ផ្អាកការចរចាថ្ងៃ២៧កុម្ភៈ ដោយគ្មានការបញ្ជាក់ពីមន្រ្តីបក្សប្រជាជន
គណបក្សសង្រ្គោះជាតិ បានបង្ហើបឲ្យដឹងជាសាធាណៈថា គម្រោងបន្តជួបចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ព្រោះគណបក្សប្រជាជនកម្ពុជា សូមពន្យាពេល។ ការអះអាងរបស់គណបក្សសង្រ្គោះជាតិ មិនត្រូវបានគណបក្សប្រជាជនកម្ពុជាឆ្លើយបំភ្លឺនៅឡើយទេ។
កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ មន្រ្តីជាន់ខ្ពស់ និងជាតំណាងក្រុមការងារបច្ចេកទេស គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន និងលោក ព្រំ សុខា ដែលមានភារៈកិច្ចអង្គុយទល់មុខចរចា ជាមួយក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិ បានធ្វើការបដិសេធ មិនធ្វើការអត្ថាធិប្បាយ ចំពោះការលើកឡើងរបស់គណបក្សសង្រ្គោះជាតិនោះទេ។
លោក ឈាង វុន ដែលសព្វដងធ្លាប់បានបង្ហាញ ពីគោលជំហររបស់គណបក្សប្រជាជនកម្ពុជា នោះបានបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងដែរ ការសម្រេចស្ថិតនៅលើថ្នាក់ដឹកនាំគណបក្ស។ សូមសួរទៅអ្នកផ្សេង»។ ចំណែកឯលោក ព្រំ សុខា ដែលជាប្រធានក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា ក៏បានបដិសេធមិនឆ្លើយបំភ្លឺដែរ ដោយលោកលើកឡើងថា លោកកំពុងជាប់រវល់ចូលរួម ក្នុងមហាសន្និបាទមួយ នៅលើទឹកដីខេត្តស្វាយរៀង។
ការបដិសេធមិនធ្វើការបំភ្លឺ របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា គឺបន្ទាប់ពីមន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គម្រោងជួបចរចារវាងក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ នឹងត្រូវលើកទៅពេលក្រោយ ព្រោះមន្រ្តីគណបក្សប្រជាជនកម្ពុជា សុំពន្យាពេល។
អ្នកនាំពាក្យគណបក្សជំទាស់រូបនេះបន្តថា ការពន្យាពេលនេះ មិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទេ តែដោយសារតែបញ្ហាបច្ចេកទេសរបស់ក្រុមការងារគណបក្សទាំងពីរ ហើយគណបក្សប្រជាជនកម្ពុជាបានលើកហេតុផលថា គណបក្សខ្លួនជាប់រវល់។
ក្រោយការចរចានយោបាយ ថ្ងៃទី១៨ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្នើគ្នា ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត។ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ គណបក្សទាំងពីរ ក៏បានបង្ហើបឲ្យដឹងជាសាធារណៈ ថាក្រុមការងាររបស់គណបក្សទាំងពីរ ម្ខាង៦នាក់ នឹងធ្វើការចរចា ជាបន្តទៀតនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយ លម្អិតទៅលើតួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់គណៈកម្មការរួម ចំពោះក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត ក្នុងពេលអនាគត។
ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានកត់សម្គាល់ថា ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា តាំងពីក្រោយការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ នឹងរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សទាំងពីរ ពិតជាមានសុឆន្ទៈក្នុងការចរចា។ តែបើគណបក្សទាំងពីរ មានកលល្បិចក្នុងការចរចានោះលទ្ធផលដែលទទួលបាន គឺភាពបរាជ័យទាំងអស់គ្នា ហើយវិបត្តិនយោបាយ នឹងបន្តអូសបន្លាយ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៤