FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)

រហូតមកដល់ថ្ងៃនេះ មរណភាពនៃជនផ្ដាច់ការ ហ៊ីត្លែ នៅតែជាប់មន្ទិលនៅឡើយ ជាមួយនឹងការលើកឡើងខុសៗគ្នា របស់​អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ក្នុងលោកខាងលិច។ ខុសពីការកត់ត្រាជាទូទៅ ដែលថា លោក ហ៊ីត្លែ បានស្លាប់ទៅ ដោយសារ​​ការ​សម្លាប់​ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់នោះ នៅក្នុងរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​អាមេរិក «FBI» មិន​បាន​ចាត់​ទុកថា បុរសខ្លាំងអាល្លឺម៉ង់រូបនេះ ស្លាប់ឬសម្លាប់ខ្លួន នៅក្នុងទឹកដីអាល្លឺម៉ង់​នោះ​ឡើយ។
FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)
លោក អាដុហ្វ ហ៊ីត្លែរ។ (រូបថត ឯកសារ)
Loading...
  • ដោយ: ក. សេងហុង ([email protected]) - ភ្នំពេញ ថ្ងៃ២៥ កុម្ភៈ ២០១៤
  • កែប្រែចុងក្រោយ: May 04, 2014
  • ប្រធានបទ: អាថ៌កំបាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រាវជ្រាវ - វត្តមាននៃឯកសារ ការិយាល័យ​សហព័ន្ធ ស៊ើប​អង្កេត​របស់​អាមេរិក ដែល​ហៅ​ជា​ភាសា​​អង់គ្លេស​ថា «Federal Bureau of Investigation (FBI)» បាន​បង្ហាញ​រឿង​ពិត​មួយ​ផ្នែក​ទៀត​ នៃ​ប្រវត្តិសាស្រ្ត ដែល​បាន​ចារ​ពី​ការ​ស្លាប់​​របស់​​បុរស​បិសាច​នេះ​ ខុស​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត។ តាម​រយៈ​ឯកសារ​នេះ បាន​បញ្ជាក់​ថា លោក អាដុហ្វ ហ៊ីត្លែរ (Adolf Hitler) បាន​ទៅ​រស់​​នៅ​​លើ​ទួល​ភ្នំ អេនដេស (Andes) ក្នុង​ប្រទេស​អាហ្សង់ទីន (Argentine - ទ្វីប​អាមេរិក​ខាង​ត្បូង) យ៉ាង​សុខសាន្ត បន្ទាប់​​​ពី​សង្គ្រាម​លោក​​លើក​​ទី​ពីរ។

អាដុហ្វ ហ៊ីត្លែរ អតីតមេដឹកនាំរបបផ្តាច់ការ ហ្វាស៊ីស ណាស៊ី អាល្លឺម៉ង់ និងជាអ្នកវាតទីកាន់កាប់​ទ្វីប​អឺរ៉ុប​ដីគោក ក្នុងសង្គ្រាមលោកលើកទីពីរ ព្រម​ទាំង​ជា​ឧក្រិដ្ឋ​ជន​សម្លាប់ជនជាតិជ្វីហ្វ និងជនជាតិដ​ទៃ​ទៀត​​​យ៉ាង​​សម្បើម ដើម្បីលើកតម្កើន​ជាតិ​សាសន៏​អាល្លឺម៉ង់នោះ ត្រូវបានប្រវត្តិសាស្រ្តកត់ត្រាទុកថា បាន​ស្លាប់​ដោយ​សារ​ការបាញ់​សម្លាប់​ខ្លួន​ឯង នា​ថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៤៥ ក្នុងទីបញ្ជាការក្រោមដីរបស់គាត់ នៅ​មុន​ពេល​ដែល​កងទ័ព​សូវៀត (កង​ទ័ព​បដិវត្តន៍ នៃអតីតប្រទេសរ៉ូស្សី) សំរុកចូល ទៅដល់ទីនោះ។ សាកសព​របស់​​បុរស​នេះ ត្រូវ​​បាន​កងទ័ព​សូវៀត​កំណត់​អត្ត​សញ្ញាណ​​បាន និងអះអាងថាជា លោក ហ៊ីត្លែ ពិតមែន នៅ​មុន​កង​ទ័ព​បដិវត្តន៍​ទាំង​នេះ ដក​ចេញ​ទៅ​វិញ។

ដូច្នេះ បើប្រៀបធៀប ទៅនឹងរបាយការណ៍របស់ អេហ្វប៊ីអាយ តើកងទ័ពសូវៀតនៅពេលនោះ បាន​កុហក ឬ​យ៉ាង​ណា? តើគេត្រូវសរសេរប្រវត្តិសាស្ត្រឡើងវិញ ឬយ៉ាងដូចម្ដេច?

នៅក្នុងឯកសារមួយ ដែលទើបនឹងទម្លាយឲ្យដឹងជាសាធារណៈ មិនត្រឹមតែអះអាងថា ការស្លាប់របស់ ហ៊ីត្លែ និង​ភរិយា នាង អ៊ីវ៉ា ប្រោន (Eva Braun) ថាគ្រាន់ជាការរៀបចំឡើងប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជាក់ថា សាក​សព​ទាំងពីរ​ដែលមិនមានរូបរាងច្បាស់លាស់ទាំងនេះ ទំនងជាត្រូវបានរៀបចំមានជំនួយពី លោក អេលេន ឌុឡេស (Allen Dulles) ប្រធានការិយាល័យរៀបចំយុទ្ធសាស្ត្រអាមេរិក (OSS - ស្ថាប័ន​ចារកម្ម​អាមេរិក ក្នុង​សម័យ​នោះ ដែល​បាន​ក្លាយ​ជា​ ភ្នាក់ងារចារកម្មអាមេរិក ស៊ីអាយអេ "CIA"ក្នុងពេល​ក្រោយ​មក)។

ក្នុងឯកសារសម្ងាត់មួយរបស់ អេហ្វប៊ីអាយ ពីទីក្រុងឡូស អេនជឺឡេស (Los Angles) បានទម្លាយឲ្យដឹងថា ភ្នាក់ងារ​សម្ងាត់របស់អាមេរិករូបនេះ បានដឹងពីការចូលចតរបស់នាវាជ្រមុជទឹក នៅឆ្នេរសមុទ្រនៃ​ប្រទេស​អាហ្សង់ទីន ដើម្បី​ទម្លាក់មេដឹកនាំកំពូលរបស់ ហ្វាស៊ីស ណាស៊ី ឈ្មោះ ហ៊ីត្លែ ឲ្យឈប់នៅទីនោះ។ អ្វីដែល​កាន់​តែ​ហួសចិត្ត​ទៀត​នោះ គឺអេហ្វប៊ីអាយបានបញ្ជាក់ច្បាស់ៗថា បុរសដែលត្រូវបានពិភពលោក​ស្អប់​ជាង​គេ បាន​រស់​នៅ​យ៉ាងសុខដុម ក្នុង​ជ្រលងមួយនៃជួរភ្នំ អេនដេស។

នៅក្នុងខែសីហា ឆ្នាំ១៩៤៥ ភ្នាក់ងាផ្ដល់ដំណឹងមិនស្គាល់អត្តសញ្ញាណមួយរូប បានឆ្លើយឆ្លងព័ត៌មាន​ជា​ច្រើន​ ជា​មួយការិយាល័យ អេហ្វប៊ីអាយ ប្រចាំទីក្រុង ឡូស អេសជឺឡេស ដើម្បីស្នើសុំឲ្យមានការជ្រកកោន​មួយ ខាងផ្នែក​នយោបាយ។ ភ្នាក់ងារផ្ដល់ដំណឹងនោះ មិនត្រឹមតែបានអះអាងថា ហ៊ីត្លែ កំពុងរស់នៅក្នុង​ប្រទេស​អាហ្សង់ទីននោះ​ទេ តែភ្នាក់ងារនោះខ្លួនឯង បានបញ្ជាក់ថា ខ្លួនជាមនុស្សម្នាក់ ក្នុងចំណោម​មនុស្ស​៤នាក់​ផ្សេងទៀត ដែល​បាន​ឃើញ​នាវាជ្រមុជទឹករបស់អាល្លឺម៉ង់។ នាវាជ្រមុជទឹកពីរ ទំនងជាបានចូល​ចត​ នៅ​តាម​ឆ្នេរ​នៃប្រទេសអាហ្សង់ទីន ហើយ​បានបន្ថែមទៀតថា លោក ហ៊ីត្លែ និងអ្នកស្រី អេវ៉ា ប្រោន បាននៅលើនាវាទីពីរ។

នៅក្នុងលិខិតទាំងនោះ ភ្នាក់ងារបានសរសរទៀតថា រដ្ឋាភិបាលនៃប្រទេសអាហ្សង់ទីន បានដឹង និង​ជួយ​លាក់​​ជន​ផ្ដាច់ការនេះ នៅក្នុងប្រទេសរបស់ខ្លួន។ ភ្នាក់ងារដែលគេមិនស្គាល់រូបរាង បានបន្តអះអាង​ពីភូមិ​ស្រុក ដែលលោក ហ៊ីត្លែ បានធ្វើដំណើរឆ្លងកាត់ ជាពិសេសបានរៀបរាប់ ពីរូបរាងខាងក្រៅ ដែលអាចទទួល​យក​បាន របស់លោក ហ៊ីត្លែ។

បើទោះជា ភ្នាក់ងារដែលផ្ដល់ដំណឹងនេះ មិនត្រូវបានបញ្ចេញឲ្យស្គាល់ ពីអត្តសញ្ញាណក៏ដោយ តែអ្វីដែល​បាន​លើក​ឡើង វាសមល្មមនឹងអាចឲ្យអ្នកស្រាវជ្រាវទាំងឡាយភ្ញាក់អារម្មណ៍ ផ្ងារគំនិត។ មាន​ការ​លើក​​ឡើង​ជា​ច្រើន​ផ្សេង​ទៀត ទាក់ទងនឹងដំណើរដើមទងនៃនាវាជ្រមុជទឹក និងវត្តមានរបស់បុរសផ្ដាច់ការ ប្រចាំ​ប្រវត្តិ​សាស្ត្រ​​នេះ នៅក្នុង​ប្រទេសអាហ្សង់ទីន តែអេហ្វប៊ីអាយ ទំនងជាបានទុកសំនុំរឿងនេះចោល មិនបន្ត​ការ​ស៊ើប​អង្កេត​នោះទេ។

រូបថតស្ដីពីលិខិត ដែលបានឆ្លើយឆ្លងព័ត៌មាន ជាមួយការិយាល័យអេហ្វប៊ីអាយប្រចាំទីក្រុងឡូស អេនជឺឡេស៖

នៅក្នុងភាគបន្ត ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងលើកយកមកបង្ហាញ នូវភស្ដុតាងបន្ថែមទៀត ដែលកាន់តែ​បញ្ជាក់​ថា មិនត្រឹមតែ ហ៊ីត្លៃ ដែលមិនបានស្លាប់នៅក្នុង ប្រទេសដើមកំណើតរបស់ខ្លួននោះទេ តែនៅមាន​អ្នក​​ទទួលខុស​ត្រូវ​របស់របប ហ្វាស៊ីស ណាស៊ី ជាច្រើនរូបផ្សេងទៀត ក៏ត្រូវបានភ្នាក់ងារ​ចារកម្មរបស់​អាមេរិក ទទួលជួយគាំពារ និង​ការពារអត្តសញ្ញាណរបស់ពួកគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...