«ស្បែកស ធ្វើឲ្យអ្នកឈ្នះ» ស្ប៉តដែលបង្កការរើសអើងនៅថៃ?
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 10, 2016
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ស្បែក"ស" ធ្វើឲ្យអ្នក"ឈ្នះ"» នេះជាពាក្យមួយឃ្លា ដែលគេអាចអានបាន ក្នុងវីដេអូផ្សាយពាណិជ្ជកម្មមួយ នៅប្រទេសថៃ ដើម្បីលក់ថ្នាំគ្រាប់ សម្រាប់លេបឲ្យស្បែក«ប្ដូរពណ៌» របស់ក្រុមហ៊ុន មកពីប្រទេសកូរ៉េខាងត្បូងមួយ ឈ្មោះ «Séoul Secret»។ វីដេអូនេះ បានបង្កឲ្យផ្ទុះការរិះគន់ដ៏ខ្លាំងក្លាមួយ នៅក្នុងរយៈពេលចុងក្រោយនេះ នៅតាមបណ្ដាញសង្គម រហូតបង្ខំឲ្យក្រុមហ៊ុន ត្រូវដកវីដេអូនេះ ចេញពីប្រព័ន្ធឃោសនារបស់ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។
ផ្នត់គំនិត ដែលបង្កើតភាពរើសអើង!
នៅក្នុងវីដេអូនេះ ដែលត្រូវបានអ្នកផង ចុចចូលទៅទស្សនា នៅលើគេហទំព័រ យូធូប ដល់ទៅជាង១០០ ០០០ដងនោះ តារាសម្ដែងស្រីម្នាក់ បានអួតអាងថា នាងទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់នាង ព្រោះនាងមានស្បែក«ស»។ ហើយដើម្បីឲ្យបានស្បែក«ស» ជាការពិតហើយ គេត្រូវប្រើប្រាស់ក្រែម ដែលលាបធ្វើឲ្យ«ស» ឬលេបថ្នាំដែលជួយឲ្យស្បែក ប្រែក្លាយជា«ស» ដែលជាផ្នត់គំនិតដ៏សម្បើម នៅក្នុងប្រទេសថៃ។
ផ្នត់គំនិតដែលចង់បាន និងឲ្យតម្លៃទៅលើ ស្បែក«ស» មិនមែនមាននៅក្នុងតែប្រទេសថៃទេ។ ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយភាគធំ ដូចយ៉ាងនៅក្នុងប្រទេសកម្ពុជាជាដើម ក៏ផ្នត់គំនិតនេះ បានស្ថិតនៅក្នុងស្រទាប់មហាជន ជាទូទៅ ជាពិសេសសម្រាប់អ្នកអន្ទ្រើសៗ ដែលមានប្រាក់ មានឥទ្ធិពល និងក្រុមតារាសម្ដែងមួយចំនួននោះដែរ។ ប៉ុន្តែ គេបានភ្លេចគិតថា ប្រសិនជាសង្គមឲ្យតម្លៃ ទៅលើតែក្រុមអ្នកសម្បុរស្បែក ពណ៌«ស» ចុះចំណែកឯអ្នកមានស្បែកស្រគាំ ឬខ្មៅវិញ នឹងក្លាយជាអ្វី? ការបែងចែករបៀបនេះ ដែលធ្វើឲ្យមនុស្សជាច្រើន បានសម្ដែងប្រតិកម្មថា វាជាផ្នែកមួយ នៃការប្រកាន់ពណ៌សម្បុរ ហើយកំពុងចាក់ឫសជាបន្តបន្ទាប់ ដោយគ្មានវិធានការទប់ស្កាត់។
យុទ្ធសាស្ត្រទាក់ទាញ...
យ៉ាងណាក៏ដោយ ក្រុមហ៊ុន «Seoul Secret» បានប្រកាសនៅក្នុងសេចក្ដីថ្លែងព័ត៌មានរបស់ខ្លួន ចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រដដែលថា៖ «ក្រុមហ៊ុនរបស់យើង មិនមានចេតនា ក្នុងបញ្ជូនសារបែបរើសអើង និងប្រកាន់ពណ៌សម្បុរនោះឡើយ»។
សម្រាប់ម្ចាស់គេហទំព័រ «thaiwomantalks.com» បានថ្លែងទម្លាក់កំហុសថា ជាការចង់ស្វែងរកផលចំណេញ ដែលមិនគិតពីផលប៉ះពាល់។ នាង «Kaewmala» ដែលសរសេរពីបញ្ហាស្ត្រី នៅក្នុងគេហទំព័រមួយនេះ បានថ្លែងថា៖ «ក្រុមហ៊ុនផលិតស្ប៉ត ដឹងច្បាស់ណាស់ ពីអ្វីដែលខ្លួនផលិត។ (...) យើងមិនមែនរស់នៅលើថានព្រះចន្ទទេ។ អញ្ចឹងខ្ញុំប្រាកដក្នុងចិត្តថា ក្រុមហ៊ុនពិតជាដឹងថា នឹងមានផលប៉ះពាល់ ហើយមានប្រតិកម្មត្រឡប់វិញ តែមើលទៅ ទំនងជាយុទ្ធសាស្ត្រទាក់ទាញមួយ ដើម្បីរកផលចំណេញ ឲ្យបានច្រើនបំផុតសិន បើទោះជាការផ្សាយនោះ ដែលសម្រាប់ខ្ញុំ វាជារឿងមិនអាចទទួលយកបាន ក៏ដោយ។»
----------------
» វីដេអូស្ប៉តពាណិជ្ជកម្ម បង្ហាញពីភាពខុសគ្នា នៃស្បែកសនិងខ្មៅ៖