ្មានឈ្មោះក្នុងមណ្ឌលនោះ។ ជាងនេះទៅទៀតនៅមានការកោសលុប ការសរសេរថ្មីលើលទ្ធផល​ចាស់។

មន្រ្តីតំណាងគណបក្សប្រឆាំងរូបនេះបន្ថែមថា ការប្រែប្រួលទាំងនេះ បានបង្ហាញពីភាពខុសគ្នាទាំងស្រុង នូវលទ្ធផល​ដែលគណបក្សនយោបាយ ទទួលពី គ.ជ.ប រវាងថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី៣០ ខែកក្កដា។ «ភាពមិនប្រក្រតីមាន​តែ​២៥ទៅ៥០សម្លេងនោះ វានឹងធ្វើឱ្យគណកប្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ «បាត់ឬទទួល»បាននូវអាសនៈ​មួយចុងក្រោយ»។

ដោយឃើញពីភាពមិនប្រក្រតីច្រើន ពិសេសចំពោះការ«កើននិងថយចុះ» នៃសន្លឹកឆ្នោត«បានការនិងមិនបានការ» លោក កែវ ភីរម្យ ដែលជាម្ចាស់បណ្តឹង ក៏បានស្នើរដល់តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើសន្លឹកឆ្នោត​មិនបានការថែមទៀត ដើម្បីឲ្យឃើញកាន់តែច្បាស់ និងស៊ីជំរៅ។ លោកក៏បានស្នើឲ្យមានការស៊ើបអង្កេតលើបណ្តឹង ទាំង​១៥ខេត្ត-ក្រុង របស់គណបក្សសង្គ្រោះជាតិជាបន្តរទៀត។

ជាប្រតិកម្មតបភ្លាមៗតំណាងក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្ម ញាណវិចិត្រ មិនបានឆ្លើយតប ចំពោះការស្នើរឲ្យមានការ​បើកកញ្ចប់សុវត្ថិភាព«ក» នៅក្នុងខេត្តផ្សេងទៀតនោះទេ។ តែលោកបានលើកឡើងថា​«ក្រុមប្រឹក្សាធម្មនុញ្ញមាននីតិវិធី​របស់ខ្លួន ព្រឹកនេះយើងគ្រាន់តែធ្វើការផ្ទៀងផ្ទាត់ លើទម្រង់មួយចំនួនដែលបានកំណត់ប៉ុណ្ណោះ មិនមានការជជែក​វែក​ញែកដេញដោយអ្វីនោះទេ ហើយក៏គ្មានការផ្ទៀងផ្ទាត់អ្វីលើសពីនេះដែរ។(...) បើមានភាពមិនប្រក្រតី តំណាងគណបក្ស​ពាក់ព័ន្ធត្រូវធ្វើការកត់ចំណាំទុក និងចាំជជែក បកស្រាយនៅក្នុង សវនាការសារធារណៈរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រោយពីពិនិត្យឃើញមានភាពមិនប្រក្រតីនោះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិចារណាលើការបើកសវនាជាសាធារណៈ ដើម្បី​ផ្តល់នូវតម្លាភាព និងភាពច្បាស់លាស់ទាំងអស់គ្នា ក៏ដូចជាការផ្តល់នូវយុត្តិធម៌ដល់ដើមបណ្តឹងផងដែរ។»

ដោយឱសានវាទ សម្រាប់ដោះស្រាយនូវភាពមិនប្រក្រតីនៃការបោះឆ្នោត របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានរយៈពេល​ត្រឹមតែម្ភៃថ្ងៃនោះ (ប្រតិទិននៃការបោះឆ្នោតចេញដោយគ.ជ.ប) តំណាងក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ បានអះអាង​ជាចុង​ក្រោយថា «ក្រុមប្រឹក្សាធម្មនុញ្ញ នឹងដោះស្រាយរាល់បណ្តឹងទាំងអស់ របស់គណបក្សសង្គ្រោះជាតិ ឱ្យបានមុនថ្ងៃប្រកាស​លទ្ធផលជាផ្លូវការរបស់គ.ជ.ប នាថ្ងៃទី៨ ខែកញ្ញាខាងនេះ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ដែលមានវត្តមានក្នុងការផ្ទៀងផ្ទាត់ លើកញ្ចប់សុវត្ថិភាព«ក»​ដែរ​នោះ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា នេះជាជំហានមួយវិជ្ជមាន ហើយក៏ស្នើរឲ្យមានការបើក​សម្រាប់ខេត្តនានា​ផ្សេង​ទៀតដែរ។ លោកបានបន្តរថា «ឃើញមានតួលេខខុសគ្នារវាងកំណត់ហេតុរបស់ប៉ិច សិច គ.ជ.ប និងគណបក្សសង្គ្រោះ​ជាតិដែលជាសញ្ញាណមួយ មានភាពមិនប្រក្រតី ទាមទាឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បង្កលក្ខណឲ្យមានការស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់ អាចឈានទៅដល់ការធ្វើសវនាកម្មបន្ថែមទៀត ទៅលើឯកសារមួយចំនួនដូចជាលទ្ធផលបោះឆ្នោត សន្លឹកឆ្នោត​បានការ និងមិនបានការជាដើម។(...) កន្លែងខ្លះទំនងដូចជាមកពីបច្ចេកទេស និងកន្លែងខ្លះទៀតអាចសង្ស័យ ឈានទៅ​ដល់ការក្លែងបន្លំ និងមានមន្ទឹលសង្ស័យច្រើន ដែលទាមទាឲ្យមានការស៊ើបអង្កេត»។

ទោះយ៉ាងណាក៏ដោយ ក្នុងនាមលោកជាសង្គមស៊ីវិល នៅតែទទូចឲ្យមានការបង្កើត នូវគណម្មការចម្រុះឯករាជ្យ​ដើម្បី​ស្រាវជ្រាវ និងស៊ើបអង្កេតនូវភាពមិនប្រក្រតីនានា ដែលកើតឡើងមុននិងក្រោយពេលបោះឆ្នោត។ «ទោះបីជាគណម្មការ​ចម្រុះឯករាជ្យនេះ មិនអាចបង្កើតបានមុនការប្រាការលទ្ធលផជាផ្លូវការដោយគ.ជ.ប ក៏ដោយ តែអាចបង្កើតឡើង​ក្រោយ​ពេលនេះ ដើម្បីទុកជាបទពិសោធ និងសម្រាប់ការស្រាវជ្រាវ និងស៊ើបអង្កេតនូវភាពមិនប្រក្រតីនានា ហើយធ្វើការ​ដោះស្រាយ និងកែតម្រូវ សម្រាប់ជាបទពិសោធអាណត្តិក្រោយៗទៀត»។

សូមរម្លឹកថា លទ្ធផលប្រកាសបណ្តោះអាសន្នរបស់គ.ជ.ប សម្រាប់មណ្ឌលខេត្តក្រចេះ គណបក្សសង្គ្រោះជាតិ​ទទួល​បាន១ អាសនៈ និងគណបក្សប្រជាជនកម្ពុជាទទួលបាន២ អាសនៈ។ ប៉ុន្តែតាមការបង្ហាញរបស់គណបក្សសង្គ្រោះជាតិ ទទួលបាន២ អាសនៈ និងគណបក្សប្រជាជនកម្ពុជា ទទួលបានតែ១អាសនៈប៉ុណ្ណោះ។ ឯតាមលទ្ធផល នៃការស្រាវជ្រាវ​របស់ខុមហ្រ្វេលមិនបានបង្ហាញច្បាស់លាស់ សម្រាប់អាសនៈនៃខេត្តនេះទេ ដោយបានបង្ហាញថាគណបក្ស​សង្គ្រោះ​ជាតិទទួលបាន១ អាសនៈ និងគណបក្សប្រជាជនកម្ពុជាទទួលបានតែ១ អាសនៈ ក្រៅពីនេះស្ថិតលើមន្ទឹលនៅឡើយ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...