នែលសុន មែនឌឺឡា មេដឹកនាំប្រឆាំងការប្រកាន់ពូជសាសន៍ ទទួលមរណភាព
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក ហ្សាកូប ហ្សូម៉ា (Jacob Zuma) បានប្រកាសនូវដំណឹងដ៏រន្ធត់មួយ ស្ដីពីមរណភាពរបស់អតីតមេដឹកនាំដ៏ល្បីឈ្មោះរបស់ខ្លួន លោក នែលសុន មែនឌឺឡា នៅថ្ងៃព្រហស្បត្តិ៍ទី០៥ ខែធ្នូ ឆ្នាំ២០១៣នេះ ក្នុងជន្មាយុ៩៥ឆ្នាំ។ ជាដំណឹងដែលធ្វើឲ្យពិភពលោកទាំងមូល ញាប់ញ័រ ដោយសារតែវីរបុរសរូបនេះ បានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ នូវវីរភាពច្រើនរាប់មិនអស់ ក្នុងនោះមានការប្រឆាំងរបបប្រកាន់ពូជសាសន៍ និងជានិមិត្តរូបនៃអំពើល្អផ្សេងទៀត ដែលត្រូវបានមេដឹកនាំជាច្រើនក្នុងលោក យកមកធ្វើជាគំរូរបស់ពួកគេ។
លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ (រូបថត ឯកសារ)
អាហ្វ្រិកខាងត្បូង - លោក ហ្សាកូប ហ្សូម៉ា ប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសអាហ្វ្រិកខាងត្បូង បានថ្លែងដំណឹងទុក្ខសោដនេះ ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា «វីរបុរសនៃការប្រឆាំងនឹងរបបប្រកាន់ពូជសាសន៍ បានលាចាកលោកនេះទៅដោយ ស្ងប់ស្ងៀម នៅក្នុងគេហដ្ឋាន ចូហេណេស្ប៊ួរ (Johannesburg)»។ ជាមួយនឹងការប្រកាសនូវបុណ្យសព ដែលនឹងរៀបចំធ្វើជាលក្ខណៈជាតិនោះ លោកប្រធានាធិបតីបានបន្តទៀតថា «ប្រជាជាតិរបស់យើង បានបាត់បង់កុលបុត្រដ៏ឆ្នើមមួយរូប»។
បន្ថែមពីលើការអំពាវនាវឲ្យ ជនរួមជាតិអាហ្វ្រិកខាងត្បូងទាំងអស់ឲ្យ ដើរតាមនូវភាពថ្លៃថ្នូ និងការគោរពកោតស្ងប់ស្ងែង ដែលអតីតមេដឹកនាំរបស់ពួកគេលោក នែលសុន មែនឌឺឡា ធ្លាប់មាន នោះ លោកប្រធានាធិបតី ហ្សូម៉ា បានធ្វើវិយោគកថាមួយទៀតថា «ជាពេលមានទុក្ខសោក ជាងពេលណាៗទាំងអស់ (...) នែលសុន មែនឌឺឡា អ្នកនឹងនៅក្នុងបេះដូងរបស់យើងគ្រប់គ្នា»។
ស្ដូកស្ដឹង តែនៅមានភាពក្លាហាន
លោក នែលសុន មែនឌឺឡា ធ្លាប់ជាប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៅក្នុងប្រទេសរបស់លោក ពីឆ្នាំ១៩៩៤ មកទល់នឹងឆ្នាំ ១៩៩៩។ លោកបានចូលទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ តាំងពីថ្ងៃទី៨ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកញ្ញា ក្នុងឆ្នាំ២០១៣នេះ ដោយសារតែជម្ងឺសួតរបស់លោក (និងជម្ងឺផ្សេងទៀតរួមផ្សំផង) បានកម្រើកឈឺខ្លាំងឡើងវិញ។ លោកត្រូវបានបញ្ជូនត្រឡប់ ទៅធ្វើការព្យាបាលដោយផ្ទាល់នៅនឹងគេហដ្ឋាលោកនៅ ចូហេណេស្ប៊ួរ វិញ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ញាតិមិត្ត និងអ្នកជិតដិតផ្សេងទៀតជាច្រើន បានធ្វើដំណើរទៅមកចេញចូល ទៅកាន់ទីនោះជាញឹកញាប់គួរឲ្យចម្លែក និងបានបង្កឲ្យមានមន្ទិល ទៅលើសុខភាពដ៏ផុយស្រួយស្រាប់ របស់លោក នែលសុន ពីសំណាក់អ្នកសារព័ត៌មាន និងប្រជាជនអាហ្វ្រិកខាងត្បូង។ ប៉ុន្តែមិនមានការជូនដំណឹង ជាផ្លូវការណាមួយ ត្រូវបានធ្លាយចេញឲ្យដឹងនោះទេ។ មុននេះពីរថ្ងៃ កូនស្រីច្បងគេបង្អស់របស់លោក បាននិយាយថា លោក នែលសុន ស្ថិតក្នុងសភាពស្ដូកស្ដែងនៅលើគ្រែ ប៉ុន្តែបញ្ជាក់ថាលោក នែលសុន នៅតែមានភាពក្លាហានដើម្បីរស់នៅតទៅទៀត។
ម្ចាស់ពាន់រង្វាន់ណូប៊ែលសន្តិភាព
ដោយសារតែលោកជាមេដឹកនាំមិនចេះនឿយហត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍ ហៅជាភាសាអង់គ្លេសថា អាប៉ាថេដ (apartheid) លោកត្រូវបានគេចាប់ដាក់ដាក់ក្នុងពន្ធនាគារ អស់រយៈពេល ២៧ឆ្នាំ។ បន្ទាប់ពីត្រូវបានគេដោះលែងនៅឆ្នាំ ១៩៩០ អ្នកទោសនយោបាយដ៏ល្បីឈ្មោះរូបនេះ បានក្លាយខ្លួននៅបួនឆ្នាំក្រោយមក ជាប្រធានាធិបតីស្បែកខ្មៅដំបូងគេ ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅឆ្នាំ១៩៩៤។ នៅពេលបញ្ចប់អាណត្តិរបស់លោក នាឆ្នាំ១៩៩៩ លោក មែនឌឺឡា បានប្រកាសដកខ្លួនចេញពីឆាកនយោបាយ ដើម្បីឧទ្ទិសជីវិតរបស់លោក ក្នុងការថែរក្សាកូនចៅ និងដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺសីដា ដែលរីករាលដាលយ៉ាងខ្លាំងនៅប្រទេសអាហ្វ្រិកខាងត្បូង នាសម័យកាលនោះ។
សូមបញ្ជាក់ថា លោក នែលសុន មែនឌឺឡា កើតនៅឆ្នាំ ១៩១៨ ហើយធ្លាប់បានទទួលរង្វាន់ណូបែលសន្តិភាព នាឆ្នាំ១៩៩៣។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូនឹងត្រឡប់មកជាថ្មីទៀត ក្នុងអត្ថបទលើកក្រោយរបស់ខ្លួន ស្ដីពីប្រតិកម្មនានាដែលបានធ្លាក់ចុះមកជាបន្តបន្ទាប់ ជុំវិញមរណភាពដ៏គួរឲ្យសោកស្ដាយ នៃអតីតមេដឹកនាំរូបនេះ៕
----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ