ខេង ទីតូ៖ បក្សសង្រ្គោះជាតិ ចាំចាច់ត្រូវសហការជាមួយសមត្ថកិច្ច
បើទោះជាគណបក្សសង្រ្គោះជាតិបានអះអាងថា មហាបាតុកម្មដែលកំពុងដំណើរការទៅមុខ ជាមួយភាពពុះកញ្រ្ជោលនេះ នឹងប្រព្រឹត្តទៅដោយអហិង្សាយ៉ាងណាក្តី ក៏ចលនានេះបានជម្រុញឲ្យមជ្ឈដ្ឋានទូទៅ និងកងកម្លាំងសមត្ថកិច្ចសម្តែងការព្រួយបារម្ភពីបញ្ហាដែលអាចកើតឡើងជាយថាហេតុ និងទទូចឲ្យគណបក្សជំទាស់នេះផ្តល់ការសហការជិតស្និតជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)
សុវត្ថិភាពសន្តិសុខ - អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិលោក ខេង ទីតូ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នេះបានលើកឡើងថា នៅពេលនេះសមត្ថកិច្ចបានត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ធ្វើការសហការជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើយ៉ាងណាឲ្យមហាបាតុកម្មអហិង្សារបស់គណបក្សជំទាស់នេះ អាចប្រព្រឹត្តទៅជាប្រក្រតី ជៀសវាងបាននូវការប៉ះទង្គិចណាមួយ។
អ្នកនាំពាក្យដដែលនេះបន្តថា ប្រសិនបើគណបក្សសង្រ្គោះជាតិ និងបាតុករគោរពតាមគោលការណ៍ច្បាប់ ស្តីពីការធ្វើបាតុកម្មដោយអហិង្សា និងធ្វើកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ នោះវាមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ តែបើមានជនខិលខូច ឬជនឆ្លៀតឱមានកាសបង្កចលាចល ដែលនាំឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈណាមួយ សមត្ថកិច្ចនឹងមានកម្លាំងអន្តរាគមន៍«ពិសេស» សម្រាប់គ្រប់គ្រងស្ថានការណ៍នោះភ្លាម។
ជុំវិញបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីសុំការអត្ថាធិប្បាយបានទេ។ តែបើយោងលើគោលជំហររបស់គណបក្សនេះ កាលពីពេលកន្លងមក បានអះអាងថា មហាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ដែលទាមទារឲ្យមានការបោះឆ្នោតឡើងវិញនេះ គឺប្រកាន់យកភាពអហិង្សា ដោយមិនយកខ្មែរណាជាសត្រូវនោះទេ។
ចំពោះការប្រកាសធ្វើមហាបាតុកម្មអហិង្សា ក្នុងរយៈពេលវែងរបស់គណបក្សសង្រ្គោះជាតិនៅពេលនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា សម្តែងការព្រួយបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងលទ្ធភាពនៃការផ្ទុះអំពើហិង្សារវាងបាតុករ និងសមត្ថកិច្ច។ អ្នកតាមដានស្ថានការណ៍ដដែលនេះ លើកឡើងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គួរពន្លឿនការចរចា ឬការសម្រេចចិត្តនយោបាយណាមួយឲ្យបានឆាប់ ដើម្បីបិទបញ្ចប់ការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ